អាជ្ញាធរដកហូតអាជ្ញាប័ណ្ណខារ៉ាអូខេ២កន្លែងដោយថាលួចបើកដំណើរការ

សាលាខណ្ឌឬស្សីកែវ (រូបភាព៖ ហ្វេសប៊ុក សាលាខណ្ឌប្ញស្សីកែវ)

អធិការខណ្ឌឬស្សីកែវ បានឱ្យដឹងថា កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌបានចុះបង្ក្រាប ដកហូតយកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និងខារ៉ាអូខេ «រីករាយ២»  ដោយថា បើកដំណើរការអំឡុងពេលឆ្លងរាលដាលមេរោគកូវីដ១៩។​

អធិការនគរបាលខណ្ឌឬស្សីកែវ លោក ហ៊ាង ថារ៉េត ប្រាប់វីអូឌីនៅថ្ងៃនេះថា កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» និងខារ៉ាអូខេ «រីករាយ២» ដែលប្រែក្លាយទៅជាភោជនីយដ្ឋាន ហើយលួចបើកដំណើរការកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ (ព្រឹត្តការណ៍ សហគមន៍ ២០កុម្ភៈ) ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃ២៦ ខែកុម្ភៈម្សិលមិញ វេលាម៉ោង១០៖០០នាទីយប់ ។

ចំណែក នៅក្នុងកំណត់ហេតុរបស់ក្រុមចម្រុះគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ រវាងម្ចាស់អាជីវកម្ម កាល        ពីម្សិលមិញ បានឱ្យដឹងថា ម្ចាស់អាជីវកម្មពិតជាបើកដំណើរការជាភោជនីយដ្ឋានប្រែក្លាយពីខារ៉ាអូខេ ក្នុងកំឡុងពេលវិបត្តិកូវីដ ក្នុងសហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ប្រាកដមែន។ ករណីនេះ គណៈបញ្ជាការឯកភាពខណ្ឌសម្រេចដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មចាប់ពីថ្ងៃ២៦​ខែកុម្ភៈតទៅ។

ដោយឡែក ព័ត៌មានលម្អិតទាក់ទងនឹងមូលហេតុនាំឱ្យដកអាជ្ញាប័ណ្ណនោះ  លោក ថារ៉េត ឱ្យទៅសួរអភិបាលខណ្ឌឬស្សីកែវវិញ។

វីអូឌីមិនអាចសុំការបំភ្លឺពីអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បានទេនៅថ្ងៃនេះ។

តំណាងម្ចាស់អាជីវកម្ម ខារ៉ាអូខេ «អាត់ជួង» លោក រ៉ុម ប៊ុនធឿន មានប្រសាសន៍ថា កាលពីម្សិលមិញ ហាងរបស់គាត់បើកបានតែ២កញ្ចុះ ឱ្យភ្ញៀវ៤ទៅ៥នាក់ អង្គុយញាំអីនៅទីនោះមែន ប៉ុន្តែលោកថា ពួកគាត់មិនបានបើកខារ៉ាអូខេ (KTV) នោះទេ។

លោកថា អាជ្ញាធរខណ្ឌចុះបិទ និងដកហូតអាជ្ញាប័ណ្ណបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់បុគ្គលិកជិត៣០នាក់គ្មានការងារធ្វើ ហើយគ្មានប្រាក់ទ្រទ្រង់ជីវភាពជាដើម។

លោកមានប្រសាសន៍ថា៖ «ប៉ះពាល់ដល់បងប្អូនបុគ្គលិកដែលគាត់មកពីខេត្តឆ្ងាយធ្វើការ គាត់សង្ឃឹមកន្លែងទីតាំងយើង ក្រែងរកលុយបានថ្លៃបង់បន្ទប់ជួលខ្លះ ថ្លែងហុបចុកខ្លះ ឥឡូវចប់ហើយគ្មារកប្រាក់អ្វីបានទៀតទេ គេបិទនិងដកហូតអាជ្ញាប័ណ្ណ»។

វីអូឌី មិនអាចសុំការបំភ្លឺពីម្ចាស់អាជីវកម្មខារ៉ាអូខេ «រីករាយ២» លោក ភឿន សីហា បានទេនៅថ្ងៃនេះ។

តំណាងម្ចាស់អាជីវកម្ម ខារ៉ាអូខេ «អាត់ជួង» លោក រ៉ុម ប៊ុនធឿន បញ្ជាក់ថា នៅក្នុងហាងអាជីវកម្មទេសចរណ៍ ខារ៉ាអូខេ «អាត់ជួង» ដែលប្រែក្លាយទៅជាភោជនីយដ្ឋានកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ មានកញ្ចុះទទួលភ្ញៀវហូបចុក និងផឹកស៊ី មានចំនួន៨កញ្ចុះ និងមានបន្ទប់ខារ៉ាអូខេ (KTV) ចំនួន២០បន្ទប់ផងដែរ។

សារជាសំឡេងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្សព្វផ្សាយនៅយប់ថ្ងៃចន្ទទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បញ្ជាក់ថា ការឆ្លងរាលដាលនៅក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ មានលក្ខណៈធ្ងន់ធ្ងរជាងព្រឹតិ្តការណ៍«៣វិច្ឆិកា» និង «២៨វិច្ឆិកា» ឆ្នាំ២០២១។ ​ករណីនេះ លោកប្រកាសឱ្យបិទសាលារៀន ក្លឹបកំសាន្ត ភោជនីយដ្ឋាន ផ្សារទំនើប កោះពេជ្យ និងទីតាំងមួយចំនួនទៀតដែលពាក់ព័ន្ធនឹងព្រឹត្តិការ២០កុម្ភៈ ឆ្នាំ២០២១ មានប្រហែលជា៤០ទីតាំង។ នេះបើយោងតាមរបាយការណ៍នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ 

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦៦នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន២៨៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ