ជប៉ុន​​ផ្តល់​​ជំនួយ​​ជិត​៣​លាន​​ដុល្លារ​ដល់ MRC ដើម្បី​​តាម​ដាន​និង​​ព្យាករ​កម្រិត​​ទឹក​ទន្លេ​​មេគង្គ​​

នាយក​ប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋាន MRC លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា និង ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ឡាវ លោក កៃ​ហ្សូ តា​កេវា​កា (Keizo Takewaka​) ក្នុងពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ពី​ប្រទេស​ជប៉ុន​ដល់ MRC ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​លេខាធិការ​ដ្ឋាន MRC ក្នុង​ទីក្រុង​វៀង​ចន្ទ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (mrcmekong.org​)

រដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា២,៩លាន​ដុល្លារ​អាមេរិកបន្ថែម​ទៀតដល់​គណៈកម្មការ​ទន្លេមេគង្គ (MRC​) ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​របស់​ខ្លួន សំដៅលើ​កកម្ពស់​ការងារ​តាមដាននិង​ព្យាករ​កម្រិត​ទឹកទន្លេ​មេគង្គ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ MRC នៅ​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យ​ដឹង​ថា ការ​ផ្ដល់​ជំនួយ​បន្ថែម​របស់​ជប៉ុនដល់ MRC នេះ ធ្វើឡើង​សម្រាប់​រយៈពេល៤ឆ្នាំ ដោយ​គិត​ចាប់ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៤ ដោយ​រពឹង​ថា ថវិកា​នេះនឹង​ជួយ​បង្កើន​សមត្ថភាព​តាមដាននិង​វាយតម្លៃ​បរិស្ថាន​ទន្លេ និង​សម្រប​ទៅ​នឹង​ការប្រែប្រួល​ជាទូទៅរបស់ MRC និង​ប្រទេស​ជាស​មា​ជិ​ករបស់​ខ្លួន រួមមាន ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម។ 

នាយក​ប្រតិបត្តិ​នៃ​លេខាធិការ​ដ្ឋាន MRC លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា បាន​គូសបញ្ជាក់​ក្នុង​ពិធី​ចុះហត្ថលេខាដែល​បាន​ប្រារព្ធ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​លេខាធិការ​ដ្ឋាន MRC ក្នុង​ទីក្រុង​វៀង​ចន្ទ នៅ​ថ្ងៃនេះ​ថា ថវិកា​ជំនួយ​ថ្មីនេះ គឺ​ផ្តល់​ចំកន្លែង​ស្នូល​នៃ​បញ្ហា​ដែល​តំបន់​ជួបប្រទះ ហើយ​រំពឹង​ថានឹង​ត្រូវ​ប្រឈម​នា​ពេល​អនាគត។ 

សេចក្តី​ប្រកាស​ព័ត៌មានបញ្ជាក់​ថា ជំនួយ​ថ្មី​ទាំងនេះគឺជា​ជំនួយ​បន្ថែម​លើ​ថវិកា៣,៩លាន​ដុល្លារ​អាមេរិក ដែល​ប្រទេស​ជប៉ុនបាន​ផ្តល់​ដល់ MRC កាលពី​ឆ្នាំមុន ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ព្យាករណ៍​ទឹកជំនន់និង​ភាពរាំងស្ងួត។

MRC បន្ត​ថា កន្លងមក ជប៉ុន​បាន​ផ្តល់​ថវិកា​ជំនួយ​ជាង២១លាន​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ដល់​ការគ្រប់គ្រង​ទឹកជំនន់និង​គ្រោះ​រាំងស្ងួត ប្រព័ន្ធ​ធារាសាស្ត្រ ការប្រែប្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​បរិស្ថាន។ 

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ស្រង់​ប្រសាសន៍ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​ឡាវ លោក កៃ​ហ្សូ តា​កេវា​កា (Keizo Takewaka​) ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា ថវិកា​បន្ថែម​នេះនឹង​ជួយ​បង្កើន​សមត្ថភាព​របស់ MRC ក្នុង​ការ​ផ្តល់​ឱ្យ​សាធារណ​ជននិង​ប្រទេស​ជាស​មា​ជិ​ករបស់​ខ្លួននូវ​សេវាកម្ម​តាមដាននិង​ព្យាករណ៍ទឹកទន្លេ​ឱ្យ​បាន​កាន់តែ​សុក្រឹត និង​មានប្រសិទ្ធភាព​ខ្ពស់​ជាង​មុន។ 

បើ​តាម MRC ទន្លេមេគង្គ និង​ដៃទន្លេ​នេះ បាន​ផ្តល់​របរ​ចិញ្ចឹមជីវិត សន្តិសុខ​ស្បៀង និង​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សម្បូរ​បែប​ដល់​ប្រជាជន​ប្រមាណ៧០លាន​នាក់ដែល​រស់នៅ​តាម​ដងទន្លេ​មេគង្គ​ក្រោម ខណៈ​បញ្ហា​លំហូរ​ទឹក​ទាប​នៅ​ដងទន្លេ​មេគង្គ​ក្រោម កាលពី​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ បាន​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​តាម​ដងទន្លេ​មេគង្គ​ក្រោម​ទាំងអស់ រង​ផល​ប៉ះពាល់​ជាច្រើន ដែល​ក្នុង​នោះ​ជីវភាពរស់នៅ​របស់​ប្រជាជន​ត្រូវ​បាន​រំខាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ