រដ្ឋា​ភិបាល​កែ​សម្រួល​វិធាន​ចត្តា​ឡីស័ក​សម្រាប់​ពលករ​ខ្មែរ​​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ជិត​ខាង

ពលករកម្ពុជាដែលវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនខេត្តឧត្ដរមានជ័យ ត្រូវបានអាជ្ញាធរខេត្តនិងមន្ត្រីពាក់ព័ន្ធរៀបចំបញ្ជូនទៅធ្វើចត្តាឡីស័ក ដើម្បីបង្ការការរាតត្បាតកូវីដ១៩ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ-Oddar Meanchey provincial police)

ប្រមុខរាជ​​រដ្ឋាភិបាលបានចេញបញ្ជាថ្មីមួយទៅអាជ្ញាធរបណ្តាខេត្ត​ជាប់ព្រំដែនថៃ និងអាជ្ញាធរ​ពាក់ព័ន្ធ ឱ្យកាត់បន្ថយចំនួនអ្នកធ្វើចត្តាឡីស័ក​នៅតាមព្រំដែន ដោយឱ្យអ្នកដែលមិនមានការសង្ស័យថាមានកូវីដ១៩ ត្រូវមកធ្វើចត្តាឡីស័កនៅស្រុកកំណើត ខណៈអ្នកដែលសង្ស័យត្រូវរក្សាការធ្វើចត្តាឡីស័កនៅតាមព្រំដែនដដែល។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសារជាសំឡេងកាលពីថ្ងៃម្សិល​មិញថា ការសម្រេចបែបនេះ ដោយ​សារតែលោកពិនិត្យឃើញថា ខេត្តមួយចំនួនរបស់ថៃ​ដែល​នៅជាប់តំបន់​ព្រំដែនជាមួយកម្ពុជា និងធ្លាប់ដាក់ជាតំបន់ហានិភ័យនៃ​ការវាយលុកដោយ​ជំងឺកូវីដ១៩នោះ ឥលូវនេះមានសភាពធូរស្រាល ហើយ​ភាគីថៃអាចទប់ស្កាត់​បាន​ហើយ។ មួយវិញទៀត លោកថា ជាង១ខែមកនេះ មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែនរបស់កម្ពុជា​ទាំងអស់ មិនបាន​រកឃើញអ្នកឆ្លង​​​ជំងឺ​កូ​វីដ​-១៩ឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំឱ្យរថយន្តកងទ័ពដែលត្រៀមនៅតាមព្រំដែន ឱ្យជួយដឹកពលករ​ដែលមកពីថៃមាន​សុខភាពធម្មតានិង​​មិន​មានការសង្ស័យណាមួយនោះ ទៅធ្វើចត្តាឡីស័កនៅតាម​បណ្តា​ខេត្តគោលដៅឬខេត្ត​ដែលជា​ស្រុកកំណើតរបស់​ពួកគេ លើកលែងតែពលករដែលមានបញ្ហា​សុខភាពឬស្ថិតក្នុងករណីសង្ស័យ ទើបតម្រូវឱ្យ​ធ្វើចត្តាឡីស័កនៅបណ្តាលខេត្តជាប់ព្រំដែននោះ ដើម្បីតាមដានសុខភាព។ ​

លោកបាន​លើកឡើងបន្ថែមទៀតថា៖ «ស្ថានភាពនៅតាមព្រំដែនគឺមានការលំបាក ដោយសារតែចំនួន​អ្នកចេញ​ពីមណ្ឌលចត្តាឡីស័ក អ្នកចេញតិចជាងអ្នកចូល។ ដូច្នេះធ្វើឱ្យចំនួនអ្នកធ្វើចត្តាឡីស័កមានការកើនឡើងយ៉ាងខ្លាំង ដែលធ្វើឱ្យយើងមានការលំបាកនៅក្នុងការទទួលបន្ទុកចិញ្ចឹម​ថែទាំ»។

តែយ៉ាងណា លោកក្រើនរំឭកផងដែរទៅអាជ្ញាធរខេត្តទាំងអស់​ និង​អ្នកមានភារកិច្ចដឹកជញ្ជូន​ពលករខ្មែរ​មកពីថៃ ត្រូវ​មានវិធានការឱ្យបាន​ម៉ត់ចត់ ដោយ​មិនត្រូវឱ្យមានអ្នកគេចវេះពីការធ្វើចត្តាឡីស័ក​ ត្រូវរក្សាគ​ម្លាតសុវត្ថិភាព និងរៀបចំ​ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់​ពលករទាំងនោះផងដែរ​​។ 

អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក លី សារី មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បានត្រៀមអនុវត្តអនុសាសន៍​នេះហើយ ដោយ​លោកថា ខេត្តជាប់ព្រំដែនមួយនេះមានមណ្ឌលធ្វើចត្តាឡីស័ក១៣កន្លែង និង​​​អ្នកកំពុងធ្វើចត្តាឡីស័កជាង៥ ០០០នាក់ ។

លោកបន្តថា បច្ចុប្បន្ន ពលករត្រឡប់ពីប្រទេសថៃបានកើនឡើងយ៉ាងគំហុកចន្លោះ​ពី៣០០ទៅ​៦០០នាក់ក្នុងមួយ​ថ្ងៃ ហើយថា អាចនឹងច្រើនជាងនេះនៅប៉ុន្មានថ្ងៃខាងមុខ ខណៈពិធីបុណ្យចូលឆ្នាំខ្មែរជិតមកដល់។

លោកថា៖ «បញ្ហាមួយទៀត គឺយើងរៀបចំទទួលបាយទឹកគាត់ ព្រោះធម្មតាយើងត្រូវរៀបចំបាយទឹកឱ្យគាត់បានហូបចុក។ បញ្ហាមួ​យ​​​ទៀត គឺផ្សព្វផ្សាយអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់សម្តេច គឺ “៣កុំ ៣ការពារ” ឱ្យខានតែបា​នតែម្តង»។

កន្លងទៅ រដ្ឋាភិបាលធ្លាប់ចេញបញ្ជា​ឱ្យពង្រាយកងកម្លាំងនៅតាមព្រំដែនជាប់​នឹងប្រទេស​ថៃ​ និងបើកឱ្យមានមណ្ឌល​សម្រាប់​ធ្វើ​​ចត្តាឡីស័កផងដែរ ដូចជានៅ​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងឧត្តរ​មានជ័យ ខណៈខេត្តមួយចំនួន​របស់ថៃបានផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងស​ហគមន៍ទ្រង់ទ្រាយធំ។

វិធានការទប់ស្កាត់ការឆ្លងជំងឺ​កូវីដ១៩ របស់អាជ្ញាធរថៃ ស្របគ្នានឹងវិធានការធ្វើលិខិតស្របច្បាប់ សម្រាប់ពលករ​បរទេស​ទៅធ្វើការនៅក្នុងប្រទេសនោះ បាន​​ជំរុញឱ្យមានលំហូរ​ចំណាកស្រុក​ពលករកម្ពុជាវិលត្រឡប់មកស្រុកកំណើត​វិញ។ បើតាមលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ចំ​នួ​ន​អ្នកធ្វើចត្តាឡីស័កនៅតាមខេត្តជា​ប់​ព្រំដែនមាន ១៥ ០០០ នាក់ ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា ជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ គឺការទប់ស្កាត់ជំងឺនាំចូល ខណៈលោកថា វិធានការថ្មីរបស់រដ្ឋាភិបាលនេះបានធ្វើ​ឱ្យ​​ចំណេញលើ​ការចំណាយថវិកាជាតិខ្លះ និងសម្រួលដល់ការធ្វើ​ដំណើរ​របស់ពលករខ្មែរខ្លះ។

តែយ៉ាងណាលោកថា៖ «បើសិនជាយើងពង្រឹងសមត្ថភាពនិងការទទួលខុសត្រូវឱ្យបានខ្លាំងរបស់អាជ្ញាធរមូលដ្ឋាន​ហ្នឹងឱ្យទទួលខុសត្រូវខ្ព​ស់ក្នុ​​ងការគ្រប់គ្រងនៅតាមមណ្ឌលចត្តាឡីស័កផ្សេងៗ ហើយចូលរួម​សកម្មក្នុងការ​ងារ​ហ្នឹង ខ្ញុំថា ​អាហ្នឹងយើងអាចគ្រប់គ្រងបាន។ ប៉ុ​ន្តែ​បើយើងអត់បានផ្តល់នូវការទទួលខុសត្រូវ និងការគ្រប់គ្រងឱ្យ​បាន​​គ្រប់គ្រាន់ទៅដល់ពួកគាត់ទេ ខ្ញុំបារម្ភមួយ ខ្លាចកម្ពុជា​ក្លាយទៅ​​ជាប្រទេសទទួលរងផលប៉ះពាល់​ពីកូវីដចុងក្រោយ​គេ»។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន កម្ពុជាកំពុងប្រឈមនឹងការ​ឆ្លងរាលដាលនៃ​ជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ ការឆ្លងក្នុងសហគមន៍ជាថ្មីនេះ បាន​ជំរុញឱ្យរដ្ឋាភិបាលប្រកាសបិទទីតាំងមួយចំនួន ក្នុងនោះមានទីតាំងខ្លះ​នៅរាជធានី​ភ្នំពេញ ខេត្តកណ្តាល ​ខេត្តព្រះសីហនុ ខេត្តព្រៃវែង និងខេត្តមួយចំនួនទៀត​ ដែលគិតត្រឹមថ្ងៃទី៨ ខែមីនា​នេះ កម្ពុជា បាន​រកឃើញករណី​ឆ្លងក្នុងសហគមន៍២០កុម្ភៈ កើនឡើងដល់ជាង ៥០០នាក់ (៥០១នាក់​) ធ្វើឱ្យអ្នកឆ្លងសរុបឡើងដល់ជាង ១ ០០០ នាក់ ( ១ ០១១នាក់​) ក្នុងនោះព្យាបាលជាសះស្បើយ​មាន​ ៥១៧នាក់​ និងកំពុងសម្រាកព្យាបាលមាន ៤៩៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ