ពលរដ្ឋ​នៅ​ក្រុង​ច្បារមន​ ស្នើ​ឱ្យ​អាជ្ញាធរ​ស្ថាប​នា​ផ្លូវ​លេខ​១៤៣​ឱ្យ​មាន​គុណ​ភាព​

ស្ថានភាពចរាចរណ៍លើកំណាត់ផ្លូវលេខ១៤៣ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្នើឱ្យអាជ្ញាធរស្ថាបនាផ្លូវលេខ១៤៣ ដោយពួកគេថា ផ្លូវជួសជុលហើយខូចវិញជាបន្តបន្ទាប់១០ឆ្នាំហើយ បង្កឱ្យហុយដី ប៉ះពាល់សុខភាព ពិបាកធ្វើដំណើរ និងជះឥទ្ធិពលដល់ការប្រកបមុខរបរតាមដងផ្លូវនេះ។​

អ្នកស្រី សូ ដានី ជាពលរដ្ឋរស់នៅភូមិផ្សារក្រមួន ក្នុងសង្កាត់ស្វាយក្រវ៉ាន់ បានរៀបរាប់ថាដោយសារតែមាន​ឡានធំៗដឹកថ្ម ដឹកក្រួស និងដឹកខ្សាច់ បានបើកបរជាបន្តបន្ទាប់ ហើយថ្នល់មានសភាពស្តើងផងនោះ ធ្វើឱ្យផ្លូវរងការខូចខាត បើទោះបីជាអាជ្ញាធរធ្លាប់បានស្ថាបនាជាច្រើនលើកមកហើយ។

ស្ថានភាពចរាចរណ៍លើកំណាត់ផ្លូវលេខ១៤៣ ស្ថិតនៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។ (ទួក ពិសិដ្ឋ)

អ្នកស្រីបន្ថែមថា ស្ថានភាពដីហុយខ្លាំងនេះបានប៉ះពាល់ដល់សុខភាពនិងការប្រកបរបរបស់អ្នកស្រី។

អ្នកស្រី សូ ដានី៖ «ចង់ឱ្យគេធ្វើផ្លូវហ្នឹង ស្រួលរកស៊ី ធ្វើទៅបាត់ហុយហ្មង មើលគាស់កាយៗ ថ្នល់ចាស់គេមាន មើលតែស្នាមដឹងហើយ តែវាស្តើងពេក និយាយរួមទៅធ្វើកេងចំណេញ។ មើលផ្លូវគេខាងនោះ គេចាក់បេតុង តែយើងមិនបាច់និយាយទេ ផ្លូវបេតុងគិតផ្សេង តែនេះឱ្យតែចាក់កៅស៊ូឱ្យរាងក្រាស់បន្តិចមក ហុយកន្លែងនេះខ្លាំងណាស់»។

ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី គឹម សាន រស់នៅភូមិស្វាយក្រវ៉ាន់ ក្នុងសង្កាត់ស្វាយក្រវ៉ាន់ មានប្រសាសន៍ថា អ្នកស្រីបានសង្កេតឃើញអាជ្ញាធរប្រើឡានទឹកបាញ់ដើម្បីកាត់បន្ថយដីហុយដែរប៉ុន្តែអ្នកស្រីថា វិធានការនេះមិនអាចដោះស្រាយបាននោះទេ ដោយសារតែមានឡានធំដឹកដី។

អ្នកស្រី គឹម សាន៖ «ឡានទឹកគ្នាមិនឈ្នះបាញ់ទេ បាញ់បានមួយស្របក់ ហុយទៀតហើយ បើឡានវាដឹកដី។ បានតែសើមៗទេ ខ្ញុំនៅជាប់ថ្នល់ អញ្ចឹងពិបាកណាស់ […] ឡានវាដឹកដីច្រើនពេល អញ្ចឹងទៅវាស្ងួត អូសទៅអូសមក ហុយដដែល»។

ចំណែកពលរដ្ឋម្នាក់ទៀតគឺលោក ឈិន សុវណ្ណ បានត្អូញត្អែរពីបញ្ហាដីហុយនេះបានបង្កផលប៉ះពាល់ដល់សុខភាព។

លោក ឈិន សុវណ្ណ៖ «សំណូមពររហូត ថាឱ្យជួយធ្វើផ្លូវហ្នឹងឱ្យស្អាតមក កុំឱ្យហុយ។ ហុយធ្វើឱ្យប្រជាជនឈឺ ក្មេងឈឺ ពីរបីថ្ងៃឈឺ វា​ហុយពេក […] ប៉ះពាល់រកស៊ី ហុយផង ជួនកាលយើងឈឺផង ហើយខោអាវហុយ ហាលបានតែមួយភ្លែតដឹងតែជាប់ហើយ»។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ថា ផ្លូវលេខ១៤៣នេះពិតជាកំពុងរងការខូចខាតបង្កឱ្យមានដីហុយពិតប្រាកដមែន ហើយថា អាជ្ញាធរកំពុងតែវាយតម្លៃដើម្បីស្ថាបនាផ្លូវនេះឡើងវិញ។

លោក វ៉ី សំណាង៖ «យើងមានគម្រោងធ្វើហើយ ប៉ុន្តែវាមិនមែនលុយហ្នឹងវាបានមកភ្លាមៗទេ ឥលូវកំពុងកូវីដផង អីផង អញ្ចឹងយើងពិបាក​។ ខ្ញុំមើលឃើញ ខ្ញុំជិះរាល់ថ្ងៃហ្នឹង ផ្លូវទៅផ្ទះខ្ញុំហ្នឹង គ្រាន់តែថាមិនមែនយើងអាជ្ញាធរមិនបានគិត មិនបានគូរ មិនបានមើលទេ យើងមើលប៉ុន្តែយកស្អីទៅធ្វើ អាហ្នឹងវាអញ្ចឹងទេ។ ខ្ញុំមើលឃើញរាល់ថ្ងៃ ផ្ទះខ្ញុំនៅហ្នឹង ប៉ុន្តែយើងត្រូវរងចាំនីតិវិធីរបស់គេ មានក្រុមការងារត្រួតពិនិត្យ ក្រុមវាយតម្លៃ ក្រុមស្អីគេ លទ្ធកម្មនោះយូរណាស់ មិនមែនមកភ្លាមៗកើតទេ»។

ទោះយ៉ាងណា អភិបាលខេត្តរូបនេះបានបញ្ជាក់ថា វិធានការក្នុងពេលបច្ចុប្បន្ននេះ លោកនឹងឱ្យក្រុមការងាររបស់លោកបន្តស្រោចទឹកបន្ថែមទៀត។

ចំណែកនាយករដ្ឋបាលខេត្តកំពង់ស្ពឺ លោក គុជ រាជសី បានឱ្យដឹងថា ចំពោះរថយន្តធំដែលដឹកថ្ម ដី និងខ្សាច់ នាពេលកន្លងមក ត្រូវបានអាជ្ញាធរអប់រំណែនាំឱ្យម្ចាស់ក្រុមហ៊ុនទាំងនោះបើកបរត្រឹមត្រូវតាមបច្ចេកទេស និងចូលរួមប្រើឡានទឹកដើម្បីបាញ់កាត់បន្ថយភាពហុយ។

លោក គុជ រាជសី៖ «កន្លងមក ផ្លូវហ្នឹងពីមុនវាស្អាតទេ ប៉ុន្តែមានការដឹកជញ្ជូន ប្រជាពលរដ្ឋធ្វើការចរាចរនៅលើផ្លូវហ្នឹងច្រើន ស្របនឹងរដូវយើងក្តៅផង ធ្វើឱ្យមានការហុយ ប៉ុន្តែកន្លងមកដូចជាមានការណែនាំហើយទាំងការដឹកជញ្ជូន សូមឱ្យខាងក្រុមហ៊ុនដឹកជញ្ជូនហ្នឹងធ្វើការស្រោចទឹកនៅតាមផ្លូវហ្នឹង ដើម្បីកុំឱ្យហុយប៉ះពាល់ដល់ប្រជាពលរដ្ឋដែរ។ ហើយការដឹកជញ្ជូនហ្នឹងឱ្យវាមានគម្លាត កាត់បន្ថយនូវល្បឿន ឱ្យគាត់បើកយឺតៗ»។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានបញ្ជាក់ថា កំណាត់ផ្លូវដែលហុយនេះមានប្រវែងជិត១០គីឡូម៉ែត្រដែលឆ្លងកាត់ភូមិមួយចំនួនដូចជា ភូមិផ្សារក្រមួន ភូមិស្វាយក្រវ៉ាន់ ភូមិស្រែត្របែក ភូមិព្រៃបេង ភូមិក្រាំង និង ភូមិស្គុះ ជាដើម ដោយពួកគេអះអាងថា រយៈពេលផ្លូវខូចនិងហុយនេះមានប្រមាណជាង១០ឆ្នាំមកហើយ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ