ម្ចាស់​ខារ៉ាអូខេ​២​កន្លែង​ដែល​បើក​រក​ស៊ី​ល្មើស​វិធាន​សុខា​ភិបាល​ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ភ្ញៀវចូលកម្សាន្ត និងបុគ្គលិកបម្រើការងារនៅខារ៉ាអូខេ ANGEL PALACE ពេលសមត្ថកិច្ចចុះបង្ក្រាបកាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលរាជធានីភ្នំពេញ)

អាជ្ញាធរភ្នំពេញ បាន​ឃាត់ខ្លួនមនុស្សចំនួន៥៧នាក់នៅខារ៉ាអូខេឈ្មោះ អេនជេលផាលេស និង​ខារ៉ាអូខេ អាត់ជួង ដែលបន្ត​បើកអាជីវកម្មល្មើសនឹង​វិធានសុខាភិបាល ដោយ​ម្ចាស់និងមេការហាង​ខារ៉ាអូខេទាំង២កន្លែង នឹងត្រូវបញ្ជូនទៅតុលាការ​។​

​អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថាកាលពីយប់ថ្ងៃទី១០ ខែមីនា កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សនៅខារ៉ាអូខេ អេនជេលផាលេស (ANGEL PALACE) ដែលមានទីតាំងនៅខណ្ឌ៧មករា ​ចំនួន២២នាក់ និង៣៥នាក់ទៀតនៅខារ៉ាអូខេ អាត់ជួង ស្ថិតក្នុង​ខណ្ឌមានជ័យ។ លោកបានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកទាំង៥៧នាក់នោះ ​អាជ្ញាធររក​ឃើញមនុស្ស៣នាក់ប្រើប្រាស់​គ្រឿង​ញៀន។

លោកបញ្ជាក់ថា អាជ្ញាធរកំពុងបន្តនីតិវិធី ដោយមិនទាន់សម្រេច​យ៉ាងណា​នៅឡើយ។

លោកថ្លែងថា៖ «៣នាក់ដែលផ្ទុកសារធាតុញៀននោះ យើងបញ្ជូនទៅបន្សាប។ ចំណែកខាងជំនាញព្រហ្មទណ្ឌកំពុងធ្វើ​ការបន្ត នឹងរង់ចាំបញ្ជាពីថ្នាក់លើ​សម្រេចជុំវិញករណី​ធ្វើតេស្តរកកូវីដ-១៩។ ឥលូវហ្នឹង យើងមិនទាន់បញ្ចប់ការសាកសួរនៅឡើយទេ ភាគ​ច្រើន​គឺភ្ញៀវដែលចូល នារីខារ៉ាអូខេ និងបុគ្គលិកអ្នកគិតលុយ ជាដើម»។  ​

អភិបាលរាជធានីភ្នំពេញ លោក ឃួន​ ស្រេង ប្រាប់វីអូឌីថា អាជ្ញាធរមិន​អនុ​ញ្ញាត​ឱ្យមាន​ការបើក​ខារ៉ាអូខេក្នុងកាលៈទេសៈដែលជំងឺឆ្លងកំពុងរីករាលដាលបានទេ ហើយសមត្ថ​កិច្ច​ក៏មិនអត់ឱនឱ្យម្ចាស់អាជីវកម្មណាដែលហ៊ានល្មើសបម្រាមនោះដែរ។​

លោកបានថ្លែងថា​៖ «នារីខារ៉ាអូខេ និងអ្នកច្រៀង ត្រូវឱ្យធ្វើកិច្ចសន្យា ហើយ​ស្កេនខ្យូ​​អរកូដ [QR code] ចត្តា​ឡី​ស័ក តាមវិធានសុខាភិបាល។ បើល្មើស យើងនឹងចាត់វិធានការ​បន្ត។ ចំពោះមេការនិងម្ចាស់​អាជីវកម្ម យើងត្រូវបញ្ជូនពួកគាត់ទៅតុលាការ ហើយទីតាំងនោះយើងដកអាជ្ញាបណ្ណ​ជា​រៀងរហូត»។ 

លោកបញ្ជាក់ថា វិធានការតឹងរ៉ឹងរបស់អាជ្ញាធររាជធានីភ្នំពេញ ​ធ្វើឡើងដើម្បីការពារ​អាយុ​​​ជី​វិត​​​ប្រជា​ពលរដ្ឋប៉ុណ្ណោះ ហើយ​លោកស្នើ​ឱ្យពលរដ្ឋចូលរួមសហការនិងយោគយល់។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ ​និង​សេវាកម្ម​កម្ពុជា កញ្ញា អ៊ូ ទេពផល្លីន មាន​ប្រសាសន៍ថា កញ្ញាស្វាគមន៍ចំណាត់ការប្រឆាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្នុងការចុះបិទ​ទីតាំងខារ៉ាអូខេទាំង២នេះ។ ប៉ុន្តែកញ្ញាស្នើឱ្យរដ្ឋាភិបាលពិចារណាផ្ដល់ការឧបត្ថម្ភ​នានាជូ​ន​ដល់​នារីខារ៉ាអូខេ និងអ្នកធ្វើការក្នុងវិស័យកម្សាន្ត ដើម្បីកុំឱ្យពួកគាត់លួចធ្វើការងារ​ទាំងប្រថុយ​គ្រោះថ្នាក់តទៅទៀត។

កញ្ញា អ៊ូ​ ទេពផល្លីន និយាយថា៖ «យើងយល់ពីចេតនាពីការការពារមិនឱ្យឆ្លង [កូវីដ-១៩] ប៉ុន្តែទន្ទឹម​នឹង​រដ្ឋា​ភិបាលគួរធ្វើអីបន្ថែមទៀត ដើម្បីទប់​កុំឱ្យឆ្លងជំងឺ ហើយឱ្យពលរដ្ឋ​ [អ្នកធ្វើការងារ​ក្រៅប្រព័ន្ធ] អាចរស់​បាន។​ ក្នុង​ដំណាក់​កាលនេះ តើរដ្ឋាភិបាលគួរតែជួយគាំទ្រ​អ្វីជាបណ្ដោះ​អាសន្ន  គួរគិតលើ​រឿងអ្នក​ដែលអត់ឃ្លាន ហើយធ្វើការងារទាំងប្រថុយប្រថាននេះ តើធ្វើម៉េចអាចឱ្យពួកគាត់​មានហូប​ផង»។

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកទីតាំងអាជីវកម្មគ្រប់ប្រភេទជាង១០០​ទីតាំងដែល​ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ-១៩ ក្នុង​​សហគមន៍ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះមក​។ ក្រសួងសុខាភិ​បាល​ឱ្យដឹងថា កម្ពុជាមាន​មនុស្សម្នាក់បានស្លាប់​ដោយជំងឺកូវីដ-១៩ និងមានអ្នកឆ្លង​សរុប ១ ១៦​៣​នាក់ ក្នុងនោះអ្នកកំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យមាន៥៦៥នាក់ គិត​មកដល់ព្រឹកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ