រដ្ឋា​ភិបាល​​គ្រោង​​បង្កើត​​ច្បាប់​​ស្ដី​ពី​​វិធានការ​​លើ​​ការ​​ឆ្លង​​រាល​ដាល​​ជំងឺ​​កូ​វីដ១៩

ក្រុមអាជ្ញាធរមានសមត្ថកិច្ច ដើរផ្សព្វផ្សាយសារចែករំលែកការយល់ពីជំងឺកូវីដ១៩ នៅម្ដុំស្ដុបបូកគោ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​រដ្ឋាភិបាល​កម្ពុជា បង្កើត​សេចក្តី​ព្រាងច្បាប់​ថ្មី ស្ដីពី វិធានការ​លើ​ករណី​រាលដាល​ជំងឺ​កូ​វីដ១៩និង​ជំងឺឆ្លង​ដទៃទៀត ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺឆ្លង​ទាំងនោះ។

សេចក្តី​ព្រាងច្បាប់​ថ្មីនេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា «ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត»។ 

សេចក្ដីប្រកាស​ព័ត៌មាន​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី លើកឡើង​ថា សេចក្ដីព្រាង​ច្បាប់​ថ្មីនេះត្រូវ​បាន​អនុម័ត​ដោយ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី កាលពី​ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ម្សិលមិញ​នេះ។

ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី បន្ត​ថា សេចក្ដីព្រាង​ច្បាប់​នេះកំណត់​ពីវិធានការ​សុខាភិបាល វិធានការ​រដ្ឋបាល និង​វិធាន​ការ​ផ្សេង​ៗទៀត ដែល​ត្រូវ​អនុវត្ត ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងទៀត ក្នុង​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត។

ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី កត់សម្គាល់​ថា៖ «សេចក្ដីព្រាង​ច្បាប់​នេះ សំដៅ​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្ដាប់ធ្នាប់​សាធារណៈ ព្រមទាំង​កាត់បន្ថយ​បាន​ជា​អតិបរមានូវ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សេដ្ឋកិច្ចនិង​សង្គម​កម្ពុជា»។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ឯក ថា មានប្រសាសន៍​ថា សេចក្ដីព្រាង​ច្បាប់​នេះត្រូវ​បាន​ស្នើ​ឡើង​ដោយ​ក្រសួងសុខាភិបាល។ ប៉ុន្តែលោក​បដិសេធ​មិន​ឆ្លើយ​សំណួរ​លម្អិត​លើ​សេចក្ដីព្រាង​ច្បាប់​នេះ​ឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន មានប្រសាសន៍​ថា សេចក្តី​ព្រាងច្បាប់​ថ្មីនេះមាន​សារៈសំខាន់​ចំពោះ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ប៉ុន្តែ​លោកស្រី​មិន​ពន្យល់​លម្អិត​ពី​កម្រិត​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​សេចក្តី​ព្រាងច្បាប់​នោះ​ទេ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា លោក​នឹង​ធ្វើអត្ថា​ធិប្បាយ​លម្អិត​ពី​ច្បាប់​នេះ​ទៅដល់​សាធារណ​ជននៅពេល​ដែល​សភា​អនុម័ត​រួច។

លោក ជិន ម៉ា​លីន មានប្រសាសន៍​ថា៖ «ច្បាប់​នេះ​ស្ថិតនៅ​សេចក្ដីព្រាង​នៅឡើយ នៅពេល​សភា​អនុម័ត​រួច​ នឹង​បកស្រាយ​អត្ថា​ធិប្បាយ​ជូន»។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េង​ឡុង ឱ្យ​ដឹង​ថា រដ្ឋសភាបាន​ទទួល​សេចក្ដីព្រាង​ច្បាប់​ស្ដីពី «វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត» នៅ​ព្រឹក​ថ្ងៃទី០១ ខែមីនា។ លោក​បន្ត​ថា រដ្ឋសភាគ្រោង​នឹង​បើក​កិច្ចប្រជុំ​អនុម័ត​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។

លោក ឡេង ប៉េង​ឡុង បញ្ជាក់​ថា៖ «រដ្ឋសភា​បាន​ទទួល​សេចក្ដីព្រាង​ច្បាប់​នេះ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ហើយនឹង​ដាក់​ជូន​សម្ដេច​ប្រធាន ​[រដ្ឋសភា​] ពិនិត្យ។ គណៈ​អចិន្ត្រៃយ៍ ពិនិត្យ​និង​សម្រេច​ក្នុង​សប្ដាហ៍​នេះ​តែម្ដង ព្រោះ​ច្បាប់​នេះ​ជា​កា​រប្រ​ញាប់»។

កាលពី​ខែកុម្ភៈកន្លងទៅ រាជរដ្ឋាភិបាល​កម្ពុជាបាន​ចេញ​អនុក្រឹត្យ​ចំនួន២រួច​ទៅ​ហើយ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ អនុក្រឹត្យ​ទាំង២នេះ រួមមាន អនុក្រឹត្យស្តី​ពី វិធាន​ការ​ចត្តាឡីស័​ក ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង អនុក្រឹត្យ​ស្ដីពីវិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់និង​ឆ្លើយតប​ការ​ឆ្លង​រាលដាល​ជា​អន្តរជាតិ​នៃ​ជំងឺឆ្លង​ទូទៅ​តាម​ច្រកចេញ​ចូល​ព្រំដែន។

អនុក្រឹត្យ​ទាំង២នេះចែង​អំពី​កាតព្វកិច្ច ការ​ដាក់ទោស​ទណ្ឌ និង​ការ​ផាកពិន័យ លើ​ជន​ដែល​អនុវត្ត​ផ្ទុយពី​ការណែនាំ​របស់ក្រ​សួង​សុខាភិបាលនិង​បទបញ្ជា​របស់​រដ្ឋាភិបាល។ អនុក្រឹត្យ​ទាំង២ ចែង​ពី​ប្រាក់ពិន័យ​មាន​ចាប់ពី ១ ០០០ ០០០ រៀល រហូតដល់ ៥០ ០០០ ០០០ រៀល​ទៅតាម​កម្រិត​នៃ​បទល្មើស។

នាយករង​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដ​ូ លោក អំ សំអាត មានប្រសាសន៍​ថា លោក​មិនទាន់​បានឃើញ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​ថ្មីនៅឡើយ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ជា​សា​ធា​រណៈ​នូវ​សេចក្ដីព្រាង​ច្បាប់​ថ្មី ដើម្បី​ធានា​ឱ្យ​មានការ​ចូលរួម​ផ្តល់​យោបល់​ពី​ប្រជាពលរដ្ឋ។

លោក​ថា៖ «ច្បាប់​កាលណា​ចេញទៅ​ហើយ គឺ​មាន​វិសាលភាព​នៃ​ការអនុវត្ត មាន​ភាព​តឹង​រ៉ឹង ដូច្នេះ​គួរតែ​មានការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សេចក្ដីព្រាង​នេះ ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកជំនាញ​នានា​ចូល​រូ​មមតិ​ប្រមូល​ធាតុផ្សំ​ឱ្យ​ច្រើន ឈាន​ទៅ​បង្កើត​ច្បាប់​ឱ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ»។

ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី បញ្ជាក់​ថា សេចក្ដីព្រាង​ច្បាប់ ស្តី​ពី «វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត» គឺជា​មូលដ្ឋាន​គតិយុត្តិ​គ្រប់ជ្រុងជ្រោយ ដើម្បី​ជួយ​ដល់​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ធ្ងន់ធ្ងរ​ដទៃទៀត។ សេចក្តី​ព្រាងច្បាប់​ថ្មីនេះ​មាន ៦ជំពូក ​និង ១៨មាត្រា ដែល​មាន​ចែង​អំពី​ទោសប្បញ្ញត្តិនានា​ផង។

ទោះជាយ៉ាងណា​ក្ដី កម្រិត​ទោសទណ្ឌ​ដែល​មាន​ចែង​ក្នុង​សេចក្ដីព្រាង​ច្បាប់​នេះ មិនទាន់​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​នៅឡើយ​ទេ។

កាលពី​ឆ្នាំ២០២០ កម្ពុជា​បាន​បង្កើត​ច្បាប់​មួយ​រួចហើយ គឺ​ច្បាប់​ស្តី​ពីការគ្រប់គ្រង​ប្រទេសជាតិ​ក្នុង​ភាព​អាសន្ន ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា ជា​ការចាំបាច់​ដើម្បី​ទប់ស្កាត់​ចលនា​នានាក្នុង​ពេល​ដែល​ប្រឈម​នឹង​វិបត្តិ​កូ​វីដ១៩។ ច្បាប់​នេះ​មាន​ចំនួន ៥ជំពូក និង ១២មាត្រា ដែល​មាន​ចែង​កម្រិត​ទោសទណ្ឌ​លើ​ជនល្មើស​ដែល​ប្រព្រឹត្តខុសច្បាប់​នេះ អាចជាប់ពន្ធ​នា​គារ​ពី ១ឆ្នាំ​ ដល់ ១០ឆ្នាំ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ