នាយករដ្ឋមន្ត្រី ប្រាប់ទៅក្រសួងសុខាភិបាលរៀបចំចាក់វ៉ាក់សាំងកូវីដ១៩ជាបន្ទាន់ សម្រាប់ចាក់ឱ្យពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលមានអាយុលើសពី៦០ឆ្នាំ ដោយត្រូវផ្តោតសំខាន់លើអ្នករស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយទីតាំងទាំងនោះកំពុងមានការឆ្លងរាលដាលខ្លាំង។
ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តាមគម្រោង រដ្ឋាភិបាលនឹងរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ Astra Zeneca ចាក់ជូនប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
លោកថា៖ «អ្វីដែលគម្រោង និងអ្វីដែលជាការពិភាក្សាជាមួយក្រសួងសុខាភិបាល គម្រោងចាក់លើកនេះគឺមិនមែនជាការចាក់សម្រាប់តែមន្ត្រីនោះទេ ខ្ញុំសុំស្នើឱ្យក្រសួងសុខាភិបាលរៀបចំចាក់ជូនប្រជាពលរដ្ឋនិងមន្ត្រីមូលដ្ឋានដែលមានអាយុ៦០ឆ្នាំឡើងលើ ចាក់ក្នុងរូបភាពបន្ទាន់»។
លោកនាយករដ្ឋមន្ត្រីបន្តថា តាមការប៉ាន់ប្រមាណ ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋនិងមន្ត្រីមូលដ្ឋាននៅរាជធានី-ខេត្តចំនួន៣នេះ អាចប្រើវ៉ាក់សាំងប្រមាណ ២០០ ០០០ដូស ទៅ ២៦០ ០០០ដូស ទៅលើពលរដ្ឋនិងមន្ត្រីប្រមាណពី១០ម៉ឺនទៅ១៣ម៉ឺននាក់។
ក្រៅពីនោះ លោកក៏បានប្រាប់ទៅក្រសួងសុខាភិបាលឱ្យរៀបចំវ៉ាក់សាំងប្រឆាំងកូវីដ១៩ ប្រភេទ «ស៊ីណូហ្វាម» និង «អាស្ត្រាហ្សេណិកា» សម្រាប់ចាក់ជូនមន្ត្រីមួយចំនួន បូករួមជាមួយអ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ ស្ថាប័នហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលបរទេសនានា ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «ព្រោះយើងជាម្ចាស់ផ្ទះ ផ្តល់ការគួរសមដល់មន្ត្រីដែលជាដៃគូអភិវឌ្ឍន៍របស់យើង»។
បើតាមលោកនាយករដ្ឋមន្ត្រី គិតត្រឹមល្ងាចថ្ងៃពុធមិ្សលមិញ កម្ពុជាបានចាក់វ៉ាក់សាំងដល់មន្ត្រីរាជការស៊ីវិល កម្លាំងនគរបាល កងកម្លាំងក្រសួងការពារជាតិ និងអ្នកមានអាទិភាពមួយចំនួនទៀតបានប្រមាណជាង១២ម៉ឺន៥ពាន់នាក់។
វ៉ាក់សាំង«អាស្ត្រាហ្សឺណិកា»ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាង៣២ម៉ឺនដូស របស់អង់គ្លេស ដែលផលិតនៅប្រទេសឥណ្ឌា បានមកដល់កម្ពុជាកាលថ្ងៃអាទិត្យ។
ចំណែកវ៉ាក់សាំង«ស៊ីណូហ្វាម»ដែលផលិតនៅចិនចំនួន៦០ម៉ឺនដូស បានមកដល់កម្ពុជាតាំងពីខែមុន ហើយត្រូវក្រសួងសុខាភិបាលធ្វើយុទ្ធនាការចាក់ជូនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រុមគ្រូពេទ្យ អ្នកកាសែត និងមន្ត្រីរាជការ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈមក។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងបានត្រៀមរៀបចំទីតាំងរួចហើយសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ប៉ុន្តែសម្រាប់ដំណើរការចាក់ជូនប្រជាពលរដ្ឋទូទៅនៅរាជធានីភ្នំពេញ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។
លោកស្រីថា៖ «២៥រាជធានី-ខេត្ត មានអស់ហើយ។ រាជធានីភ្នំពេញ ក៏គេពង្រីករួចហើយដែរ ៩ទៅ១០កន្លែង»។
លោក ប៉ោ ចាន់ផល ដែលប្រាប់ថាបានប្រកបមុខរបរដឹកភ្ញៀវនៅភ្នំពេញជាង១០ឆ្នាំមកហើយ បាននិយាយថា លោកមានការត្រេកអរនៅពេលឮរដ្ឋាភិបាលប្រកាសដូច្នេះ ខណៈមុខរបរទទួលទានរបស់គាត់បច្ចុប្បន្នប្រឈមខ្លាំងទៅនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩នេះ។
ប៉ុន្តែបុរសអាយុ៥០ឆ្នាំរូបនេះហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការទៅទទួលយកវ៉ាក់សាំង ខណៈដឹងថា អាយុរបស់លោកមិនត្រូវនឹងលក្ខខណ្ឌអាចចាក់វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកបាន។
លោកថា៖ «វាសុទ្ធតែថ្នាំដូចគ្នាទេ ប៉ុន្តែចំណង់ចំណូលចិត្តរបស់លោកចង់ចាក់អាវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកដែលគេទទួលស្គាល់ហ្នឹងច្រើនជាង»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និយាយដែរថា ជាដំណឹងល្អមួយដែលរដ្ឋាភិបាលសម្រេចឱ្យពលរដ្ឋសាមញ្ញអាចចាក់វ៉ាក់សាំងដើម្បីការពារជំងឺសកលនេះដូចមន្ត្រីជាន់ខ្ពស់ដែរ ខណៈជំងឺនេះកំពុងតែវាយលុកនៅឡើយនោះ។
ប៉ុន្តែលោកថា ពលរដ្ឋមួយចំនួនដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរដូចជំងឺលើសឈាម ទឹកនោមផ្អែម និងបេះដូង ជាដើម ហើយមានអាយុក្រោម៦០ឆ្នាំ រួមទាំងរូបលោកផងនោះ នៅតែមិនអាចទទួលបានសេវាគាំពារសង្គមពីរដ្ឋាភិបាលបាន ដោយសារតែវ៉ាក់សាំង«ស៊ីណូហ្វាម»របស់ចិន មិនអាចចាក់បានទៅលើមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។
លោកថា៖ «ខ្ញុំមានជំងឺប្រចាំកាយ ខ្ញុំឡើងជាតិស្ករ និងទឹកនោមផ្អែម អ៊ីចឹងខ្ញុំអត់អាចទៅចាក់វ៉ាក់សាំង [ស៊ីណូហ្វាម] ហ្នឹងបានទេ ហើយខ្ញុំទើបនឹងអាយុ៤០ជាងហ្នឹង អ៊ីចឹងមានន័យថាអត់ដដែល»។
យ៉ាងណា លោកនាយករដ្ឋមន្ត្រីបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នពីការឆ្លងក្នុងសហគមន៍២០កុម្ភៈនេះ ដោយថា វាឆ្លងក្នុងល្បឿនលឿន ខណៈទីតាំងមួយចំនួននៅទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវបានបិទបណ្តោះអាសន្ន ក្រោយពីរកឃើញថា អ្នកឆ្លងក្នុងសហគមន៍មានជាង៤រយនាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុបចាប់ពីឆ្នាំមុនមកឡើងដល់ជាង៩០០នាក់៕