មន្ត្រីមីយ៉ាន់ម៉ាសុខចិត្តបាត់តំណែងនៅUNចេញមុខប្រឆាំងពួកយោធា

ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិលោក Kyaw Moe Tun លើកម្រាមដៃ៣ នៅពេលបញ្ចប់សារនៅក្នុងកិច្ចប្រជុំពិសេសនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉កថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១។ រូបពីរ៉យទ័រ

ឯកអគ្គរដ្ឋទូតរបស់មីយ៉ាន់ម៉ាប្រចាំនៅអង្គការសហប្រជាជាតិសុខចិត្តបាត់បង់តួនាទី និង ប្រឈមបញ្ហាផ្សេងៗទៀត  ដើម្បីចេញមុខប្រឆាំងតតាំងជាមួយពួកយោធាដែលធ្វើរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលដែលពលរដ្ឋបោះឆ្នោតឱ្យ។​

នៅក្នុងកិច្ចប្រជុំពិសេសមួយនៅអង្គការសហប្រជាជាតិ លើកឡើងពីស្ថានភាពនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៦ខែកុម្ភៈ លោក Kyaw Moe Tun ថ្លែងក្នុងកិច្ចប្រជុំនោះដោយលោកប្រកាសជំហរផ្ទាល់ខ្លួនថ្កោលទោសពួកយោធា ចំពោះទង្វើនៃការធ្វើរដ្ឋប្រហារដណ្តើមអំណាចនេះ។​

លោក Kyaw Moe Tun ថ្លែងថា វត្តមានរបស់លោកនៅអង្គការសហប្រជាជាតិគឺតំណាងឱ្យរដ្ឋាភិបាលស៊ីវិល មិនតំណាងឱ្យពួកយោធានោះទេ។​លោកបន្តថាការបោះឆ្នោតកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០គឺជាការបោះឆ្នោតប្រព្រឹត្តទៅដោយត្រឹមត្រូវហើយពួកយោធា បានបំពានច្បាប់ បំពានរដ្ឋធម្មនុញ្ញ និង ឆន្ទៈរបស់ប្រជាពលរដ្ឋ។​

លោក Kyaw Moe Tun ក៏បានលើកឡើងពីសកម្មភាពរបស់ពួកយោធាដែលបាន សម្លាប់ ធ្វើទារុណកម្មលើជនជាតិភាគតិច និងបទឧក្រិដ្ឋផ្សេងៗទៀតដែលសហគមន៍អន្តរជាតិមិនត្រូវអត់ឱនឱ្យនោះទេ។​

លោក Kyaw Moe Tun៖«ឥឡូវនេះដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ​មិនត្រូវទុកពេលបន្តទៀតឱ្យពួកយោធា បន្តប្រព្រឹត្តិបទឧក្រិដ្ឋអន្តរជាតិ បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ សហគមន៍អន្តរជាតិត្រូវបញ្ជាក់លើភាពច្បាស់លាស់ថា គ្មានទីតាំងណាទុកសម្រាប់ពួកយោធាធ្វើរដ្ឋប្រហារនោះទេ»។​

ចុងបញ្ចប់នៃសារលោក Kyaw Moe Tun បាននិយាយជាភាសាមីយ៉ាន់ម៉ា ហើយលើកដៃម្រាម៣ ជាសញ្ញាដែលពលរដ្ឋមីយ៉ាន់ម៉ាកំពុងតែធ្វើក្នុងពេលតវ៉ា។​

ក្រោយ១ថ្ងៃគឺនៅថ្ងៃទី២៧ខែកុម្ភៈ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានប្រកាសថា រដ្ឋាភិបាលបានសម្រេចបណ្តេញលោក Kyaw Moe Tun ចេញពីតួនាទី ដោយសារតែឯកអគ្គរដ្ឋទូតរូបនេះ បានធ្វើអំពើក្បត់ជាតិ។​

លោក Kyaw Moe Tun ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៧ខែកុម្ភៈថា លោកមិនរាថយទេ ដោយបន្តតតាំងជាមួយពួកក្រុមយោធាដល់ទីបញ្ចប់។​

លោក Kyaw Moe Tun៖«ខ្ញុំបានសម្រេចចិត្តហើយ សម្រេចតតាំងដល់ទីបញ្ចប់ តាមដែលខ្ញុំអាចធ្វើទៅបាន»។​

បើទោះជារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាប្រកាសបណ្តេញឯកអគ្គរដ្ឋទូតរូបនេះចេញពីតំណែងក៏ដោយ ប៉ុន្តែខាងអង្គការសហប្រជាជាតិបញ្ជាក់ថា ខាងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនទាន់មានការទាក់ទងជាផ្លូវការ ដើម្បីបញ្ជាក់ពីការផ្លាស់ប្តូរឯកអគ្គរដ្ឋទូតថ្មីនៅឡើយដូច្នេះ ឯកអគ្គរដ្ឋទូតបច្ចុប្បន្ននៅតែបន្តបំពេញការងារធម្មតាដដែល។​

អ្នកនាំពាក្យអង្គការសហប្រជាជាតិលោកStephane Dujarric៖« យើងនៅមិនទាន់ទទួលបានការទាក់ទងណាមួយ ដើម្បីផ្លាស់ប្តូរតំណាងរបស់មីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូយ៉កនៅឡើយ»។​

ចាប់តាំងពីយោធាធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈមកផ្ទុះការតវ៉ាពីប្រជាពលរដ្ឋទូទាំងប្រទេស ហើយនៅមិនទាន់មានប្រទេសឬអង្គការអន្តរជាតិណាមួយប្រកាសទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការធ្វើរដ្ឋប្រហារនេះនៅឡើយ។  ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ចាប់ផ្តើមដាក់ទណ្ឌកម្ម ចំណែកជប៉ុនប្រកាសឈប់ផ្តល់ជំនួយដល់មីយ៉ាន់ម៉ា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ