ក្រុម​សង្គម​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​ចាំបាច់​មួយ​ចំនួន​ដើម្បី​លើក​កម្ពស់​​សិទ្ធិ​ស្ត្រី​

យុវនារី​ម្នាក់​អង្គុយ​រៀបចំ​ការងារ​នៅក្នុង​យុទ្ធនាការ «១០០ កោដិ​សំឡេង» ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​គោលបំណង​ផ្តល់​អំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី និង​បញ្ឈប់​អំពើ​ហិង្សា​យេនឌ័រ ប្រព្រឹត្តឡើងនៅដើមឆ្នាំ២០២០។ (USAID Cambodia​)

អង្គការ-សមាគម និងសហជីពចំនួន២១ បានស្នើដល់​រដ្ឋាភិបាលចាត់វិធានការចាំបាច់ជាអាទិភាព​មួយចំនួន តាមរយៈការទម្លាក់ចោលសេចក្តីព្រាងច្បាប់និងអនុក្រឹត្យ​ចំនួន២ រួម​នឹង​ការ​​ធ្វើ​វិសោធនកម្ម​និងពង្រឹងការអនុវត្តច្បាប់នានា​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បីលើកកម្ពស់​សិទ្ធិស្ត្រី។

​យោងតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ​របស់​​ក្រុមអង្គការ សមាគម និងសហជីពទាំង២១នោះ​ បាន​លើក​​ឡើង​ថា កន្លងមក ក្រុម​​អង្គការ​សង្គមស៊ីវិល ធ្លាប់​​ចេញផ្សាយ​​របាយការណ៍​តាមដាន​ការ​អនុវត្តរបស់រដ្ឋាភិបាលលើ​​អនុសញ្ញាលុបបំបាត់​រាល់​ទម្រង់នៃការរើសអើង​លើ​ស្ត្រី (អនុញ្ញា​ស៊ីដ) សម្រាប់ឆ្នាំ២០២០ ដោយ​​បានលើកយកនូវចំណុច​ជោគជ័យ និង​​បញ្ហាខ្វះ​ចន្លោះ​មួយ​ចំនួន។

តាមរយៈរបាយការណ៍​នោះ អង្គការ-សមាគម និងសហជីពទាំង២១ បាន​ស្នើដល់​រដ្ឋាភិបាល ទម្លាក់​ចោល​នូវសេចក្តីព្រាងច្បាប់ ស្តីពី «សណ្តាប់ធ្នាប់សាធារណៈ» និងអនុក្រឹត្យថ្មី ស្តីពី «ការបង្កើត​​ច្រក​ទ្វារអ៊ីនធឺណិតជាតិ» ដែលអាចរំលោភលើ​សេរីភាពក្នុងការ​សម្តែង​ចេញនិងសិទ្ធិឯកជនរបស់​ស្ត្រី និងគួរ​​ចាំបាច់ត្រូវធ្វើការប៉ាន់​ប្រមាណ​ផលប៉ះពាល់​ទៅលើ​យេនឌ័រមុនអនុម័តច្បាប់ថ្មី។

សេចក្តីថ្លែងការណ៍រួម បន្តស្នើ​ទៅរដ្ឋាភិបាល​ថា៖ «ធ្វើវិសោធនកម្ម​និងពង្រឹងការអនុវត្តច្បាប់នានាដែលមានគោល​បំណងលុប​បំបាត់​អំពើ​ហិង្សាលើ​ដៃគូស្និទ្ធស្នាល អំពើហិង្សា​ផ្លូវភេទ​លើក្មេងស្រី និងរាល់ទម្រង់នៃអំពើហិង្សាផ្អែក​លើ​យេនឌ័រ ជាពិសេស​តាមរយៈការផ្តល់សេវាដែលមានការឆ្លើយតបតាមតម្រូវការរបស់ពួកគេ ដែលផ្តោតលើសុខុមាលភាពផ្លូវកាយ​និងផ្លូវចិត្តរបស់ជនរងគ្រោះ និងធានាឱ្យមានការ​ទទួលបានយុត្តិធម៌សម្រាប់​ជនរងគ្រោះ»។

អង្គការ-សមាគម និងសហជីពទាំងនោះ​ ក៏បានស្នើដល់រដ្ឋាភិបាលបែងចែកផ្តល់ថវិកា​ជាតិឱ្យ​បាន​គ្រប់គ្រាន់​សម្រាប់ការអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី២ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ព្រមទាំងគោលនយោបាយសមភាពយេនឌ័រឱ្យ​មានប្រសិទ្ធភាព។

ក្រៅពីនោះ ពួកគេបាន​ស្នើ​ឱ្យដាក់ចេញនូវសកម្មភាពដើម្បីទប់ស្កាត់និងលុបបំបាត់​រាល់ការ​បៀត​បៀន រាល់អំពើហិង្សា និងទម្រង់ផ្សេងៗទៀតនៃការរើសអើងផ្អែកយេនឌ័រក្នុ​ងការងារ និងបណ្តុះបណ្តាលដល់ភ្នាក់ងារសន្តិសុខទាំងអស់ដែលជួលដោយរដ្ឋឬរដ្ឋបាលរាជធានី-ខេត្ត អំពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយស្ត្រីតាមបែបអហិង្សា និងប្រកបដោយឥរិយាបថគិតគូរអំពីយេនឌ័រ។

ក្រុម​អង្គការ សមាគម និងសហជីពទាំងនោះ មានដូចជា អង្គការ NGO-CEDAW អង្គការក្លា​ហាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា សមា​គមគាំពារស្ត្រីងាយរង​គ្រោះ សហភាពការងារកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ជាដើម។

យោងតាមរបាយការណ៍តាមដានអនុសញ្ញាស៊ីដ សម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២០ បានលើកឡើងថា បញ្ហាប្រឈម​ដែលលេចធ្លោបំផុតសម្រាប់​វិស័យសិទ្ធិស្ត្រីក្នុងឆ្នាំ២០២០ គឺ​ទាក់ទងនឹងសុខភាព ការអប់រំ និងការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែល​ធ្វើឱ្យ​ស្ត្រីនិងអ្នកស្រឡាញ់ភេទដូចគ្នាប្រឈមនឹងការលំបាកក្នុងអត្រាមួយដែលគ្មានសមា​មាត្រ។

របាយការណ៍បន្តថា រដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីព្រាង និងបានអនុម័ត​​គោលនយោបាយ​ថ្មីៗ​មួយចំនួនទាក់ទងនឹងយេនឌ័រ ដែលអង្គការសង្គមស៊ីវិលបានរួមចំណែក​​ផ្តល់ធាតុចូលជាច្រើន។ តែយ៉ាងណា របាយការណ៍ថា​ នៅមានឧទាហរណ៍ជាច្រើនដែល​​បង្ហាញពីការរឹតត្បិតទៅលើការប្រើប្រាស់​​សេរីភាពផ្លូវភេទ សេរីភាពនៃការសម្តែងចេញនូវ​បូរណ​ភាព​រាង​កាយរបស់ស្ត្រី ស្របពេល​​អំពើហិង្សាលើស្ត្រីក៏នៅតែជា​ក្តីបារម្ភធ្ងន់ធ្ងរមួយនៅកម្ពុជា រួមនឹងបញ្ហាផ្សេងៗមួយចំនួន​ទៀត។

អគ្គលេខាធិការនៃអង្គការ NGO-CEDAW  អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍ថា​ កន្លងមកនេះ ស្ត្រីនិងក្មេងស្រីបានរងនូវការរំលោភបំពាន​លើសិទ្ធិសេរីភាព ការបញ្ចេញមតិ ការធ្វើការ​ងារ​សង្គម និងរង​អំពើហិង្សា​លើរូបរាងកាយ ជាដើម ស្របពេលដែលស្ត្រីនិងក្មេងស្រីដែល​ធ្វើការតស៊ូមតិរឿងបរិស្ថាន និងបញ្ហាសង្គមមួយចំនួនទៀត​​ក៏រងនូវការចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។

ក្រៅពីនោះ អ្នកស្រីក៏បាន​សង្កេតឃើញមាន​ស្រ្តីជាអ្នកលក់ឡេ​តាមអនឡាញមួយ​ចំនួន​ត្រូវបានអាជ្ញាធរហៅទៅអប់រំ ពាក់ព័ន្ធនឹងការស្លៀកសម្លៀកបំពាក់មិនសមរម្យ ដែលអ្នកស្រីថា ជាការរំលោភលើសិទ្ធិសេរីភាពលើរូបរាងកាយរបស់ពួកគេ។

អ្នកស្រី ជឹម ចាន់នាង បន្ថែមថា ដោយសារ​មើលឃើញពីបញ្ហាប្រឈមទាំងនេះហើយ​ ទើបអង្គការ​សង្គមស៊ីវិល សមាគម និងសហជីព រួមគ្នា​ស្នើ​ទៅរដ្ឋាភិបាលដាក់ចេញនូវវិធានការ​បន្ទាន់និងជាអាទិភាព ដើម្បីដោះស្រាយ​បញ្ហាទាំងនេះ។

អ្នកស្រីថា៖ «៥ចំណុចដែលយើងស្នើជាបញ្ហាអាទិភាពដែលរដ្ឋាភិបាលគួរតែដោះស្រាយ យើងបានរំលេចបញ្ហាប្រឈមរបស់ស្ត្រី»។

អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្តា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំនិងយកចិត្តទុកដាក់ខ្លាំងសម្រាប់ការអនុវត្តសកម្មភាពនានា ដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តី រួមទាំងការ​​អនុវត្ត​ច្បាប់ ស្ដីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះជាដើម។

អ្នកស្រីបាន​បញ្ជាក់តាមប្រព័ន្ធតេឡេក្រាម​​ថា៖ «សម្រាប់ក្រសួងបន្តការផ្តល់សេវា ជំរុញ​ការ​​បញ្ជ្រាបយេនឌ័រ និងលើកកម្ពស់សិទ្ធិស្ត្រី […] សម្រាប់រាជរដ្ឋាភិបាលក៏បានរៀបចំនិងយកចិត្តទុកខ្លាំងបំផុតសម្រាប់អនុវត្តសកម្មភាព ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សាលើស្រ្តីនៅកម្ពុជា។ ក្រសួងកិច្ចការនារី ក៏បានរៀបចំជាគោលនយោបាយ យន្តការ និងសកម្មភាពនានា»។

អ្នកស្រីបន្តថា ក្រសួងក៏បានរៀបចំក្រុមការងារ​បច្ចេកទេស ដើម្បី​​ឆ្លើយតបអំពើហិង្សាទាក់ទង នឹងយេនឌ័ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមទាំងការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់អំពើហិង្សា ការរំលោភបំពាន នៅតាមសហគមន៍ផងដែរ។​

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមសារលិខិតជាសំឡេងក្នុងការអបអរខួបទី១១០ នៃទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២១ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងពាក់ព័ន្ធនិងដៃគូអភិវឌ្ឍន៍ បន្តការពារសិទ្ធិស្ត្រី ដើម្បីឱ្យពួកគេអាចសម្រេចចិត្តនៅគ្រប់កម្រិតរួមទាំងក្នុងវិស័យនយោបាយ ខណៈលោក​អះអាងថា បច្ចុប្បន្ននេះស្រ្តីមានចំនួនកាន់តែច្រើនបានក្លាយជាអ្នកដឹកនាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ