ក្រុមហ៊ុន ណាហ្គា ព្រម​​បិទ​ទ្វារ​បណ្តោះ​អាសន្ន ​ក្រោយ​រក​ឃើញ​ឆ្លង​កូវីដ​១៩​ជា​បន្ត​បន្ទាប់​

សួនច្បារមុខណាហ្គា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារនិងកាស៊ីណូនៅរាជធានី​ភ្នំពេញ​ ជាបណ្តោះ​អាសន្ន​​ដោយស្ម័គ្រចិត្ត បន្ទាប់ពី​រកឃើញករណីវិជ្ជមានកូវីដ១៩លើបុគ្គលិករបស់ខ្លួន​ជាបន្តបន្ទាប់ ខណៈតំណាងកម្មករនិយោជិតរបស់​ក្រុមហ៊ុនថា កា​រស​​ម្រេ​​ចនេះមានភាពយឺតយាវ។

ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១​ ក្រុមហ៊ុន ណាហ្គាខប បានលើកឡើង​ថា ការសម្រេចនេះធ្វើឡើង​ដើម្បីឆ្លើយតបព្រឹត្តិ​ការណ៍ស​ហគមន៍២០កុម្ភៈ និងករណីឆ្លងកូវីដ១៩លើបុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ចំនួន១១នាក់ ក្នុងចំណោមកម្មករនិយោជិតដែលបានធ្វើតេស្តសរុប​៣ ០០០នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។

ក្រុមហ៊ុននេះបន្ត​ថា៖ «ក្រុមហ៊ុនកំពុងមានវិធានការបន្ទាន់ប្រកបដោយទំនួលខុសត្រូវក្នុងការផ្អាកដោយស្ម័គ្រចិត្តនូវអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ​ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញឱ្យបានហ្ម​ត់ចត់ជាង​នេះនូវវិធានការបង្ការ​ការពាររបស់ខ្លួនដែលមានស្រាប់ដែលបានអនុវត្តកន្លងមក»។

តាមលិខិតដដែល ឱ្យដឹងថា ក្រុមហ៊ុននឹង​បាញ់ថ្នាំសម្លាប់មេរោគទូទាំងអគារ រួចនឹងបើកដំណើរការអាជីវកម្មឡើ​ង​វិញ បន្ទាប់ពីសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការជំងឺកូវីដ១៩ ក្រោមការផ្តល់ប្រឹក្សាយោបល់ពីក្រសួងសុខាភិបាល។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ការសម្រេចផ្អាកគួរតែធ្វើឡើងភ្លាមៗ​បន្ទាប់ពីករណីឆ្លងត្រូវបាន​រកឃើញជាលើកដំបូង ដោយមិនគួរទុករហូតដល់​ស្ថានភាពវិវត្តកាន់តែធ្ង​ន់​ធ្ងរនោះទេ។

កញ្ញា​ ស៊ីថរ និយាយថា ក្រុមហ៊ុនបានឱ្យបុគ្គលិកកម្មករបន្តធ្វើការនិងបើកទទួល​ភ្ញៀវ បើទោះជាដឹងថាមានករណីសង្ស័យកើតឡើង​លើភ្ញៀវដែលធ្លាប់មកស្នាក់នៅចំនួន​​៧ករណីនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ និងបានរកឃើញបុគ្គលិក២នាក់បានឆ្លងនៅពីរថ្ងៃ​បន្ទា​ប់​​។

កញ្ញាបន្ថែមថា ការបន្តបើកដំណើរការដូច្នេះ គឺនាំឱ្យមានចរន្តធ្វើដំណើរទៅមករវាងបុគ្គលិកនិងភ្ញៀវ រវាងអគារណា​ហ្គាវើលដ៍ទី​១និងទី២ ដែល​ចំណុចនេះ បុគ្គលិកទាំងអស់គួរតែត្រូវបានធ្វើតេស្ត ដើម្បីធានាសុវត្ថិភាពពីការចម្លង​មេរោគ។

កញ្ញានិយាយថា៖ «ប្រសិនជាមិនមានការធ្វើតេស្តបុគ្គលិកទាំងអស់ គឺកន្លែងហ្នឹងវានៅតែជាហានិភ័យនៅឡើយ គឺវាមិនទាន់ជាកន្លែងមួយដែលមានសុវត្ថិភាពដែលបុគ្គលិកអាចត្រឡប់ទៅធ្វើការវិញបាន ហើយឱ្យអតិថិជនទៅលេង​នៅកន្លែងហ្នឹងដោ​យ​មិនភ័យខ្លាច​ក្នុងការឆ្លងជំងឺទេ»

ប្រធានសហជីពដែលមានសមាជិក​ជាង៤ពាន់នាក់រូបនេះ បន្ថែមថា ក្រសួងសុខាភិបាលគួរចាត់វិធានការបិទអាជីវកម្មរប​ស់ក្រុមហ៊ុន​ជាបណ្តោះអាសន្ន ហើយ​ប្រមូល​បុគ្គលិកនិងអ្នកពាក់ព័ន្ធទាំងអស់ធ្វើតេស្ត ដូចដែលក្រសួង​បានអនុវត្តលើផ្សារទំ​នើប អ៊ីអន កន្លងមក ដោយមិនចាំបាច់​រង់ចាំ​ដល់ក្រុមហ៊ុនបិទដោយ​ខ្លួនឯងឡើយ។

កញ្ញា ឈឹម ស៊ីថរ ប្រាប់ថា៖ «ខ្ញុំរាងភ្ញាក់ផ្អើលដែរដែលគាត់ប្រើពាក្យថា​ស្ម័គ្រចិត្ត ព្រោះគាត់ប្រើពាក្យអញ្ចឹងវាហាក់បីដូចជាមើលឃើញថា រដ្ឋាភិបាលយើងហើយនិងក្រសួងសុខាភិបាលយើងហ្នឹងគាត់អត់មានតួនាទីអីទេ​ បានជាត្រូវចាំទាល់តែក្រុមហ៊ុន ណាហ្គាវើលដ៍ ​ស្ម័គ្រចិត្ត»។

កញ្ញាបន្តថា ការប្រគល់ការសម្រេចលើក្រុមហ៊ុនឯកជន អាចនឹងបង្កហានិភ័យខ្ពស់ដល់បុគ្គលិកកម្មករ និងរហូតដល់ប្រទេសជាតិ ដោយសារតែការចាត់វិធានការបង្ការនិងទប់ស្កាត់មិនបានទាន់ពេល ធ្វើឱ្យមេរោគឆ្លងរាលដាលកាន់តែធំ ពិបាកក្នុងការទប់ស្កាត់។

បុគ្គលិកក្នុងក្រុមសម្អាតម្នាក់ វ័យ៣៧ឆ្នាំ ដែលបានឆ្លងកូវីដ១៩ ប្រាប់ VOD កាលពីថ្ងៃម្សិលមិញ​ថា គាត់បានទៅធ្វើតេស្តនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ជាមួយបុគ្គលិកដទៃទៀត ហើយទទួ​លបានល​ទ្ធផលវិជ្ជមាននៅថ្ងៃបន្ទាប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ​។

បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ រាប់ពាន់នាក់ បានធ្វើពហិកាមិនចូលធ្វើការ បន្ទាប់ពីកើតមានករណីឆ្លងក្នុងចំណោម​បុគ្គលិកធ្វើការនៅអគារកាស៊ីណូ និងសណ្ឋាគារសាខាទី២ ក្នុងរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។

បើតាមសេចក្តីថ្លែងការណ៍​របស់សហជីព​តំណាង​ឱ្យ​​បុគ្គលិកក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា ការធ្វើពហិកាគឺដើម្បីបញ្ចៀសហានិភ័យពីការឆ្លងជំងឺ និងទាមទារឱ្យក្រុមហ៊ុនបាញ់ថ្នាំសម្លាប់មេរោគក្នុងអគារទាំង២ទីតាំង រួចធ្វើតេស្តបុគ្គលិកទាំងអស់​ជាមុនសិន មុននឹ​ង​ពួកគេចូលធ្វើការវិញ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធនឹង​វិធានការលើអគារណាហ្គាវើលដ៍បានទេ នៅរសៀលថ្ងៃអង្គារ​នេះ។

បើ​តាម​ក្រសួងសុខាភិបាល គិត​ចាប់តាំង​ពី​ថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍សហគមន៍​២០កុម្ភៈ មាន​ចំនួន៣៤០នាក់​ហើយ។

ដោយឡែក ចំពោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​សរុប​នៅ​កម្ពុជា​វិញ ក្រសួង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ មាន​ចំនួន៨៤៤​នាក់ ក្នុង​​នោះ អ្នកជា​សះស្បើយចំនួន៤៧៨​នាក់ និងអ្នកកំពុងសម្រាកព្យាបាល​ចំនួន៣៦៦​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ