អាជ្ញាធរ​​ខេត្ត​កោះកុង​ ឱ្យ​​អ្នក​​ចាក់​​ដី​​រំលោភ​​ចូល​​ឆ្នេរ​សមុទ្រកាយ​ដី​​ចេញ​​វិញ​​បើ​​មិន​​ចង់​​ប្រឈម​​ផ្លូវ​ច្បាប់ ​

រូបភាព​បង្ហាញ​ពី​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច​«ពយ​តា​ឃុន» ស្ថិត​ក្នុង​ភូមិ​ព្រែកខ្សាច់ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង ដែល​បង្ហោះ​ជា​សាធារណៈ​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយ​គណនី​ហ្វេសប៊ុក Srey Chamroeun ។ (Screenshot​)

អាជ្ញាធរ​ខេត្តកោះកុង បាន​ដាក់កំហិត​រយៈពេល១ខែ​ឱ្យ​អ្នក​ដែល​ចាក់​ដី​រំលោភ​ចូល​ឆ្នេរសមុទ្រ ស្ថិតនៅ​ស្រុក​គិរីសាគរ កាយ​អាច​ម៍​ដី​ចេញ បើ​មិន​ដូច្នេះ​ទេ ​ពួក​គេ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់។ 

កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋ​បាន​រាយការណ៍និង​ផ្សព្វផ្សាយអំពី​សកម្មភាព​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ជាច្រើន​ហិ​កតា នៅ​ចំណុច «ពយ​តា​ឃួន» ស្ថិត​ក្នុង​ភូមិ​ព្រែកខ្សាច់ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ខេត្តកោះកុង។

អភិបាលរងខេត្ត​កោះកុង លោក សុខ សុទ្ធី ប្រាប់ ​វី​អូ​ឌី​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អ្នក​ដែល​ចាក់​ដី​ប៉ះពាល់​ឆ្នេរសមុទ្រ​នោះ ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​នោះ​ផ្ទាល់ មានឈ្មោះ ហួត ឃៀន, ហួត ង៉ែត និង​ឈ្មោះ ឈឹម ចាន់​ឌី។ លោក​បន្ត​ថា សកម្មភាព​ចាក់​ដី​ចូល​សមុទ្រ​នេះ ធ្វើឡើង​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ និង​បាន​ប៉ះពាល់​ឆ្នេរសមុទ្រ​ប្រហែល៦០០ម៉ែត្រ។

លោក សុខ សុទ្ធី បន្ថែម​ថា ក្រោយ​រក​ឃើញ​មាន​កំហុស អាជ្ញាធរ​សម្រេច​ឱ្យ​អ្នក​ចាក់​ដី​រំលោភ​ចូល​សមុទ្រ​នោះ ត្រូវ​កាយដី​ចេញ​វិញ​ឱ្យ​អស់ ដោយ​ទុក​រយៈពេល​យ៉ាង​យូរ៣០ថ្ងៃ។

លោក​បញ្ជាក់​ថា៖ «សរុប​មកវិញ គឺ​យើង​សម្រេច​ឱ្យ​គាត់​កាយ​អាច​ម៍ដី​ហ្នឹង​ចេញ​ពីចំណី​ឆ្នេរ​វិញ។ បើ​គាត់​មិន​ធ្វើតាម​ យើង​នឹង​ប្តឹង​ទៅ​តុលាការ»។

មេឃុំ​ព្រែកខ្សាច់ លោក រាម សា​រុំ ឱ្យ​ដឹង​ថា ពលរដ្ឋ​ទាំង៣នាក់​នោះបាន​ចាប់ផ្តើម​អនុវត្ត​កាយដី​នោះ​ចេញ​វិញ​ហើយ តាំងពី​ថ្ងៃទី២៧ ខែកុម្ភៈ រហូតមកដល់​ថ្ងៃនេះ។ លោក​ថា ប្រហែលជា៤ទៅ៥ថ្ងៃ​ទៀត អ្នក​ទាំងនោះ​នឹងអាច​កាយដី​ដែល​បាន​ចាក់​នោះ​ចេញ​វិញ​អស់ហើយ។

លោក​បញ្ជាក់​ថា៖ «ពួក​គាត់ ​[ពលរដ្ឋ​ទាំង៣នាក់​ដែល​ចាក់​ដី​] មិនបាន​ជូនដំណឹង​មក​ខ្ញុំ​មុន​ទេ បើ​ប្រាប់​មុន ​ខ្ញុំ​ប្រាប់​ទៅ​ពួក​គាត់​វិញ​ហើយ​ថាត្រូវ​ចាក់​ប៉ុណ្ណា​ពី​ឆ្នេរ តែ​នេះ​គាត់​មិនបាន​ប្រាប់​ខ្ញុំ​ទេ។ តាំងពី​ថ្នាក់​ខេត្ត​ គេ​ឱ្យ​កាយ​វិញ ឥលូវ​គាត់​កាយ​ជិត​រួចហើយ»។

វី​អូ​ឌី មិន​អាច​រក​ការ​ឆ្លើយតប​ពី​ពលរដ្ឋ​ទាំង៣នាក់ដែល​រង​ការ​ចោទ​ថា បាន​ចាក់​ដី​ប៉ះពាល់​ដល់​ឆ្នេរសមុទ្រ​នោះ​បានទេ។

មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​កាដ​ូ​ប្រចាំ​ខេត្តកោះកុង លោក ប៉ែន វុទ្ធា មានប្រសាសន៍​ថា ការដែល​អាជ្ញាធរ​ឱ្យ​កាយដី​ចេញ​វិញ ដោយ​ពុំ​មានការ​ដាក់​ពិន័យនិង​ចាត់វិធានការ​ច្បាប់​នេះ នឹង​មិន​អាច​ទប់ស្កាត់​ការរំលោភ​បំពាន​យក​ដីស​មុទ្រ​ពីសំណាក់​ជនខិលខូចឬអ្នកមាន​លុយ​មានអំណាច​បាន​ឡើយ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ឱ្យ​បាន​តឹង​រ៉ឹងចំពោះ​អ្នក​ដែល​ហ៊ាន​រំលោភ​យក​ដី​ឆ្នេរសមុទ្រ ដើម្បី​ព្រមាន​ទៅដល់​អ្នក​ផ្សេងទៀត និង​ធានា​ពី​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង​ឆ្នេរសមុទ្រ​សាធារណៈ​របស់​រដ្ឋ។

លោក​បន្ថែម​ថា៖ «បើ​អាជ្ញាធរ​នៅតែ​ប្រើ​វិធានការ​បែបហ្នឹង​ទៀត អ៊ីចឹង! អ្នកមាន​លុយ​មានអំណាច​នៅតែ​អាច​ប្រើ​រូប​ភាព​ផ្សេង​ៗ ដើម្បី​រំលោភ​យក​សម្បត្តិ​សាធារណៈ​របស់​រដ្ឋឬតំបន់ឆ្នេរធ្វើ​សម្បត្តិ​ឯកជន​ហើយ ពីព្រោះ​បើ​អាជ្ញាធរ​ដឹង ​គ្រាន់តែ​ឱ្យ​កាយដី​ចេញ​វិញ​ហ្នឹង អ៊ីចឹង​វិធានការ​ហ្នឹង វា​ហាក់ដូចជា​អត់មាន​ប្រសិទ្ធភាព»។

កាលពី​ខែធ្នូ ឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ទៅលោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង៤ ត្រូវការ​ពារ​តំបន់ឆ្នេរ​ឱ្យ​បាន​ពី​ការរំលោភ​បំពាន​យក​ដី​ជា​កម្មសិទ្ធិ ខណៈ​លោក​បារម្ភ​ថា បើ​តំបន់ឆ្នេរ​នៅតែ​រង​ការបំផ្លាញ នោះ​កម្ពុជា​អាច​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដកចេញ​ពី​សមាជិក​តំបន់ឆ្នេរ​ស្អាត​លើ​ពិភពលោក។ បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ឆ្នេរសមុទ្រ​កម្ពុជា មាន​ប្រវែង៤៤០គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន៤ រួមមាន ខេត្តកំពត កែប កោះកុង និង​ខេត្ត​ព្រះសីហនុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ