គណ​បក្ស​​ គបម​ ស្នើ​រដ្ឋា​ភិបាល​​ពង្រឹង​ប្រសិទ្ធ​​ភាព​ដោះ​ស្រាយ​វិបត្តិ​កូវីដ​១៩​​ដើម្បី​កុំ​​ឱ្យ​​​មាន​​ចលា​ចល​​សង្គម​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) អំពាវនាវ​ឱ្យរដ្ឋាភិបាលពង្រឹងវិធានការ​​គ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ដល់អ្នកដែលរងគ្រោះដោយសារវិបត្តិកូវីដ១៩ ដើម្បីទប់ស្កាត់កុំឱ្យមានចលាចលសង្គម​កើតឡើង ដោយ​​គណបក្សនេះបានផ្តល់អនុសាសន៍៦ចំណុច ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន ចុះថ្ងៃទី១០ ខែមីនានេះ បាន​លើកឡើ​ង​ថា ដើម្បីចូល​រួម​ទប់​ស្កាត់​វិបត្តិ​កូវីដ​១៩ កុំឱ្យមានភាពច​លាចលក្នុ​​ងសង្គម រដ្ឋាភិបាលត្រូវធ្វើការបញ្ជាក់ឱ្យបានច្បាស់លាស់ថែមទៀតដល់ប្រជាពលរដ្ឋ និងគួរអនុវត្តនូវ​វិធានការសំខាន់ចំនួន៦ចំណុច។

គណបក្សនេះបានគូសបញ្ជាក់​នូវវិធានការទាំងនោះថា រដ្ឋាភិបាលគួរ​គ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ​ក្នុងទ្រង់ទ្រាយធំឱ្យ​​បានទាន់ពេលវេលា ធានាចំពោះពលរដ្ឋថារាជរដ្ឋាភិបាលមានសមត្ថភាពពេញលេញក្នុងការទទួលយកអ្នកសង្ស័យមក​ធ្វើចត្តាឡីស័ក រួមទាំងការ​ផ្តល់កន្លែងស្នាក់នៅនិង​ការឧបត្ថម្ភផ្សេងៗអំឡុងពេលធ្វើចត្តាឡីស័ក និងព្យាបាល ព្រមទាំងត្រៀមបន្ថែម​នូវឧបករណ៍ជួយដល់ការដកដង្ហើម។

មួយវិញទៀត គណបក្សនេះក៏បានអំពាវនាវដល់រដ្ឋាភិបាល ត្រូវពង្រឹងការគ្រប់គ្រងករណីនាំចូលពីក្រៅប្រទេស និង​បង្ហាញពីការ​​ប្តេជ្ញាចិត្ត​ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពល​រដ្ឋឱ្យបានទូទាំងប្រទេសក្នុងពេលកំណត់ណាមួយ ព្រមទាំង​បង្ហាញផែនការច្បាស់លាស់ក្នុងការឧបត្ថម្ភ​ដល់អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋដែលរងគ្រោះផ្នែកសេដ្ឋកិច្ចដោយសារកូវីដ១៩។

វីអូឌី មិនទាន់អាចទាក់ទាក់ទងប្រធានគណបក្សនេះ លោក យ៉េង វីរៈ ដើម្បីសុំការពន្យល់បន្ថែមបាននៅឡើយទេ ដោយទូរសព្ទរបស់លោកគ្មានអ្នកទទួល។

តែយ៉ាងណា ក្រោយ​ការផ្ទុះឡើងថ្មីទៀតនៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ ដែលរដ្ឋាភិបាលហៅថា «ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ» នោះ រដ្ឋាភិបាលបានដាក់ចេញនូវចំណាត់ការជាបន្តបន្ទាប់ ដូចជា រៀបចំសណ្ឋាគារលំដាប់ផ្កាយ និងទីតាំងជាច្រើនទៀតនៅរាជធានីភ្នំពេញ ដើម្បីឱ្យ​អ្នកសង្ស័យ​ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺ ជាដើម។ ជាងនេះទៅទៀត រដ្ឋាភិបាល កាលពីយប់ម្សិលមិញ បានចេញបញ្ជា​ឱ្យមន្ត្រីរាជការ វិស័យឯកជន និងប្រជាពលរដ្ឋ រក្សាគម្លាតសង្គម ទាំងនៅទីប្រជុំជន និងនៅកន្លែងធ្វើការ ខណៈជំងឺឆ្លងនេះបាន​និងកំពុង​ឆ្លងរាលដាល​នៅរាជធានីភ្នំពេញ និង​បណ្តាខេត្ត-ក្រុងមួយចំនួន ដែលគិតត្រឹមថ្ងៃពុធនេះ មនុស្សជាង៦០០នាក់ ត្រូវបានរកឃើញឆ្លងជំងឺនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង​មនុស្ស​រាប់រយ​នាក់ទៀត ត្រូវបានយកសំណាកទៅពិនិត្យ ដើម្បីតាមដានសុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ