មន្ត្រី​សុខា​ភិបាល​ខេត្ត​បាត់ដំបង​ កំពុង​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ស្ត្រី​ដែល​ឆ្លង​កូវីដ-១៩

មន្ត្រីជំនាញសុខាភិបាលធ្វើការយកសំណាកពីពលរដ្ឋម្នាក់នៅមណ្ឌលចត្តាឡីស័កមួយកន្លែងក្នុងខេត្តបាត់ដំបង ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបាត់ដំបង)

មន្ត្រីសុខាភិបាលនិងអាជ្ញាធរខេត្តបាត់ដំបង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងស្ត្រីខ្មែរម្នាក់ដែល​ផ្ទុក​វីរុស​កូវីដ-១៩ រស់នៅឃុំបាយដំរាំ ស្រុកបាណន់។

អ្នកនាំពាក្យ និងជាអភិបាលរងខេត្តបាត់ដំបង​ លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ថាស្ត្រីដែល​ផ្ទុក​វីរុស​កូវីដ-១៩នោះបានធ្វើដំណើរមកពីខេត្តព្រះសីហនុ ឆ្លងកាត់រាជធានី​ភ្នំពេញ រួច​ទៅដល់​ខេត្តបាត់ដំបង កាលពីអំឡុងដើមសប្តាហ៍នេះ។ ស្ត្រីរូបនោះត្រូវបាន​ក្រសួង​សុខាភិ​បាល​បញ្ជាក់​ថា វិជ្ជមានវីរុសកូវីដ១៩ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

លោក​បន្តថា រដ្ឋបាលខេត្តនិងមន្ត្រីពាក់ព័ន្ធបាននិងកំពុងតាមដានស្រាវជ្រាវរក​អ្នកដែល​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់និង​ប្រយោល​​នឹងអ្នក​ជំងឺរូបនេះ ដើម្បីយកសំណាកមកធ្វើតេស្តរកវីរុសកូវីដ-១៩ ប៉ុន្តែលោក​មិន​ទាន់​អាច​​បញ្ជាក់បានថា តើមានចំនួន​ប៉ុន្មាននាក់និងទីតាំងណាខ្លះដែលពាក់ព័ន្ធ​នៅឡើយ។​

លោកថា៖ «ឥលូវយើងកំពុងតែត្រួតពិនិត្យនៅផ្ទះគាត់ហ្នឹងហើយ ហើយយើងក៏បានដាក់យាមកាម​ហើយ ​មិន​ឱ្យ​​មានការចេញចូល។ ហើយទីពីរ ពាក់ព័ន្ធនឹងករណីគាត់ហ្នឹង​ យើងបានយកមកព្យាបាលហើយ»។

លោកបន្តថា​៖ «យើងក៏កំពុងធ្វើការស្រាវជ្រាវទាំងអ្នកបើកបររថយន្ត អ្នកជិះជាមួយ​ដើម្បី​យើង​ធ្វើ​សំណាក ដើម្បីយើងស្រាវជ្រាវបន្ថែម។ ហើយទន្ទឹមហ្នឹង ខេត្តក៏បានចេញ​សេចក្តី​សម្រេចមួយ​បង្កើត​ក្រុម​ការងារ​ស្រាវ​ជ្រាវនិង​តាមដានបុគ្គលសង្ស័យថាមានផ្ទុកកូវីដ-១៩ ខេត្តបាត់ដំបង»។

ពាក់ព័ន្ធនឹងករណីពលករខ្មែរដែលមកពីថៃតាមច្រកព្រំដែនក្នុងខេត្តបាត់ដំបងនេះវិញ លោក សឿម ប៊ុនរិទ្ធ មានប្រសាសន៍ថា មានការថយចុះច្រើន​ ដោយ​សារ​តែ​មាន​ចំណាត់​ការ​តឹង​រ៉ឹង​ពី​សំណាក់អាជ្ញាធរ​​ថៃ ពាក់ព័ន្ធនឹងការ​​ចេញ-ចូលប្រទសកម្ពុជា។

លោកថា៖ «ពលករយើងឥលូវនេះមានការថយចុះហើយ ដោយ​សារពីមុនរាប់រយនាក់ [ក្នុងមួយថ្ងៃ] ឥលូវក្នុង​មួយ​ថ្ងៃ​​ចូលម​ក បានន័យថា ខ្ទង់រាយ បានន័យថា ជួល​កាល ៣០​នាក់ ៤០​នាក់ ជួនកាល ៩០​នាក់។ ដូច​កាលម្សិល​មិញហ្នឹងចូលមក៩៥នាក់អីចឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ