របាយ​ការណ៍ WWF បង្ហាញ​ថា​​ត្រី​​ទឹក​សាប​​មួយ​ចំនួន​​ដែល​​ជា​​ប្រភេទ​​ជិត​​ផុត​ពូជ​​នៅ​តែ​​រង​​ការ​​គំរាម​កំហែង​​ខ្លាំង​

អ្នកនេសាទមួយរូបបើកទូករបស់គាត់ នៅតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។ (Michael Dickison)

​របាយការណ៍​របស់​អង្គការ​ដែល​ធ្វើការ​ផ្នែក​អភិរក្ស​សត្វ បាន​លើកឡើង​ថា មួយភាគបី​នៃ​ប្រភេទ​ត្រី​ទឹកសាប​នៅ​លើ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រភេទ​ត្រី​ទឹកសាប​មួយចំនួន​នៅ​កម្ពុជា​ដែល​ជិត​ផុតពូជ​បំផុត បាន​រង​នូវ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង នឹងអាច​រង​នូវ​ការ​ផុតពូជ ដោយសារ​ការ​នេសាទ​ហួស​កម្រិត ការ​ជួញដូរ​នៅ​លើ​ទីផ្សារ និង​កត្តា​ផ្សេង​ៗមួយចំនួន​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​ធម្មជាតិ (WWF​-Cambodia​) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា យោង​តាម​របាយការណ៍ ស្តី​ពី «ប្រភេទ​ត្រី​ទឹកសាប​នៅ​លើ​ពិភពលោក» ដែល​ចេញ​ដោយ​អង្គការ​ចំនួន១៦នៅ​លើស​កល​លោក បង្ហាញថា ត្រី​ទឹកសាប​ជាច្រើន​ប្រភេទបាន​និង​កំពុង​រង​នូវ​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង ក្នុង​នោះ​មួយភាគបី​នៃ​ប្រភេទ​ត្រី​ទាំងនោះកំពុង​ទទួលរង​ការ​ផុតពូជ។

របាយការណ៍​ដដែល​នោះបាន​ពណ៌នា​លម្អិត​ពី​ប្រភេទ​ត្រី​ទឹកសាប​ជាច្រើន​ប្រភេទ រួម​ទាំង​ប្រភេទ​ត្រី​ដែល​ទើបតែ​ស្រាវជ្រាវ​រក​ឃើញ​ថ្មី​ៗសុ​រប​ប្រមាណ ១៨ ០៧៥ ប្រភេទ ដែល​ជា​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ប្រភេទ​ត្រី​ទាំងអស់​ក្នុង​ពិភពលោក។ តែ​យ៉ាងណា របាយការណ៍​បញ្ជាក់​ថា ត្រី​ទឹកសាប​នៅ​បន្ត​ទទួល​បានការ​ផ្តល់​តម្លៃ​ទាប និង​មិន​ទទួល​បានការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​អភិរក្ស ដែល​នាំ​ឱ្យ​ត្រី​ទឹកសាប​រាប់ពាន់​ប្រភេទកំពុង​ឈាន​ទៅ​រក​ការ​វិនាស​ផុតពូជ។

របាយការណ៍​បញ្ជាក់​ថា៖ «ជាក់ស្តែង ត្រី​ទឹកសាប​ចំនួន៨០ប្រភេទត្រូវ​បាន​ចាត់ជាប្រភេទ​ផុតពូជ ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ​ទទួលរង​គ្រោះ របស់​សហភាព​អន្ដរ​ជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ [IUCN​] ក្នុង​នោះ រួមមាន​ទាំង​ត្រី​ទឹកសាប​ចំនួន១៦ប្រភេទ ដែល​បាន​កត់ត្រា​ជា​ប្រភេទ​ផុតពូជ​ក្នុង​ឆ្នាំ២០២០ផង​ដែរ។ ទន្ទឹម​នឹង​នេះ ចំនួន​ត្រី​ទឹកសាប​ដែល​ជា​ប្រភេទ​ត្រី​បម្លាស់​ទី បាន​ធ្លាក់ចុះ៧៦ភាគរយ ចាប់តាំងពី​ឆ្នាំ១៩៧០ ហើយ​ព​ពួក​ត្រី​មេ​ពូជ​បាន​ធ្លាក់ចុះ៩៤ភាគរយ»។

របាយការណ៍​ដដែល​នោះបាន​គូសបញ្ជាក់​ថា កត្តា​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប និង​ត្រី​ទឹកសាប​នោះ រួមមាន ការ​នេសាទ​ហួស​កម្រិត​និង​ការប្រើ​ប្រាស់​មធ្យោបាយ​នេសាទ​បែប​បំផ្លិច​បំផ្លាញ ការបំផ្លាញ​ទីជម្រក ការសាងសង់​ទំនប់​វារី​អគ្គីស​នី​កាត់​ដងទន្លេ ការប្រើ​ប្រាស់​បរិមាណ​ទឹក​ហួស​កម្រិត​សម្រាប់​ការស្រោចស្រព និង​ការ​បំពុល​ដែល​មាន​ប្រភព​ចេញពី​ការប្រើ​ប្រាស់​ទឹក​តាម​គេហដ្ឋាន ការប្រើ​ប្រាស់​ទឹក​សម្រាប់​វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ជាដើម។

បន្ថែម​លើ​នេះ​ទៀត របាយការណ៍​ថា ត្រី​ទឹកសាបកំពុងតែ​ទទួលរង​នូវ​ហានិភ័យ​ពី​ការ​ហូរ​ចូល​ប្រភេទ​ត្រី​រាតត្បាត​មក​ពី​ប្រភព​ខាងក្រៅ និង​ផល​ប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​ការ​បូម​ខ្សាច់​ដែល​គ្មាន​និ​រន្ដរ​ភាព និង​បទល្មើស​សត្វព្រៃ​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF កម្ពុជា បាន​លើកយក​របាយការណ៍​វាយតម្លៃ​បឋម​មួយស្តី​ពី «ការ​ជួញដូរ​ត្រី និង​នេសាទ​ខុសច្បាប់​ឆ្នាំ២០២០» ដែល​បង្ហាញថា ត្រី​គល់រាំង និង​ត្រី​ត្រសក់​ក្រហម ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​បំផុត​ក្នុង​ពិភពលោក​និង​កម្ពុជា និង​ត្រី​ក្របី ត្រី​ខ្លា ត្រី​​ត្រចៀកដំរី ដែល​ត្រូវ​ចាត់​ថ្នាក់​ជា​ប្រភេទ​រងគ្រោះ​ជិត​ផុតពូជ​នៅ​កម្ពុជា ត្រូវ​បាន​គេ​ជួញដូរនិង​លក់​តាម​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នាំចេញ​ទៅ​លក់​នៅ​ប្រទេសជិតខាង។

នាយក​អង្គការ WWF កម្ពុជា លោក សេង ទៀក មានប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ត្រី​ទឹកសាប​ទាំងនេះមាន​សារៈសំខាន់​ណាស់​សម្រាប់​សហគមន៍​មូលដ្ឋាន ប៉ុន្តែ​ត្រី​ទាំងនេះ​មិនសូវ​ទទួល​បានការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់នោះទេ។ 

លោក​ថា៖ «ត្រី​ទាំងនេះមាន​សារៈសំខាន់​ចាំបាច់​សម្រាប់​សុខភាព​មនុស្សនិង​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប​ទាំងមូល ដែល​មនុស្សនិង​ជីវិត​នៅ​លើ​ផែនដី​ទាំងអស់​ពឹង​អាស្រ័យ។ សារៈសំខាន់​ទាំងអស់​នេះទាមទារ​ឱ្យ​យើង​ទាំងអស់គ្នា​ត្រូវ​ផ្តោត​ការ​យកចិត្ត​ទុកដាក់និង​ចងចាំ​ជានិច្ច»។

នាយក​កម្មវិធី​ធនធានទឹក​សាប​អន្តរជាតិ​នៃ​អង្គការ WWF លោក ស្ទួ​ត អរ (Stuart Orr​) មានប្រសាសន៍​ថា ភាព​ចាំបាច់​ដែល​គួរ​ធ្វើ​សម្រាប់​បច្ចុប្បន្ន គឺ​ការ​ទទួលស្គាល់​នូវ​គុណ​តម្លៃ​របស់​ត្រី​ទឹកសាប និង​ធនធាន​ជលផល​ទឹកសាប ដើម្បី​ឱ្យ​រដ្ឋាភិបាលអាច​កំណត់​គោលដៅនិង​មាន​ដំណោះ​ស្រាយ​ថ្មី​ៗ ដូចជា ការកំណត់​ជាអាទិភាព​ក្នុង​កិច្ចការពារនិង​ការ​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ទឹកសាប។ 

លោក​ថា៖ «យើង​ទាំងអស់គ្នា​ត្រូវការ​ភាពជា​ដៃគូ​និង​ភាព​ច្នៃប្រឌិត តាមរយៈ​ចំណាត់ការ​សកម្មភាព​រួម ដោយមាន​ការចូលរួម​ពី​រដ្ឋាភិបាល វិស័យ​ធុរកិច្ច អ្នក​វិនិយោគ សង្គម​ស៊ីវិល និង​សហគមន៍»។ 

វី​អូ​ឌី មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ជុំវិញ​ករណីនេះពីរ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សា​ខុន បានទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF កម្ពុជា ធនធាន​ជលផល​ទឹកសាប គឺជា​ប្រភព​ប្រូតេអ៊ីន​ចម្បង​បំផុត​សម្រាប់​មនុស្ស២០០លាន​នាក់ នៅ​តំបន់​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាងត្បូង ព្រមទាំង​ជា​ប្រភព​ផ្ដល់​ការងារនិង​របរ​ចិញ្ចឹមជីវិត​ដល់​មនុស្ស​ចំនួន៦០លាន​នាក់ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ