ក្រសួង​​កំពុង​​ស្វែងរក​​ជន​បរទេស​២​នាក់​​ដែល​​វិជ្ជមាន​​កូ​វីដ១៩​ហើយ​​មិន​ទៅ​​ព្យាបាល​

ពលរដ្ឋ​ម្នាក់​ធ្វើដំណើរ​តាមផ្លូវ​មួយ​កន្លែងនៅ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ស្វែងរក​ជនបរទេស​ចំនួន២នាក់ ដែល​គេចខ្លួន​មិនព្រម​ទៅ​ព្យាបាល បន្ទាប់ពី​ធ្វើតេស្ត​រក​ឃើញ​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ១៩។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ប្រាប់​ វី​អូ​ឌី ​នៅ​ថ្ងៃនេះ​ថា ជនបរទេស​ទាំងពីរ​នាក់ ជា​ស្ត្រីជន​ជាតិ​វៀតណាម​ម្នាក់ និង​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​អ្នក​ទាំង២បាន​ទៅ​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ១៩ កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រីបញ្ជាក់​ថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​រុករក​អ្នកជំងឺ​ទាំង២នាក់​នោះ ខណៈ​អាសយដ្ឋាន​ដែល​ពួក​គេដាក់​មក​មិន​ជាក់លាក់។ 

លោក​ថា៖ «អត់​ដឹង បើ​ដឹង​រក​ឃើញ​បាត់​ហើយ មក​ពី​មិនដឹង​ហ្នឹង។ គាត់​ដាក់​តែ​ភ្នំ​ពេញ​ៗ អាសយដ្ឋាន​អ៊ីចឹង [គាត់​ដាក់​អាសយ​ដ្ឋាន​] កុហក​ គេ​រក​មិនឃើញ មិនដឹង​គាត់​ទៅ​កន្លែងណា [ឥលូវ​]អាជ្ញាធរ​កំពុង​រក​ហើយ»។ 

អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មានប្រសាសន៍​ថា លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ឡើយ។

លោក​ថា៖ «ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង ព័ត៌មាន​ខ្លះ​យើង​មិនទាន់​ទទួល​បាន ឬក៏​ម៉េច​អ៊ីចឹង បានឱ្យ​សួរ​ទៅ​ក្រសួងសុខាភិបាល​បាន​ច្បាស់ រកបាន រក​ឃើញ​ម៉េច គាត់​ដឹង​បាន ព្រោះ​ធម្មតា​រាល់​ព័ត៌មាន​ទាំងអស់​ទាក់ទង​បញ្ហា​ហ្នឹង អ្នកនាំពាក្យ​ក្រសួងសុខាភិបាល គាត់​ដឹង​ទាំងអស់»។

វី​អូ​ឌី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពីអ​ភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បានទេ។

ប៉ុន្តែលោក ស ថេត បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បញ្ជា​ទៅ​កម្លាំង​ប្រចាំការ​តាម​គោលដៅ​ព្យាបាលនិង​គោលដៅ​កំពុង​ធ្វើ​ចត្តាឡីស័​ក ជាពិសេស​កងកម្លាំង​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ដើម្បី​រក្សា​ការពារ​សន្តិសុខនិង​សណ្តាប់​ធ្នាប់​តាម​ទីតាំង​ទាំងនោះ​ឱ្យ​បាន​ល្អ និង​ត្រូវតែ​ចូលរួម​បង្ការនិង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វីដ១៩។ 

លោក​បន្ថែម​ថា ក្នុងករណី បើ​មាន​អ្នក​អុកឡុកឬបង្ក​បញ្ហា​មិន​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាមច្បាប់ ហើយ​ចំពោះ​ជនបរទេស​ដែល​បង្ក​បញ្ហា នឹង​ចាប់​បញ្ជូន​ទៅ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ ដោយ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា។

លិខិត​របស់​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ចេញ​កាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ​ដែល​ចុះហត្ថលេខា​ដោយ លោក កែន សត្ថា ឱ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​ឱ្យ​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គលដែល​មិន​អនុវត្ត​ទៅតាម​វិធានការ​សុខាភិបាល​ចំពោះ​ការ​ធ្វើ​ចត្តាឡីស័​ក បុគ្គល​គេចវេះ​មិនព្រម​ចូល​សម្រាក​ព្យាបាល ឬមិន​សហការ​ផ្ដល់​ការ​សម្ភាស និង​ទីតាំង​ដែល​មិន​សហ​ការ​ផ្ដល់​ព័ត៌មាន​ការស្រាវជ្រាវ និង​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ បន្ថែម​ពី​អនុក្រឹត្យ ស្តី​ពី វិធាន​ការ​ចត្តាឡីស័​កដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ 

លិខិត​របស់​ទី​ស្តី​ការគណៈរដ្ឋមន្ត្រី បន្ត​ថា ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាពការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ក្នុង​សហគមន៍ ​រដ្ឋាភិបាលអនុញ្ញាត​ឱ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ទៀត​ចំពោះ​បុគ្គល​និង​ទីតាំង​ដែល​មិន​សហការ ក្នុង​នោះ ចំពោះ​ជនបរទេសត្រូវ​បណ្ដេញចេញ​ពី​ប្រទេស​កម្ពុជា និង​ហាមចូល​ប្រទេស​សារ​ជាថ្មី។ ចំពោះ​ជនជាតិ​ខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវច្បាប់ ហើយ​ចំពោះ​ទីតាំង​វិញ ត្រូវ​ដកហូត​អាជ្ញាបណ្ណនិង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​តែម្ដង។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គឹម​អេង ចាត់ទុក​ការស្វែងរក​ជនបរទេស​មិនឃើញ​ថាជា​ហានិភ័យ​សម្រាប់​កម្ពុជា។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ធ្វើការ​ផ្សព្វផ្សាយឬបង្ហាញ​អត្តសញ្ញាណ​ជនបរទេស​ទាំងពីរ​នាក់ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង។

លោក​ថា៖ «ជា​ចំណុច​ខ្វះចន្លោះ​របស់​អាជ្ញាធរ ដែល​យើង​មាន​អាសយដ្ឋាន លេខ​ទំ​ទាក់​ទំនង​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជូន​គាត់​ នេះ​ជា​បញ្ហា​មួយ​សំខាន់។ នេះ​ជា​រឿង​មួយ​ដែល​អាច​មានផល​លំបាក​សម្រាប់​អ្នក​ដែល​វិជ្ជមាន​ហើយ​យើង​រក​មិនឃើញ​ គឺ​មាន​បញ្ហា​ធំ​ហើយ»។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​ចាប់តាំងពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍២០កុម្ភៈ មាន​ចំនួន២៣៤នាក់​ហើយ។ ដោយឡែក ចំពោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​នៅ​កម្ពុជា​វិញ ក្រសួង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មាន​ចំនួន៧៤១នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​ ចំនួន៤៧៧នាក់ និងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ចំនួន២៦២នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ