ក្រុម​​មន្ត្រី​មន្ទីរ​​រៀប​ចំ​​ដែនដី​​ខេត្ត​​ប៉ៃលិន​ ស្នើ​​ទៅ​​ក្រសួង​​ឱ្យ​​ដក​​ប្រធា​ន​និង​​អនុ​ប្រធាន​​មន្ទីរ​​ចេញ​

មន្ត្រីមន្ទីររៀបចំដែនដីខេត្តប៉ៃលិន ធ្វើការគោរពទង់ជាតិនៅទីតាំងមន្ទីរ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តប៉ៃលិន)

​ក្រុម​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នៅ​ខេត្ត​ប៉ៃលិន ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូប​នី​យក​ម្ម និង​សំណង់ ដោះដូរ​តួនាទី​ប្រធានមន្ទីរ និង​អនុប្រធាន​មន្ទីរ​ទទួលបន្ទុក​សុរិយោដី​ខេត្ត ដោយ​ចោទ​ថា ​អ្នក​ទាំង២នាក់​នោះគ្មាន​សមត្ថភាព​ដឹកនាំ និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ។

ក្នុង​លិខិត​មួយ​ដាក់​ទៅ​ក្រសួង​រៀបចំ​ដែនដី កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែល ​វី​អូ​ឌី ​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ តំណាង​មន្ត្រី​រាជការ នៃ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន ចំនួន៩នាក់ បាន​រៀបរាប់​ថា ពួក​គេ​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​ប្រធានមន្ទីរ​រៀបចំ​ដែនដី​ខេត្ត លោក សូ សុ​ខុន និង​អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​សុរិ​យោ​ដី​ លោក កែវ សុវត្ថិ នោះ​ទេ ដោយសារ​ពួក​គេ​ពុំ​មាន​ជំនាញ​លើ​កិច្ច​កា​រសុរិ​យោ​ដី និង​ធ្វើការងារ​ប្រកាន់បក្ខពួក​និយម ខ្វះ​ការចូលរួម​មតិ មានការ​រើសអើង និង​ប្រើប្រាស់​ថវិការដ្ឋ​មិន​ចំ​គោលដៅ​ ជាដើម។ 

អនុប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​ នគរូបនីយកម្ម និងសំណង់ និង​ភូមិបាល​ នៅ​ស្រុក​សាលាក្រៅ លោក នួន ប៊ុ​នថុល ដែល​ចូលរួម​ផ្តិត​មេដៃ​ឱ្យ​មានការ​ដោះដូរ​តួនាទី​ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នោះ​ដែរ ប្រាប់ ​វី​អូ​ឌី នៅ​ថ្ងៃសុក្រ​នេះ​ថា អ្វី​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​មិន​ពេញចិត្តនិង​មិន​ទុកចិត្ត​លើប្រធាននិង​អនុប្រធាន​មន្ទីរ​ទាំងពីរ​រូប​នោះ ដោយសារតែ​ពួក​គាត់តែងតែ​គប់គិត​គ្នា​ចេញ​បណ្ណ​ខុសប្រក្រតី​ជូន​ពលរដ្ឋ និង​បាន​គប់គិតគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ ជាដើម។

លោក​បន្ថែម​ថា៖ «ដោយសារតែ​ទង្វើ​ពួក​គាត់​ធ្វើខុស​ច្រើន​ហ្នឹងហើយ បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​គាត់​ផុសផុល​ផ្តិត​មេដៃ​តវ៉ា​ហ្នឹង ដើម្បី​អី​? គឺ​មិន​ចង់ឱ្យ​វា​ខុស​ធ្ងន់​ទៅៗ ហើយក៏​មិន​ចង់ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ហ្នឹង​ទៅ​រងគ្រោះ រង​សម្ពាធ ដោយសារតែ​ថ្នាក់ដឹកនាំ​បន្សល់ទុក​ឱ្យ​ហ្នឹង​ទេ។ ហើយ​អ្នក​ដែល​រងគ្រោះ​ជាងគេគឺ​ពលរដ្ឋ​ហ្នឹងឯង ដោយសារ​គាត់​ទទួល​បាន​ដី​ទទួល​បាន​បណ្ណ​មិន​ត្រឹមត្រូវ»។

ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូប​នី​យក​ម្ម និង​សំណង់​ខេត្ត​ប៉ៃលិន លោក សូ សុ​ខុន និង​អនុប្រធាន​មន្ទីរ​ទទួល​បន្ទុក​សុរិ​យោ​ដី លោក កែវ សុវត្ថិ មិន​អាច​សុំ​ការ​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​នេះ​បានទេ ដោយ​ទូរសព្ទ​ចូល​គ្មាន​អ្នកទទួល។

កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គនាយក​រដ្ឋបាល នៃ​ក្រសួង​រៀបចំ​ដែនដី បាន​ស្នើសុំ​យោបល់​ពីលោក ជា សុ​ផា​រ៉ា ដើម្បី​ចុះ​ពិនិត្យនិង​ស៊ើបអង្កេត​ទៅលើ​ថ្នាក់ដឹកនាំ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ប៉ៃលិន ដែល​កំពុង​រង​បណ្តឹ​ងនេះ។

វី​អូ​ឌី មិន​អាច​សុំ​ការឆ្លើយតប​ពីរ​ដ្ឋ​មន្ត្រី​ លោក​ ជា សុ​ផា​រ៉ា និង​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ ​បានទេ​ នៅ​ថ្ងៃនេះ។

ពាក់ព័ន្ធ​ករណីនេះ នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត បាន​ស្នើ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ទៅលើ​ករណីនេះ​ឱ្យ​ច្បាស់លាស់។ លោក​ថា ប្រសិនបើ​រក​ឃើញថា​មានការ​ជាប់ពាក់ព័ន្ធដូច​ការ​លើកឡើង​របស់​មន្ត្រី​ថ្នាក់ក្រោម​មែន ក្រសួង​គួរ​​ចាត់វិធានការ​តាមផ្លូវ​ច្បាប់។

លោក​បន្ថែម​ថា៖ «រដ្ឋាភិបាលត្រូវតែ​អនុវត្ត​ផ្លូវច្បាប់ ជាពិសេស​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាលទៅលើ​ការអនុវត្ត​អភិក្រម​ទាំង៥។ ប្រសិន​រក​ឃើញ​មន្ត្រី​ណាដែល​គាត់​ចូល​ចំណុច​ណាមួយ​ ត្រូវ​យក​អភិក្រម​ទាំង៥ហ្នឹងមក​អនុវត្ត​ពីលើ​ច្បាប់​ទៀត ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​មន្ត្រី​ហ្នឹងគឺជា​អ្នកបម្រើ​រាស្ត្រ ជា​អ្នក​ផ្តល់​សេវា​ឱ្យ​រាស្ត្រ ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​ផុត​ពី​អំពើពុករលួយ បក្ខ​ពួក​និយម និង​ភាព​មិន​ប្រក្រតី​ផ្សេង​ៗទៀត»។

បើ​តាមលោក អំ សំអាត កន្លងមក រដ្ឋាភិបាល​ធ្លាប់​ចាត់វិធានការ​ផ្លូវច្បាប់ទៅលើ​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​យក​ម្ម និង​សំណង់ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ ក្រោយ​មា​នប​ណ្តឹង និង​ស៊ើបអង្កេត​រក​ឃើញ​មាន​កំហុស។

កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួនប្រធាន និង​មន្ត្រីមន្ទីរ​រៀបចំ​ដែនដី​ខេត្តពោធិ៍សាត់ ​ចំនួន៣នាក់​ផ្សេងទៀត នៅ​ពន្ធនាគារ​ព្រៃស ជា​បណ្តោះអាសន្ន ដោយ​ចោទចំ​នួន៣បទល្មើស រួមមាន បទ​វិ​តិ​ក្រម​តាម​ក្រម​ព្រហ្មទណ្ឌ បទ​រំលោភ​អំណាច និង​បទ​សម្អាត​ប្រាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ