វិភាគ៖​ ហេតុ​អ្វី​ សិង្ហបុរី​ ហ៊ាន​រិះ​គន់​ចំ​ៗ​ចំពោះ​ការ​ប្រើ​ហិង្សា​របស់​យោធា​ភូមា​លើ​បាតុករ​?​​

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UN Special Procedures)

ការប្រើប្រាស់ហិង្សាពីសំណាក់ក្រុមប៉ូលិសនិងយោធាភូមាទៅលើក្រុមបាតុករដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារ កាន់តែមានភាព​សាហាវទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ របាយការណ៍របស់សមាគមអ្នកទោសនយោបាយភូមា​ ដែលមានមូលដ្ឋាននៅប្រទេសថៃ បង្ហាញថា​ គិតត្រឹមថ្ងៃទី៩ ខែមីនា បាតុករជាង៦០នាក់បានបាត់បង់ជីវិត ហើយជិត២ ០០០នាក់​ទៀតត្រូវ​បាន​ឃុំខ្លួន​ពាក់ព័ន្ធនឹងការចូលរួមតវ៉ា។

ភ្លាមៗក្រោយរដ្ឋប្រហារនៅភូមា អាស៊ាន និងប្រទេសជាសមាជិកមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យមានកិច្ចសន្ទនានិងការផ្សះផ្សាគ្នា​សម្រាប់គ្រប់ភាគី ដើម្បីឱ្យភូមាវិលទៅរកស្ថានការណ៍ប្រក្រតីឡើងវិញ ដោយគោរពទៅតាម​គោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស និងការពារសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។

ជាថ្មីម្តងទៀត ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្ដីការបរទេសអាស៊ានដែលធ្វើតាមប្រព័ន្ធអនឡាញ​កាលពីថ្ងៃទី២ ខែមីនា អាស៊ាន​បានបង្ហាញក្តីបារម្ភចំពោះស្ថានភាពដែលកំពុងកើតឡើងនៅភូមា។

អាស៊ាន​ បានអំពាវនាវជាថ្មីឱ្យ​គ្រប់ភាគីចៀសវាងការញុះញង់ឱ្យមានអំពើហិង្សាបន្ថែមទៀត ហើយសម្រាប់គ្រប់ភាគីទាំងអស់ត្រូវអត់ធ្មត់និងបត់បែនឱ្យបានខ្ពស់បំផុត។​ អាស៊ាន ក៏បានទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាប្រកបដោយការស្ថាបនានិងការផ្សះផ្សាគ្នាជាក់ស្តែង ដើម្បីផលប្រយោជន៍របស់ប្រជាជននិងជីវភាពរស់នៅរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ ក៏អាស៊ានមិនបានប្រាប់ឱ្យចំៗទៅក្រុមយោធាដែលបានប្រើប្រាស់ហិង្សាលើបាតុករ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួននោះទេ។

ប៉ុន្តែក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែមីនានោះ រដ្ឋមន្រ្តីការបរទេស​សិង្ហបុរី បាននិយាយបរិហារ​ដោយមិនសំចៃមាត់ទៅលើការប្រើប្រាស់ហិង្សា​របស់ក្រុម​ប៉ូលិសនិងទាហានភូមា ដែលបានបង្រ្កាបរហូតដល់មានការបាត់បង់​ជីវិត​បាតុកររាប់សិបនាក់។

រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីស្នាន (Vivian Balakrishnan) បានថ្លែងថា សិង្ហបុរី គាំទ្រជានិច្ចនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក​អាស៊ាន និងសេចក្តីថ្លែងការណ៍របស់អាស៊ានដែលចេញកាលពីថ្ងៃទី១ ខែកុម្ភៈ។​

លោក​បានលើកឡើងថា ករណីនៅមីយ៉ាន់ម៉ា ជាវិញ្ញាសាមួយដ៏សំខាន់សម្រាប់អាស៊ាន​ក្នុងការបង្ហាញពី​សាមគ្គីភាព ភាពជឿជាក់ និងភាពពាក់ព័ន្ធគ្នារបស់ប្រទេសក្នុងអាស៊ាន។

លោកបាន​រំឭក​ដល់ប្រទេសជាសមាជិកដទៃទៀតថា វាមានសារៈសំខាន់ណាស់ដែលអាស៊ាន ត្រូវមើលគោលការណ៍របស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបទៅនឹង​សោកនាដកម្មដែលកំពុងកើតមានឡើងនៅក្នុងប្រទេសភូមា។ លោកបានបន្ថែមថា ប្រសិនបើអាស៊ាន​មិនធ្វើទេ នោះប្រទេស​ជាសមាជិកមិនមានជម្រើសអ្វីក្រៅតែពីការចេញសេចក្តីថ្លែងការណ៍កម្រិតប្រទេសតែប៉ុណ្ណោះ។

ក្រៅពីការជំរុញរបស់អាស៊ានឱ្យ​មានការឆ្លើយតបជាក់លាក់ ជុំវិញស្ថានការណ៍ដែលកំពុងកើតមានឡើង​​ក្នុង​ប្រទេសភូមា ក្នុងសេចក្តីថ្លែងការណ៍ជាកម្រិតប្រទេស រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏​បានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងជុំវិញស្ថានភាពនៅប្រទេសភូមា​ ដែលបណ្តាលឱ្យមនុស្សជា​ច្រើនស្លាប់និងរងរបួស។

រដ្ឋមន្រ្តីការបរទេសសិង្ហបុរីរូបនេះបានលើកឡើងថា៖ «យើងមានការរន្ធត់​យ៉ាងខ្លាំងចំពោះការប្រើប្រាស់កម្លាំងដ៏សាហាវរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករដែលពួកគេភាគច្រើន​ជាយុវជនដែលកំពុងស្វែងរក​អនាគតដ៏ភ្លឺស្វាង។ ការប្រើប្រាស់កម្លាំងដ៏​សាហាវប្រឆាំងនឹងជនស៊ីវិលដែលគ្មានអាវុធក្នុងកាលៈទេសៈណាក៏ដោយ គឺមិនអាចលើកលែងបានទេ»។

សិង្ហបុរី បានអំពាវនាវឱ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ា ប្តេជ្ញាចិត្តជាសាធារណៈតាមពាក្យសម្តីនិងការប្រព្រឹត្ដរបស់ខ្លួន ហើយអនុវត្តការងាររបស់ខ្លួនដោយអត់ធ្មត់បំផុត និងបញ្ឈប់​ការប្រើប្រាស់កម្លាំងដ៏សាហាវ និងធានាឱ្យបានថាគ្មានអំពើហិង្សានិងការបង្ហូរឈាមណាមួយកើតឡើងទៀតនោះទេ​ក្នុងពេលអនាគត។

ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសសិង្ហបុរី ហាក់មានភាពជាក់លាក់ជាងសេចក្តីថ្លែងការណ៍​របស់អាស៊ាន និងប្រទេសជាសមាជិកមួយចំនួនទៀត ដោយសិង្ហបុរីចង្អុលដោយចំៗថាសកម្មភាពរបស់ក្រុមយោធាភូមាមានភាពសាហាវ និងត្រូវបញ្ឈប់ជាបន្ទាន់។

តើមូលហេតុអ្វីបានជាសិង្ហបុរី​ ហ៊ាន​និយាយថាឱ្យដោយចំៗទៅក្រុមយោធាភូមាបែបនេះ?​

ការលើកឡើងរបស់សិង្ហបុរី អាចមានការយល់ឃើញថា ជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់​ភូមា។ ប៉ុន្តែសម្រាប់អ្នកជំនាញកិច្ចការអាស៊ាន និងទំនាក់ទំនងអន្តរជាតិ ២រូប បានប្រាប់ស្រដៀងគ្នាថា ការលើកឡើងរបស់សិង្ហបុរី មិនមែនជាការ​លូកលាន់កិច្ចការផ្ទៃក្នុងរបស់ភូមាអ្វីនោះឡើយ។​

សាស្រ្តាចារ្យជំនាញកិច្ចការអាស៊ាន នៃសាកលវិទ្យាល័យនរេសួន ក្នុងប្រទេសថៃ លោក Paul Chambers បានលើកឡើងតាមអ៊ីម៉ែល​ថា ​សិង្ហបុរី អាចនិយាយដោយចំៗថាឱ្យក្រុមយោធាដែល​ធ្វើរដ្ឋប្រហារទាំងនោះបាន មិនទាស់ខុសអ្វីនោះទេ។ លោកបានបន្ថែមថា សិង្ហបុរីអាចនិយាយដូច្នេះបាន ដោយសារតែសិង្ហបុរីជាប្រទេសមួយក្នុងតំបន់អាស៊ាន ដែលវិនិយោគច្រើន​គួរសមនៅក្នុងប្រទេសភូមា។

អ្នកជំនាញគោលនយោបាយ និងកិច្ចការអន្តរជាតិ នៃមហាវិទ្យាល័យ Occidental រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក លោក​សាស្រ្តាចារ្យ អៀ សុផល បានលើកឡើងថា ការនិយាយថា​​សិង្ហបុរីជ្រៀតជ្រែកឬមិនជ្រៀតជ្រែកកិច្ចការពារផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាន ជាការយល់ឃើញនិងទស្សនៈរបស់​មនុស្សម្នាក់ៗ។ លោកបានបន្ថែមថា ប៉ុន្តែសំណួរដែលសំខាន់ហើយត្រូវតែឆ្លើយ គឺថាតើ​គោលការណ៍មិនជ្រៀតជ្រែកនោះ មានន័យថា​នឹងបើកដៃឱ្យក្រុមយោធាសម្លាប់មនុស្សបានតាមចិត្តមែនឬទេ។

លោកយល់ថា ​ប្រសិនបើអាស៊ានចង់ឱ្យមហាជនជឿថាជាស្ថាប័នមួយដែលគួរឱ្យជឿទុកចិត្តបាន សហគមន៍នេះមិនត្រូវទទួលយកទង្វើរបស់ក្រុមយោធាភូមា​នោះឡើយ។

អ្នកជំនាញកិច្ចការអន្តរជាតិរូបនេះបានលើកឡើងថា សិង្ហបុរី មានទម្លាប់ដែលជាឥរិយាបថមួយ​ដែលល្អ គឺសិង្ហបុរីនិយាយដោយត្រង់ពីបញ្ហាដែលកើតមានឡើង ពោលគឺឃើញយ៉ាងម៉េច​ថាអញ្ចឹង។

កាលពីចុងខែតុលា ឆ្នាំ២០២០ អតីតអ្នកការទូតជើងចាស់ម្នាក់របស់សិង្ហបុរី Bilahari Kausikan បានលើកឡើងថា កម្ពុជានិងឡាវកំពុងស្ថិតក្រោមគន្លងយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ចិន។

លោក​សាស្រ្តាចារ្យ អៀ សុផល កត់សម្គាល់ថា ​ប្រទេសជាសមាជិកមួយចំនួនក្នុងតំបន់​ប្រើយុទ្ធសាស្រ្ត មើលមិនឃើញអំពើអាក្រក់ មិននិយាយពីអំពើអាក្រក់ និងស្តាប់មិនឮថាមានអំពើអាក្រក់ណាមួយកើតឡើងក្នុងតំបន់ទេ។ លោកបានបង្ហាញក្តីបារម្ភថា ការអនុវត្តនូវយុទ្ធសាស្រ្ត​នេះ នឹងធ្វើឱ្យអាស៊ានមានការបែកបាក់។

ទោះយ៉ាងណាក៏ដោយ លោក​មើលឃើញថា ប្រទេសជាសមាជិកខ្លះ ដែលក្នុងនោះមានសិង្ហបុរីជាដើម មិនអនុវត្ត​យុទ្ធសាស្រ្តនោះទេ ហើយតែងតែនិយាយចំៗពីបញ្ហាតែម្តង ដោយមិនមានការបត់បែនណាមួយឡើយ។

សាស្រ្តាចារ្យរូបនេះបន្ថែមថា ​ការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អាស៊ាន មិនសូវជា​មានទម្ងន់សម្រាប់ដាក់បន្ទុកទៅលើក្រុមយោធាភូមាប៉ុន្មាននោះទេ។ លោកឱ្យដឹងថា ​ការដាក់​ទណ្ឌកម្មប្រឆាំងមេដឹកនាំរដ្ឋប្រហារ​ដោយចំៗ ទើប​អាចធ្វើឱ្យគ្រប់យោធាស្តាប់អាស៊ានជាង។

លោក​សរសេរប្រាប់ វីអូឌី តាមអ៊ីម៉ែល កាលពីថ្ងៃពុធសប្តាហ៍មុនថា៖ «អាស៊ាន ត្រូវមានវិធានការ​​ជាក់លាក់​ដាក់ឧត្តមសេនីយ៍ទាំងនោះ ដើម្បីឱ្យពួកគេស្តាប់។ ឃើញហើយថា ចុងក្រោយការឱប​ក្រសោប​ក្រុមយោធាទាំងនោះ អស់ពេលជិតមួយទសវត្សរ៍មកនេះ មិនមានលទ្ធផលល្អនោះទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ