ស្រ្តី​ចិន​ម្នាក់​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា​ ខណៈ​បុរស​ចិន​១៥​នាក់​ត្រូវ​ឃាត់​ខ្លួន​ឱ្យ​ធ្វើ​ចត្តា​ឡីស័ក​នៅ​តាកែវ

ស្ត្រីជនជាតិចិនម្នាក់ដែលប៉ុនប៉ងធ្វើដំណើរចេញពីខេត្តព្រះសីហនុទៅភ្នំពេញ ត្រូវបានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច នៃខេត្តព្រះសីហនុ ឃាត់ខ្លួនបាននៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុ នឹងបណ្តេញ​ស្ត្រីជនជាតិចិនម្នាក់ដែលលួចចេញពីកន្លែងធ្វើចត្តាឡីស័កចេញពីប្រទេស​កម្ពុជា ខណៈអាជ្ញាធរខេត្តតាកែវ ក៏បានឃាត់ខ្លួនអ្នកដំណើរជនជាតិចិនជាង១០នាក់ឱ្យធ្វើចត្តាឡីស័កផងដែរ។

​អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់ VOD ឱ្យដឹងនៅថ្ងៃម្សិលមិញថា មានករណីស្ត្រីជនជាតិចិនម្នាក់បានលួចធ្វើដំណើរចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ តាមរថយន្តឈ្នួល​ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ លោកបន្តថា ពេលដល់ពាក់កណ្តាលផ្លូវ ស្ត្រីរូបនោះក៏ប្តូរទៅជិះរថយន្តទ្រុងដឹកទំនិញវិញ ដើម្បីគេចពីសមត្ថកិច្ច ប៉ុន្តែ​ត្រូវកម្លាំងសមត្ថកិច្ចប្រចាំការនៅគោលដៅព្រំប្រទល់ស្រុកកំពង់សីលា និងស្រុកភ្នំស្រួច ឆែកឃើញនៅយប់ថ្ងៃដដែលនោះ។

អ្នកនាំពាក្យរូបនេះបន្តទៀត​ថា មន្រ្តីសុខាភិបាលខេត្តបានយកសំណាកស្រ្តីរូបនោះទៅធ្វើតេស្តរកវីរុសកូវីដ១៩​ និងបានបញ្ជូនរូបគេទៅធ្វើចត្តាឡីស័​កមុននឹងបណ្តេញចេញពីប្រទេសកម្ពុជា។

លោក ឃាង ភារម្យ​ មានប្រសាសន៍តាមសារ Telegram ថា៖ «អាជ្ញាធរក៏ដូចជាមន្រ្តីជំនាញបាននាំគាត់មកធ្វើចត្តាឡីស័ក។ សូ​ម​បញ្ជាក់ថា បន្ទាប់ពីការធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយនិងការយកសំណាករួចរាល់ហ្នឹង យើងនឹងរៀប​ចំ​បែបបទ [និង] នីតិវិធីស្នើសុំបណ្តេញចេញ»។ 

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលសាលាខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹងហាមឃាត់អាជីវកម្មដឹកអ្នកដំណើរចេញនិងចូល​ខេត្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើកលែងរថយន្តដឹកទំនិញ តាមការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែ​ន ដើម្បីទប់ស្កាត់ការឆ្លង​​រីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីផ្ទុះករណីឆ្លងថ្មីនៅក្នុងទឹកដីខេត្តជាប់មាត់សមុទ្រមួយនេះ ពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ 

ទន្ទឹមគ្នានោះ អាជ្ញាធរ​ខេ​​ត្តតា​​កែ​​វ ក៏​បានឃាត់ខ្លួនបុរស​ជនជាតិចិនចំនួន២ក្រុមដែលមានចំនួនសរុប១៥នាក់ជាបន្តបន្ទាប់​ក្នុងរយៈពេលពីរថ្ងៃនេះផងដែរ។

ស្នងការរងនគរបាលខេត្តតាកែវ លោក មាស ទេន ប្រាប់ VOD ឱ្យដឹងថា ជនជាតិចិនមួយ​ក្រុម​ដែលមានគ្នា៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ នៅពេល​ដែល​ពួកគេទើបចុះពីរថយន្តឈ្នួលមួយ ហើយត្រូវប្រជាពលរដ្ឋឃើញក៏រាយកា​រណ៍ទៅសមត្ថកិច្ច។ លោកបន្តថា មន្ត្រីជំនាញកំពុងសួរនាំនិង​បានយកសំណា​​ករបស់ពួកគេដើម្បីធ្វើតេស្តរកវីរុសកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័​កនៅមន្ទីរពេទ្យខេត្ត។

ដោយឡែកនៅថ្ងៃនេះ លោកស្នងការរង ក៏បានឱ្យដឹងថា សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិន​មួយក្រុម​ទៀតដែលមានគ្នា៦នាក់នៅចំណុចព្រំដែនក្នុងឃុំជ័យជោគ ស្រុកបុរីជលសារ និង​បានបញ្ជូនទៅកាន់​រដ្ឋបាលខេត្ត ដើម្បីធ្វើការសាកសួរ និងដាក់ឱ្យនៅដាច់ដោ​យឡែក។

មន្រ្តីសមត្ថកិច្ចដដែល ប្រាប់ថា អាជ្ញាធរមិនទាន់ដឹងថា ជនជាតិចិនទាំងនោះធ្វើដំណើរមកពីណានិងមានគោលដៅទៅណានៅ​ឡើយ ដោយសារពួកគេផ្តល់ចម្លើយផ្សេងៗគ្នា ហើយក៏មិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយទៅលើពួកគេនៅឡើយ​។

លោក មាស​ ទេន មានប្រសាសន៍ថា៖ «គាត់ថាមកពីភ្នំពេញទេ គាត់មកដើរលេង គាត់ស្រវឹងស្រា ស្រវឹងអី។ គាត់ជិះដើរលេង។ ឥលូវអញ្ចឹងបានថា យើងកំពុងតែបន្តសួរ ដើម្បីឱ្យដឹងព័ត៌មានពិត ថាតើគាត់ធ្វើការនៅកន្លែងណា ហើយ​គាត់មកពីណា ហើយគាត់មាន​គោលបំណងទៅណា យើងកំពុងតែរកភាពពិតប្រាកដន័យរបស់គាត់»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការផ្ទុះរលកចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍សារជាថ្មី នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០២១ ដោយផ្តើមចេញពីក្លឹប​កម្សាន្តមួយកន្លែងនៅរាជធានី​ភ្នំពេញ ឈ្មោះ N8 ដែលរកឃើញស្រ្តីជនជាតិចិន ២នាក់ មានវិជ្ជមានកូវីដ១៩ ក្នុងចំណោមស្ត្រី ៤នាក់ ដែលបានលួចចេញពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា​ ក្រោមការជួយនាំផ្លូវពីប្រធានសន្តិសុខម្នាក់ ដើម្បីទៅចូលលេងកម្សាន្តនៅទីនោះ។

ក្រោយកើតហេតុការណ៍នេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៨ ខែកុ​ម្ភៈ ​ឆ្នាំ២០២១ ក្នុងនោះ ត្រង់មាត្រា៨ បានកំណត់ទោសទណ្ឌដល់ «អ្នកដែលផ្តើមគំនិត ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួ​លដោយចេតនាដល់អ្នកគេចចេញពីកន្លែងចត្តាឡីស័ក ដោយពិន័យជាប្រាក់ចាប់ពី១០លានរៀល ដល់៥០លានរៀល» ដោ​យមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ 

តាមរបាយការណ៍ពីក្រសួងសុខាភិបាល ចាប់តាំងពីមានការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ»មក អ្នកឆ្លងជំងឺនេះបានកើនដល់៦១៣នាក់ ដែលធ្វើឱ្យតួលេខឆ្លងសរុបកើនដល់១ ១២៤នាក់ ក្នុងនោះ អ្នកជា​សះ​ស្បើយមាន៥៤៩នាក់ និង​អ្នកជំងឺកំពុងសម្រាក​​ព្យាបាល​មាន៥៧៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ