នាយក​​វិទ្យាល័យ​​មួយ​សង​​ប្រាក់​​ដែល​​រៃ​អង្គាស​​ដើម្បី​​រៀន​​បំប៉ន​​ឱ្យ​​សិស្ស​​ដែល​​ប្រឡង​ធ្លាក់​​វិញ

ការមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨

​នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ខេត្ត​កំពង់ឆ្នាំង បាន​ប្រគល់​ប្រាក់​ដែល​សាលា​រៃអង្គាស​ពី​សិស្សដែល​ប្រឡងធ្លាក់ ក្រោម​ហេតុផល​ថា​រៀន​បំប៉ន​ដើម្បី​ឡើងថ្នាក់​នោះ ទៅ​ឱ្យ​អាណាព្យាបាល​សិស្ស​វិញ ក្រោយពី​មានការ​រិះគន់និង​ប្រតិកម្ម​ពី​អាណាព្យាបាល​សិស្ស។

កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ក្រុម​គ្រូបង្រៀននិង​អាណាព្យាបាល​សិស្ស​រៀន​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ប្រតិកម្ម​ទៅ​នឹង​នាយក​វិទ្យាល័យដែល​តម្រូវ​ឱ្យ​សិស្ស​ដែល​ប្រឡងធ្លាក់​ត្រូវបង់ប្រាក់​ចំនួន ៨០ ០០០ រៀល​ក្នុង​សិស្ស​ម្នាក់ ដើម្បី​រៀន​បំប៉ន​ឡើងវិញ ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​កូ​វីដ១៩។ 

ប្រធាន​ក្រុម​ផ្នែក​គណិតវិទ្យា​នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត លោក ឡុង ស៊ីដា​វុធ បានឱ្យ​ដឹង​ថា ក្រោយពី​មាន​ប្រតិកម្ម​ពី​អាណាព្យាបាល​សិស្ស និង​មានការ​ចុះ​អង្កេត​ពីសំណាក់​មន្ត្រី​អប់រំ​មក នៅ​ថ្ងៃទី២៣ ខែកុម្ភៈ លោក អឿ ម៉េ​ងចុង នាយក​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ប្រកាស​ប្រគល់​ប្រាក់​ដែល​សាលា​បាន​រៃអង្គាស​ពី​សិស្ស​ដែល​ប្រឡងធ្លាក់​នោះទៅ​ឱ្យ​អាណាព្យាបាល​សិស្ស​វិញ។

ទោះ​យ៉ាងណា លោក​ពុំ​បានដឹង​ពី​ចំនួន​ទឹកប្រាក់​សរុបដែល​នឹង​ផ្តល់​ជូន​អាណាព្យាបាល​សិស្ស​ដែល​ប្រឡងធ្លាក់​នោះ​ទេ ដោយ​គ្រាន់តែ​ដឹង​ថា មាន​អាណាព្យាបាល​សិស្ស​ចំនួន៣០០នាក់​ហើយដែល​បាន​ទៅ​ទទួល ខណៈ​ដែល​អាណាព្យាបាល​សិស្ស​ប្រមាណ៣០នាក់​ទៀតនៅ​មិនទាន់​ទៅ​ទទួល​ប្រាក់​នោះ​មកវិញ​នៅឡើយ។

លោក​និយាយ​ថា៖ «នៅសល់​ប្រហែលជា៣០នាក់ជាងទៀត​អត់​ទាន់​មក​យក​ទេ ហើយ​សិស្ស​នោះ​ប្រហែលជា​អត់​បាន​មក​រៀន ខ្ញុំ​អត់​ដឹង​ព័ត៌មាន​ច្បាស់​ដែរ»។

លោកគ្រូ ឡុង ស៊ីដា​វុធ បន្ថែម​ថា មូលហេតុ​ដែល​សិស្ស​ប្រឡងធ្លាក់​នោះមិនមែន​មក​ពី​ពួក​គេ​រៀន​ខ្សោយ​ទាំងអស់​នោះ​ទេ ប៉ុន្តែ​ដោយសារ​មាន​វិបត្តិ​កូ​វីដ១៩ ដែល​តម្រូវ​ឱ្យ​សិស្ស​រៀន​នៅផ្ទះ និង​តាម​ទូរសព្ទ​ជាដើម ទើប​សិស្ស​ខ្លះ​មិន​មានលទ្ធភាព​ទិញ​ទូរសព្ទ​ប្រើប្រាស់ ដែល​ជា​មូលហេតុ​នាំ​ឱ្យ​ពួក​គេ​មិនបាន​រៀននិង​ទទួល​ដំណឹង​ពី​ការ​ប្រឡង​ពី​ចម្ងាយ​បាន។

ប្រធានមន្ទីរ​អប់រំ យុវជន និងកីឡា​ខេត្ត​កំពង់ឆ្នាំង លោក ស៊ឹម ប្រិម បាន​ប្រាប់ ​វី​អូ​ឌី ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះថា ខាង​មន្ទីរអប់រំ មិនទាន់​មាន​ចំណាត់ការ​ទៅលើ​នាយក​វិទ្យាល័យ​នោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រជុំ​ជាមួយ​ក្រុមប្រឹក្សាវិន័យ ក្រោយពី​ប្រគល់​លុយ​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​សិន។ 

លោក​ថា៖ «វិធានការ​បន្ទាប់​ចាំ​ដល់​ប្រគល់​លុយ​ឱ្យ​គេ​សិន ខ្ញុំ​អត់​ទាន់​គិតថា​ម៉េច​ទេ ចាំ​មើល​ប្រជុំ​ក្រុមប្រឹក្សាវិន័យ​របស់ខ្ញុំ​សិន»។

ម្តាយ​របស់​សិស្ស​រៀន​ថ្នាក់​ទី១១ម្នាក់នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩នេះ កូន​របស់​គាត់​បាន​រៀន​នៅផ្ទះនិង​ប្រឡង​ពី​ចម្ងាយ ហើយ​ពេលនោះ​កូន​របស់​គាត់​ពុំ​បាន​ប្រគល់​កិច្ចការ​មួយចំនួន​ដល់​គ្រូ​បាន​ទាន់ពេល ទើប​បណ្តាល​ឱ្យ​ប្រឡងធ្លាក់។

អ្នកស្រី​បន្ត​ថា ក្រោយមក នាយក​វិទ្យាល័យ​នេះបាន​ប្រកាស​រៃអង្គាស​ប្រាក់​ចំនួន៨០ ០០០រៀល ពី​សិស្ស​ម្នាក់ ដោយ​លើក​ហេតុផល​ថា ជួល​គ្រូ​ដើម្បី​បង្រៀន​បំប៉ន​ដល់​កូន​របស់​គាត់ ក៏ដូចជា​សិស្ស​ដទៃទៀតដែល​ប្រឡងធ្លាក់។ 

អ្នកស្រី​បាន​លើកឡើង​ថា៖ «ហ្នឹង​គេ​ប្រាប់​ថា យក​ឱ្យ​គ្រូ​រៀន​បំប៉ន ជួល​គ្រូ​ឱ្យ​បង្រៀន​បំប៉ន​ [ដល់​សិស្ស​ដែល​ប្រឡង​ប្រចាំខែ​ធ្លាក់​] ហ្នឹង​ណា»។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី មានប្រសាសន៍​ថា ការ​រៃអង្គាស​ប្រាក់​ពី​សិស្ស​នេះជា​ទង្វើ​ដែល​ផ្ទុយ​នឹង​ច្បាប់ ទោះជា​ការ​រៃអង្គាស​ក្រោម​រូបភាព​ណាក៏ដោយ។

អ្នកស្រី​ថា៖ «ព្រោះអី​ក្រសួង​អប់រំបាន​ប្រកាស​ហើយ​ថា អត់មាន​ទារ​លុយ អត់មាន​យក​លុយ​ពី​សិស្ស​តាម​រូបភាព​ណា​ទេ អ៊ីចឹ​ងនា​យក​សាលា​ប្រមូល​លុយ​នេះគឺជា​ការ​ខុសច្បាប់​ទៅ​នឹង​នីតិវិធី​របស់ក្រ​សួង»។

ប្រធាន​សមាគម​គ្រូបង្រៀន​រូប​នេះក៏បាន​ស្នើ​ឱ្យ​ក្រសួង​អប់រំដាក់ចេញ​វិធានការ​តឹង​រ៉ឹង និង​មាន​ចំណាត់ការ​តាមច្បាប់​ទៅលើ​នាយក​សាលាឬគ្រូបង្រៀន​ណា​ដែល​រៃអង្គាស​ប្រាក់​ពី​សិស្ស​នេះ។

កាលពីដើម​ខែកុម្ភៈ គ្រូបង្រៀន​ម្នាក់​នៅ​សាលាបឋមសិក្សា​សន្ធរ​ម៉ុ​កក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញថា​បាន​ទារប្រាក់​ពី​សិស្ស ដែល​ក្រោយមក​ មន្ទីរអប់រំ​រាជធានី​ភ្នំពេញ​ បានសម្រេច​ប្តូរ​អ្នកគ្រូ​នោះ​ទៅ​សាលា​មួយ​ផ្សេង​នៅ​ជាយ​រាជធានី​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ