មេ​ខ្យល់​​ជាង​១០០​នាក់​ត្រូវ​​អាជ្ញាធរ​​ចាប់​​បញ្ជូន​​ទៅ​​តុលាការ​ ពាក់ព័ន្ធ​​នឹងការ​​​នាំ​​ពលករ​​ឆ្លងដែន​​ខុស​ច្បាប់​​

អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យ​នៅ​ទីតាំង​ដែល​បាន​រៀបចំ​ទុក​យាមកាម​និង​ទប់ស្កាត់​ការ​ឆ្លង​ចូល​របស់​ប្រជាពលករ​មក​ពី​ប្រទេស​ថៃ ដោយ​មិនបាន​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័​កស្របតាម​វិធានការ​សុខាភិបាល នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ ស្នងការ​ដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​)

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឱ្យ​ដឹង​ថា ក្រោយ​ការ​រឹត​បន្តឹង​ច្រករបៀង​តាម​ព្រំដែន​រយៈពេល​ជាង២សប្តាហ៍​មកនេះ សមត្ថកិច្ចបាន​ចាប់​បញ្ជូន​ខ្លួន​មេខ្យល់​ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ជាង១០០នាក់បញ្ជូន​ទៅ​តុលាការ និង​ពលករ​ប្រមាណ១៤០០នាក់ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័​ក ដើម្បី​តាមដាន​សុខភាព។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ឱ្យ​ដឹង​នៅ​ថ្ងៃអង្គារ​នេះ​ថា អ្នក​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួនភាគច្រើន​ជា​អ្នក​ដែល​ឆ្លងដែន​ខុសច្បាប់​មក​ពី​ប្រទេស​ថៃ ខណៈ​អ្នក​ឆ្លងដែន​តាម​ច្រកព្រំដែន​ជាប់​ប្រទេស​វៀតណាម​មាន​តិចតួច​ប៉ុណ្ណោះ។ 

លោក​ថា៖ «មេខ្យល់​យើង​ឃាត់ខ្លួន​បាន​ជាង១០០នាក់ អានេះខ្ញុំ​គិត​ចាប់ពី​ថ្ងៃទី១៣កុម្ភៈ​មក»។

កាលពី​ខែមុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ពង្រាយ​កងកម្លាំង​មានសមត្ថកិច្ច​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាប់​ប្រទេស​ថៃនិង​វៀតណាម ដើម្បី​ទប់ស្កាត់​កុំ​ឱ្យពលរដ្ឋ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេសឬវិល​ចូល​កម្ពុជា​វិញ ទាំង​មិនបាន​តាមដាន​សុខភាពឬធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ថ្ងៃអង្គារ​ម្សិលមិញ មនុស្ស​ចំនួន៣៤០នាក់​ហើយត្រូវ​បាន​រក​ឃើញថា​ឆ្លង​ជំងឺ​កូ​វីដ១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​កម្ពុជា​មាន​ចំនួន៨៤៤នាក់ ក្នុង​នោះអ្នកជា​សះស្បើយ​ចំនួន៤៧៨នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន៣៦៦នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ