អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បូម​ទឹក​បញ្ចូល​ស្ទឹង​មង្គល​បុរី​ដែល​រីង​ព្រោះ​ធ្វើ​ស្រែ​ហួស​កំណត់​

ស្ថានភាពទឹកស្ទឹងមង្គលបូរីដែលកំពុងតែរីងស្ងួតជិតដល់បាតស្ទឹង ស្ថិតនៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចាប់ផ្តើមបូមទឹកពីប្រភពនានាបញ្ចូលទៅក្នុង«ស្ទឹងមង្គលបូរី»ដែលអាជ្ញាធរអះអាងថាបានរីងដោយសារតែការ​ធ្វើស្រែប្រាំងលើសពីការកំណត់។

អភិបាល​ស្រុក​មង្គលបូរី លោក រ័ត្ន ដាស៊ីណង់ មានប្រសាសន៍នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១នេះថា ទឹកស្ទឹងមង្គល​បូរី បានប្រឈមនឹងការរីងទឹកជាថ្មីទៀត ដោយសារតែប្រជាពលរដ្ឋមួយចំនួនធ្វើស្រែប្រាំងច្រើន​ហួសផែនការ​កំណត់។

លោកថា៖ «កាលពីមុន ប្រជាពលរដ្ឋធ្វើស្រែធម្មតា តែមួយរដូវ ដល់ឥលូវពួកគាត់បានចាប់ផ្ដើមធ្វើស្រែប្រាំង ហើយ​មួយ​ឆ្នាំធ្វើស្រែរហូតទៅបីដង […] ប្រជាពលរដ្ឋគេគ្រោងឱ្យធ្វើតែ ១០ ០០០ហិកតាហ្នឹង ហើយ​គាត់ធ្វើ​ឡើង​ ៣០ ០០០ ​ហិកតា បានទឹកមកពីណា? ម៉េច​ថារឿងអីមិនយកចិត្តទុកដាក់នោះ»។

ទោះយ៉ាងណា លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់នៅថ្ងៃនេះ ក្នុងទំព័រហ្វេស​ប៊ុករបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ​ថា អាជ្ញាធរ​ខេត្តនិងមន្ត្រីជំនាញធនធានទឹក បាន​អន្តរាគមន៍បូមទឹកពីប្រភពផ្សេងៗ ស្របពេលដែល​​ទឹកស្ទឹងបវិល ខេត្តបាត់ដំបង ក៏បាន​ហូរ​មក​ជាមួយគ្នាទៅកាន់ស្ទឹងមង្គលបូរីនេះផងដែរ។

ក្រៅពីនោះ លោកថា អាជ្ញាធរស្រុកក៏បានជួយ​ជីកអណ្តូងនិង​ស្វែងរកប្រភពទឹកផ្សេងៗដើម្បីជួយដោះស្រាយ​បញ្ហាខ្វះទឹកជូនដល់ប្រជាពលរដ្ឋផងដែរ។

ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម ត្រូវបាន​ស្រង់​ប្រសាសន៍មកផ្សព្វផ្សាយ​​ក្នុង​ទំព័រ​ហ្វេស​​ប៊ុករបស់​រដ្ឋបាលខេត្តដែរថា មន្ត្រីពាក់ព័ន្ធបាន​រៀបចំស្ថានីយបូមទឹកថ្មីមួយកន្លែង​នៅចំណុចសង្កាត់​អូរ​អំបិល ក្រុងសិរីសោភ័ណ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បូមទឹក​ធំៗចំនួន៣គ្រឿង ដើម្បីនាំយក​ទឹកបង្ហូរ​​​ទៅ​ស្ទឹង​មង្គល​បូរី​នេះ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។

អភិបាលខេត្តបន្ទាយមានជ័យ លោក ​អ៊ុំ រាត្រី ដែលបានចុះទៅពិនិត្យស្ថានភាពទឹកស្ទឹងមង្គលបូរីនៅថ្ងៃនេះ ក៏​បាន​ណែនាំទៅមន្ត្រីជំនាញ ពន្លឿនការងារបូមទឹកនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ​ផងដែរ។ ក្រៅពីនោះ លោកបានណែនាំទៅអាជ្ញាធរ​ឃុំ-ស្រុក ជួយការពារប្រភពទឹកនេះ ដោយ​ចៀសវាង​កុំឱ្យ​មាន​ការ​បង្ក​បង្កើនផលស្រូវប្រាំងបន្ថែមទៀត ខណៈប្រភពទឹក​នេះទុក​ប្រើ​សម្រាប់​​តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ​តែប៉ុណ្ណោះ ព្រោះរដូវប្រាំងនៅបន្តអូសបន្លាយរយៈពេលច្រើនខែទៀត។​

ប្រជាពលរដ្ឋរស់នៅក្នុងភូមិ-ឃុំ​គយម៉ែង ស្រុក​មង្គលបូរី លោក ហួត តាំ បាន​ប្រាប់ វីអូឌី នៅថ្ងៃអង្គារម្សិល​មិញថា ទឹកស្ទឹង​មង្គលបូរី បានរីងស្ងួតអស់រយៈពេលជិតកន្លះខែមក​ហើយ ហើយ​នៅតែប្រមាណមួយសប្តាហ៍ទៀត អាចនឹងរីងស្ងួត​ដល់​បាតស្ទឹងតែម្តង ប្រសិនបើមិនមានការអន្តរាគមន៍ជួយដោះស្រាយទេនោះ។ លោក​បន្តថា ទឹកស្ទឹងរីងស្ងួតនេះបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួបបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃ និងត្រូវចំណាយប្រាក់ដើម្បីទិញទឹកយកមកប្រើប្រាស់​ជាដើម។

លោកនិយាយថា​៖ «កាលពីដើម ទឹកស្ទឹងយើងនៅមាន ប្រជាពលរដ្ឋយើងងាយស្រួលក្នុងការបានទឹកប្រើប្រាស់ ដល់ឥលូវ [ពីរបីឆ្នាំចុង​ក្រោយ​​] រីងអស់ហើយ វាក៏យ៉ាប់ដែរ ត្រូវទិញទឹក​គេប្រើ […] ចំពោះបញ្ហាទឹកដែលត្រូវទិញយកមកប្រើប្រាស់ ក៏មានតម្លៃថ្លៃ ដែលតម្លៃក្នុងមួយស៊ីទែនមានចាប់ពី ២០ ០០០ រៀល ទៅ ២៥ ០០០រៀល​​ ក្នុងចំណុះ ២០០០លីត្រ»។

បើតាមលោក ហួត តាំ មូលហេតុដែលទឹកស្ទឹងមង្គលបូរីរីងស្ងួតបណ្តាល​ឱ្យ​ខ្វះខាតទឹកប្រើប្រាស់​នេះ ដោយសារកត្តាប្រជាពលរដ្ឋធ្វើស្រែប្រាំងច្រើនពិតមែន។​

មេឃុំគយម៉ែង លោក ឡា រស្មី មានប្រសាសន៍ថា ក្នុង​ស្រុកមង្គលបុរី​នេះ មិនមាន​ប្រភពទឹក​ឬអាងស្តុកទឹកនោះទេ គឺមានតែប្រភពទឹកស្ទឹងមង្គលបុរីនេះប៉ុណ្ណោះ។

លោកថា៖ «អត់មានប្រភពទឹកឬអាងទឹកសម្រាប់ស្តុបសម្រាប់បញ្ចេញ​ទៅធ្វើស្រែប្រាំងទេ ដូចថា មន្ទីរធនធានទឹក គេថា ឱ្យ[ពលរដ្ឋនៅ​]មង្គលបុរីធ្វើស្រែប្រាំង​​តែ ២០០ ០០០ហិកតា អ៊ីចឹងអាចថាសំយោគសម្រាប់ទឹកស្ទឹងទៅប៉ុណ្ណឹង។ វាអាច បងប្អូនបង្កបង្កើនផលបានហើយ នឹង​អាច​​សល់ទឹកប្រើប្រាស់»។

ប្រធាន​សម្ព័ន្ធសហគមន៍កសិករ​កម្ពុជា លោក​ ថេង សាវឿន ធ្លាប់មានប្រសាសន៍​ថា បើសិនជាស្ថាប័នពាក់ព័ន្ធ ជាពិសេស​មន្ទីរធនធានទឹកខេត្ត​ មិនជួយអន្តរាគមន៍រឿងនេះ​​ឱ្យបានទាន់ពេលវេលាទេ នឹងធ្វើឱ្យប្រជាពលរដ្ឋរង​គ្រោះកាន់តែធ្ងន់ធ្ងរចំពោះបញ្ហាខ្វះទឹកនេះ។

លោកមានប្រសាសន៍ថា៖ «កាលណាអត់មានទឹកសម្រាប់ដាំដុះហើយ គាត់បាត់បង់មុខរបរ ធ្វើឱ្យពួកគាត់ធ្លាក់ខ្លួនក្រីក្រ មិនមានមុខរបរ មិនមានប្រាក់ចំណូលហូបចុក ទាំងអាហារទៀត អាចប្រឈមខ្លាំង ហើយនៅពេលអត់មានមុខរបរ អត់មានចំណូលនៅក្នុងសហគមន៍ គាត់នឹងចំណាកស្រុក នៅពេលគាត់ចំណាកស្រុក រងការកេងប្រវ័ញ្ចផ្សេងៗទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ