សមត្ថ​កិច្ច​ខេត្ត​ព្រះ​សីហនុ​ បាន​បង្រ្កាប​ការ​ផ្ញើ​គ្រឿង​ញៀន​ឱ្យ​អ្នក​ធ្វើ​ចត្តា​ឡីស័ក​៦​ករណី​រយៈ​ពេល​១​សប្តាហ៍​

ជនសង្ស័យដែលបានលួចដាក់បង្កប់គ្រឿងញៀនក្នុងសម្ភារ (នំ) ផ្ញើទៅឱ្យអ្នកជាប់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ផ្ទះបុគ្គលិកឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លួននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សមត្ថកិច្ចខេត្តព្រះសីហនុ បាន​បង្ក្រាប​ករណី​បង្កប់គ្រឿងញៀន​តាមកញ្ចប់បញ្ញើ និងនៅក្នុង​អាហារចូលកន្លែងធ្វើចត្តាឡីស័ក បានចំ​នួន៦ករណី ក្នុងនោះមាន៤ករណីត្រូវបានបញ្ជូនទៅតុលាការ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់ VOD យ៉ាងខ្លីនៅថ្ងៃទី១១ ខែមីនានេះថា គិតចាប់ពីមានការផ្អាកការធ្វើដំណើរចេញនិងចូលខេត្ត កាលពីថ្ងៃទី០៤ ខែមីនា រ​ហូតមក​ទល់ពេលនេះ សមត្ថកិច្ចបានទប់ស្កាត់ករណីលួចនាំគ្រឿងញៀនទៅឱ្យ​អ្នកកំពុងធ្វើចត្តាឡីស័ក​នៅ​កន្លែងធ្វើចត្តាឡីស័ក ចំនួន៦ករណី និងកំពុងរឹតបន្តឹងការត្រួតពិនិត្យលើកិច្ចការ​នេះ។

លោកថា៖ «ខ្ញុំបានជម្រាបជូនថា៦ករណី។ មកដល់ពេលនេះ យើងកំពុងអនុវត្តវិធានការរឹ​ត​បន្តឹងអំពីការងារចរាចរណ៍ និងកាន់កាប់សារធាតុញៀន​​នេះ អនុវត្តទៅតាមនីតិវិធីផ្លូវច្បាប់»

មន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុមួយរូបដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងបន្ថែមថា សមត្ថកិច្ចបានកសាងសំណុំរឿងចំនួន៤ករណី ដែល​មាន​ជនស​ង្ស័​យចំនួន៧នាក់ (ជនជាតិចិន ៥នាក់ និងជនជាតិវៀតណាម ២នាក់) បញ្ជូនទៅ​​តុលាការ និងកំពុងបន្តនីតិវិធីលើអ្នកពាក់ព័ន្ធ២ករណីផ្សេងទៀត។

មន្រ្តីនគរបាលដដែលបន្ថែមថា ដោយយោងតាមច្បាប់ប្រឆាំងការជួញដូរសារធាតុញៀនរបស់ព្រះរាជាណាចក្រកម្ពុជា ជនស​ង្ស័យពាក់ព័ន្ធអាចនឹងមានទោសជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ។ យ៉ាងណា ប្រភពដដែលមិនទាន់អាច​បញ្ជាក់ថា សារធាតុញៀ​នប៉ុន្មានក្រាម និងប្រភេទអ្វីខ្លះ ដែលបានដកហូតនៅឡើយ។

មន្រ្តីរូបនេះនិយាយថា៖ «ព្រោះឥលូវយើងអត់ទាន់ធ្វើការចប់ទេបង! ប៉ុន្តែគ្រាន់តែថាយើងបានបញ្ជូនទៅតុលាការ៤ករណីហើ​យ [មានគ្នា] ៧នាក់ ហើយនៅសល់២ករណី យើងកំពុងធ្វើនីតិវិធី»

តាមរបាយការណ៍ពីនាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០​២១ ករណីវិជ្ជមានកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ បានកើនដល់១៨០នាក់ ក្នុងនោះមានជនជាតិចិន១០៩​នាក់ បារាំង៣៦នាក់ កម្ពុជា១៩នាក់ និងវៀតណាម៦នាក់។

មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី សាទរចំពោះលទ្ធផលនៃការទប់ស្កាត់កា​រនាំយកគ្រឿងញៀនទៅឱ្យអ្នកដែលជាប់ធ្វើចត្តាឡីស័ករបស់អាជ្ញាធរ។

យ៉ាងណា លោកថា ភាគីពាក់ព័ន្ធគួរបង្កើនការត្រួតពិនិត្យបន្ថែមទៀត ដើម្បីចៀសវាងការថ្លោះធ្លោយដែលអាចនាំឱ្យអ្នកដែលកំពុងធ្វើចត្តាឡីស័កមានបញ្ហាសុខភាព ដោយសារការប្រើប្រាស់សារធាតុញៀន។

លោកថា បញ្ហាគ្រឿងញៀនក្នុងខេត្តព្រះសីហនុ គឺនៅតែឋិតក្នុងស្ថានភាពប្រឈមនៅឡើយ ពាក់ព័ន្ធនឹងការប្រើប្រាស់និងជួញដូរ ដែលមានទាំងជនជាតិខ្មែរ​និងជនបរទេស ដោយលោកថា បញ្ហាទាំងនេះ អាជ្ញាធរពាក់ព័ន្ធមិនទាន់មានចំណាត់ការដោះស្រា​​យឱ្យចំគោលដៅនៅឡើយ។

លោក ស្រេង វ៉ាន់លី មានប្រសាសន៍ថា៖ «សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្កើនវិធានការត្រួតពិនិត្យ និងអនុវត្តវិធានការផ្លូវច្បាប់បន្ថែមទៀតទៅលើអ្នកដែលជួញដូរធំៗ ក៏ដូចជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀនហ្នឹង ព្រោះឃើញថា បញ្ហាគ្រឿងញៀ​ននៅពេលដែលគាត់ប្រើប្រាស់ទៅ ធ្វើឱ្យគាត់បាត់បង់ស្មារតី ក៏ដូចជាសតិ ឬក៏គាត់ឈានរហូតដល់ការប្រព្រឹត្តបទល្មើសផ្សេងៗទៀត ដើម្បី​បានថវិកាទៅប្រើប្រាស់នូវគ្រឿងញៀន»

កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​ បុរសជនជាតិចិនវិជ្ជមានកូវីដ-១៩ វ័យ៣៩ឆ្នាំម្នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅម​ណ្ឌលច​ត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានក្រសួងសុខាភិបាលរាយការណ៍ថា រូបគេបានស្លាប់ដោយសាររើមេថ្នាំញៀនធ្ងន់ធ្ងរ ធ្វើឱ្យបេះដូងគាំងដំណើរការភ្លាមៗ។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងក្នុងពិធីមួយកាលពីដើមខែកុម្ភៈ ដោយ​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចរាចរគ្រឿងញៀន​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ដែល​លោក​ថា កំពុង​រីកសាយ​ភាយ​ទៅដល់ទី​ជនបទ ដែលទាមទារឱ្យគ្រប់ភាគីរួមគ្នាទប់ស្កាត់។

លោកមានប្រសាសន៍​ថា៖ «ឥលូវហ្នឹង គឺថា​មួយថ្ងៃ​យ៉ាងតិច​ណាស់៦ខេត្តទៅ១០ខេត្ត មាន​មួយ​ពីរ​ករណី។ រឿង​នេះ ​បើ​យើង​មិន​ស្រុះគ្នា​ដើម្បី​ធ្វើ​ទេ គ្រឿងញៀន​វា​ត្រួតត្រា​យើង​ថ្ងៃណាមួយ»។

​ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចុះផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១​ បាន​ឱ្យ​ដឹងថា ក្នុងឆ្នាំ២០២០ កម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀន​ចំនួន ១០ ៤៦១ ករណី ឃាត់ខ្លួន​ជន​សង្ស័យ​បានចំ​នួន ២១ ៥៦៦ នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ៣ ៨៧៥,៩០ គីឡូក្រាម និង​សារធាតុគីមី​ផ្សំ​សរុប​ទម្ងន់ ៤ ៤២៥ គីឡូ​ក្រាម ក្នុង​នោះបានបង្រ្កាបករ​ណី​ជួញ​ដូរ​ធំៗមាន​ចំ​នួន ៧៧ ករណី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ