រដ្ឋា​ភិបាល​ចេញ​វិធាន​ការ​បន្ទាន់​មួយ​ចំនួន​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​​ជំងឺ​កូវីដ១៩

រថយន្តមន្ទីរពេទ្យមួយគ្រឿងមកដឹកជនដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រាជធានីភ្នំពេញ។ (ជន ចាន់រ៉ែន)

ប្រមុខរដ្ឋាភិបាល​បានដាក់ចេញនូវ​វិធានការបន្ទាន់មួយចំនួន ក្នុងនោះបាន​ណែនាំដល់ស្ថាប័នរដ្ឋនិងឯកជន ឱ្យកាត់ប​ន្ថ​យ​ចំនួនមនុស្សទៅ​​ធ្វើការ​នៅការិយាល័យ​​ជាបណ្តោះអាសន្នសិន​ ដើម្បីរក្សាគម្លាត​សុវត្ថិភាពនិង​បញ្ចៀសហានិភ័យនៃការឆ្លងរាលដាល​ជំងឺ​កូវីដ១៩ ដោយលោក​ថា ការឆ្លងកំពុង​​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ ។

តាមរយៈសារសំឡេងដែលបានផ្សព្វផ្សាយ​កាលពីយប់ថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សភាពការនៅក្នុងប្រទេសគិតត្រឹមយប់មិញ បានធ្លាក់ក្នុងស្ថានភាពមិនធម្មតា ដែលថាមា​ន​អ្នកឆ្លងជំងឺកូវីដ១៩ថ្មីរហូតដល់៤៩នាក់ គិតតែនៅរាជធានី​ភ្នំពេញ ខេត្តព្រះសីហនុ ព្រៃវែង និងផ្នែក​ខ្លះនៅខេត្តកណ្តាល។

លោ​កបន្តថា សភាពការនេះបានដាក់ជាចំណោទធំៗដល់កម្ពុជា និងត្រូវមានវិធានការ​បន្ថែម ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។ លោក​បាន​បញ្ជាក់ថា វិធានការទាំងនោះ រួមមាន តម្រូវឱ្យស្ថាប័ននីមួយៗរបស់រដ្ឋាភិបាល ស្ថាប័ននីតិបញ្ញតិ្ត (រដ្ឋ​សភា និង ព្រឹទ្ធសភា) រួមទាំងវិស័យឯកជន ត្រូវកាត់ប​ន្ថ​យ​ចំនួនមនុស្សនៅកន្លែងធ្វើការត្រឹម១០ភាគរយ និង៩០ភាគរយទៀតគួរធ្វើការពីផ្ទះ ឬក៏ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងតិច១សប្តាហ៍សិន។

មួយវិញទៀត លោកថា ពិធីបុណ្យបែបសាសនា ឬមង្គលការ ត្រូវកាត់បន្ថយចំនួន​មនុស្សដូចគ្នា ឬ​បើអាច​គួរតែ​​ពន្យារ​​ពេល ​ រីឯប្រជា​ពល​រដ្ឋវិញ បើមិនចាំ​បា​ច់ ​មិនគួរចេញក្រៅផ្ទះឡើយ ដើម្បីកាត់បន្ថយការកកស្ទះនៅទីប្រជុំជនឬ​តាម​ដងផ្លូវ ដែលលោកថា ធ្វើដូច្នេះទើ​ប​អាចបញ្ចៀសនូវហានិភ័យនៃជំងឺឆ្លងដែលកំពុងវាយលុកបាន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ថា៖ «សភាពការពេលនេះ ទាមទារឱ្យមានការ​ប្រុងប្រយ័ត្ន​លើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបាន គប្បីត្រូវតែពន្យារ គប្បីផ្អាក។ ពន្យារពេលរង់ចាំធ្វើ​នៅ​ពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។ នេះជាសភាពការដ៏បន្ទាន់ ហើយដែលត្រូវយកចិត្តទុកដាក់កុំឱ្យជំងឺនេះសាយភាយចេញក្រៅ»

លោកបានបន្ថែមថា៖ «ពិតជាច្របូកច្របល់ខ្លាំងណាស់នៅពេលនេះ មានការឆ្លងនៅក្នុងក្របខណ្ឌនគរ​បាល មន្ត្រីរាជការ រហូតដល់សិល្បករ-សិល្បការិនីផងដែរ»។

ប៉ុន្តែសម្រាប់​ស្ថាប័នកងកម្លាំង​ប្រដាប់អាវុធនិងក្រុម​គ្រូពេទ្យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា មិនត្រូវមានការកាត់បន្ថយចំនួនមនុស្ស​ធ្វើការដូចស្ថាប័ន​ស៊ីវិលនិងវិស័យ​ឯកជនទេ។

ចំណែករោងចក្រនិងផ្សារ លោកថា ​រដ្ឋាភិបាលមិនមានវិធានការបិទនោះទេ។​

លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា វិធានការទាំងនេះជាវិធានការចាំបាច់ ដើម្បីការពារសុខភាពរបស់បុគ្គលម្នាក់​ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ព្រមទាំ​ងស​ង្គមជាតិផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រសួងបានអនុវត្តហើយនូវបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដូចដែលក្រសួងបានធ្វើកាលពីព្រឹត្តិការណ៍២៨វិច្ឆិកាដែរ។ តែយ៉ាងណា លោកថា វិធានការនេះមិនប៉ះពាល់ដល់ការពង្រឹងសណ្តាប់ធ្នាប់សន្តិសុខផ្ទៃក្នុងប្រទេសទេ។

លោកថា៖ «ឧទាហរណ៍ [មន្ត្រី]ចរាចរណ៍មានប៉ុន្មាននាក់ គាត់ចេញប្រតិបត្តិការ ប្រឆាំងបទល្មើស គេ​ប្រឆាំងនៅការិយាល័យរបស់គេ។​ បើខាងអគ្គិភ័យ គេនៅប្រចាំការនៅការិយាល័យរបស់គេ »។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង និយាយថា ស្ថាប័ននីតិបញ្ញតិ្ត​មួយនេះបានជូនដំណឹងទៅមន្ត្រីរួចរាល់ហើយ ហើយថា នៅថ្ងៃនេះ មន្ត្រីប្រចាំការនៅមន្ទីររដ្ឋសភា មានត្រឹម១០០នាក់ ឬស្មើនឹង១០ភាគរយ។

លោកថា៖ «ខ្ញុំបានណែនាំទៅអង្គភាពឱ្យកាត់បន្ថយបុគ្គលិក ឱ្យធ្វើការតាមអនឡាញ ហើយឱ្យលុបពេលប្រជុំ សម្រាប់អ្នកនៅផ្ទះ កុំឱ្យចេញពីផ្ទះ ក្រៅពីហ្នឹងអនុវត្ត ៣កុំ និង ៣ការពារ»។

អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (MFI) លោក កាំង តុងងី និយាយដែរថា សមាគម​បានជូនដំណឹងទៅសមាជិកទាំង១១៤ស្ថាប័នអស់ហើយឱ្យអនុវត្តវិធានការនេះ។ លោកថា សមាគមក៏​មានផែនការតាំងពីឆ្នាំ២០២០មកម៉្លេះ ក្នុងការ​​រៀបចំផែនការបង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩នេះ។

លោកថា៖ «តាំងពីផ្ទុះរលកទី២ហ្នឹង MFI ភាគច្រើនគឺគាត់ចាប់ផ្តើមបែងចែកបុគ្គលិកគាត់ ហើយបុគ្គលិកណាមិនចាំបាច់ គាត់អត់ឱ្យ​​មកធ្វើការនៅការិយាល័យទេ គាត់​ឱ្យធ្វើការនៅផ្ទះហើយ និងមានការបែងចែកបុគ្គលិកខ្លះទៅតាមសាខា កុំឱ្យកកកុញគ្នាច្រើនពេក»។

លោកបន្តថា ការតម្រូវឱ្យកាត់បន្ថយវត្តមានបុគ្គលិកនៅកន្លែងធ្វើការ ឬបែងចែកភាគច្រើនទៅធ្វើការតាមផ្ទះនោះ នឹង​មិនប៉ះពាល់ដល់សេវា​ផ្តល់ប្រាក់កម្ចីនោះទេ។

ប្រធានមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា បង្ហាញពីក្តីបារម្ភចំពោះហានិភ័យដែលអាចកើតមាននៅថ្ងៃខាងមុខ ប្រសិន​បើរដ្ឋាភិបាលប្រើតែវិធានការទប់ស្កាត់ជំងឺឆ្លង តែមិនបានគិតពីគោលនយោ​បាយ​ទំនុកបម្រុងស្បៀងដល់អ្នកងាយរងគ្រោះនោះ។

លោកថា៖ «រឿងសុខភាពគាត់បារម្ភហើយ ប៉ុន្តែអ្វីដែលបារម្ភជាងនេះគឺការចំណាយប្រចាំថ្ងៃរបស់គាត់ ខ្លាចដាច់ពោះ ដល់ពេលហ្នឹ​ង​បើមនុស្សអត់មានចំណូលឬមួយមានបញ្ហាក្រពេះ គឺមនុស្សលែងខ្លាច​​ស្លាប់ហើយ ដូចជំនាន់ ​ប៉ុល ពត អ៊ីចឹង មនុស្សអត់​ចេះលួចក៏លួ​ចដែរ»។

កម្ពុជាបានរកឃើញជំងឺកូវីដ១៩ ឆ្លងចូលក្នុងសហគមន៍​ជាថ្មីទៀតចាប់តាំងពីថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២១នេះ ដែលរដ្ឋាភិបាលដាក់ឈ្មោះថា «ព្រឹត្តិ​កា​រណ៍​សហគមន៍២០កុម្ភៈ»។ គិតចាប់តាំងពីមានការឆ្លងក្នុងព្រឹត្តិការណ៍នេះមក មានមនុស្សចំនួន៥៤៩នាក់ហើយដែលបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ