រដ្ឋា​ភិបាល​បញ្ជា​ជា​​ថ្មី​​ឱ្យ​បង្កើន​វិធាន​ការ​ទប់ស្កាត់​កូវីដ-១៩​ ខណៈ​ចំនួន​អ្នក​ឆ្លង​កើន​ឡើង​ច្រើន​

រថយន្តមន្ទីរពេទ្យមួយគ្រឿងមកដឹកជនដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រាជធានីភ្នំពេញ។ (ជន ចាន់រ៉ែន)

​លោកនា​យក​រដ្ឋមន្ត្រី ហ៊ុ​ន សែ​ន បានចេញប​ញ្ជាជាថ្មី​ទៀត​ទៅមន្ត្រីពាក់ព័ន្ធឱ្យបង្កើនវិធានការទប់ស្កាត់ការ​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ ដោយឱ្យរក​សណ្ឋា​គារ២ទៀតធ្វើជាកន្លែងសម្រាប់​ព្យា​បាល និងបញ្ចេញពេទ្យយោធា ៣០០នាក់ មកជួយអន្តរាគមន៍ ដើម្បីទប់ទល់នឹងការហក់ឡើងនៃចំនួនអ្នកឆ្ល​​ងក្នុងសហគមន៍។

តាមរយៈសារជាសំឡេង​កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យរដ្ឋមន្ត្រី ៣រូប ទទួលខុសត្រូវ​លើបទ​បញ្ជាថ្មី​នេះ ដែលក្នុ​ង​​នោះមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួ​ងការពារជាតិ លោក ទៀ បាញ់។

លោក​បានបញ្ជាទៅឱ្យ​លោក ម៉ម ប៊ុនហេង ទទួលខុស​ត្រូវ​លើ​ការ​ផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ សម្រាប់ព្យាបាលនៅកន្លែងថ្មី រីឯលោក អូន ព័ន្ធមុនីរ័ត្ន ត្រូវទទួលបន្ទុកផ្គត់ផ្គង់ថវិកាបំប៉ន​បន្ថែមលើប្រាក់ខែនិងរបប​ផ្សេងៗរបស់យោធាដែលមានស្រាប់ ខណៈលោក ទៀ បាញ់ ទទួលខុសត្រូវ​លើ​ផ្នែក​​ផ្គត់ផ្គង់​ក្រុមគ្រូពេទ្យយោធាដែលត្រូវបញ្ចេញ ​ដើម្បីជួយជាកម្លាំងគ្រូពេទ្យស៊ីវិល ដែលកំពុងប្រតិបត្តិការជួយសង្គ្រោះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «យោបល់របស់ខ្ញុំ​សម្រាប់ពេទ្យពីរកន្លែងដែលរៀបចំនៅទីក្រុងភ្នំពេញនេះ ប្រសិនបើវាបានកើតឡើង គឺត្រូវប្រគល់ឱ្យ​ក​ងទ័ពរៀបចំនិងគ្រប់គ្រងតែម្តង ប្រើប្រាស់វេជ្ជបណ្ឌិតនិងគ្រូពេទ្យពីកងទ័ពដើម្បីគ្រប់គ្រង ហើយកម្លាំងសល់ពីនោះ ក៏ត្រូវរៀបចំត្រៀ​​មទៅកាន់អន្តរាគមន៍ទៅកាន់គោលដៅដែលមានហានិភ័យខ្ពស់»។

លោកបានគូសបញ្ជាក់ថា ការចេញបញ្ជាថ្មីនេះដោយមើលឃើញថា មួយរយៈចុងក្រោយនេះ កម្លាំងចេ​ញ​​ជួយសង្គ្រោះមានការនឿយហត់ «រួមទាំងការកើនឡើងយ៉ាងគំហុករបស់អ្នកជំងឺកូវីដ» ខណៈគ្រូពេទ្យស៊ីវិល​ត្រូវទទួលរ៉ាប់​រង​ព្យាបាល​ជំ​ងឺ​ពលរដ្ឋទូទៅផងនោះ។

លោកនាយករដ្ឋមន្ត្រី បន្តថា បញ្ហាប្រឈមនេះ លោកបានពិភាក្សា​រួចហើយជាមួយរដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ ដើម្បី​បញ្ចេញគ្រូពេទ្យយោធាឱ្យចេញមកជួ​យអន្តរាគមន៍គ្រូពេទ្យស៊ីវិល និង​បញ្ជាទៅមេបញ្ជាការកងទ័​ពជើងគោក ឱ្យសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីរកទីតាំ​ងបន្ថែមសម្រាប់ត្រៀមដោះស្រាយបញ្ហានេះ។

អភិបាលរាជធានី​ភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា ក្រុមការងារ​កំពុងសិក្សាជាអាទិភាព ដោយផ្តោត​លើ៣ទីតាំង ប៉ុន្តែលោក​មិនទាន់អាចប្រាប់ឈ្មោះទីតាំងនិងតម្លៃជួលបាន​នៅឡើយទេ ។

លោកថា៖ «សង្ឃឹមថាទីតាំងទាំង៣នេះ យើងជ្រើសរើសបានល្អ នៅទីតាំងមួយដែលធំហើយមានគុណភាពនិងប្រសិទ្ធភាពសម្រា​​​​ប់កា​រព្យាបាល តែទីតាំងនេះ ខ្ញុំមិនទាន់ជម្រាបជូនទេ តែយើងកំពុងធ្វើការចរចាជាមួយម្ចាស់ទីតាំងហើយ»។

ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសន៍ថា បទបញ្ជារបស់នាយករដ្ឋមន្ត្រីនេះ ក្រសួងបាននិងកំពុងរៀបចំហើយ។

លោកថា៖ «កិច្ចការនេះ គេធ្វើហើយ។ កុំខ្វល់នោះ រឿងអ៊ីចឹងៗនោះ»។

តែយ៉ាងណា លោក ទៀ បាញ់ បញ្ជាក់​ថា វេជ្ជបណ្ឌិតនិងពេទ្យយោធាដែលត្រូវបញ្ជូនចេញឱ្យមកជួយគ្រូពេទ្យស៊ីវិល ដើម្បីទប់ស្កាត់និងព្យាបាលកូវីដ-១៩នោះ សុទ្ធ​តែ​​អ្នកមានជំនាញនិងបទពិសោធន៍ច្រើនឆ្នាំ។

លោកថា៖ «វេជ្ជបណ្ឌិត ខាងពេទ្យហ្នឹង គេចេះគេដឹងហើយ។ វាដូចតែគ្នាទេ [ដូចពេទ្យស៊ីវិល] គេចេះ គេដឹង គេបានបណ្តុះបណ្តាលមករាប់ឆ្នាំមិនអស់ហើយ ឆ្លងតាមបទពិសោធន៍នេះ ក៏គេមាន​បទពិសោធន៍ដែរ»។

ប៉ុន្តែយ៉ាងណា លោកមិនប្រាប់ពីទំហំទឹកប្រាក់បំប៉នដែលពួកគេត្រូវទទួលបានអំឡុងចេញប្រតិបត្តិការនេះទេ ដោយ​ថា ក្រសួងហិរញ្ញវត្ថុជាអ្នកចាត់ចែង។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានទេ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ជំងឺរាតត្បាតកូវីដ-១៩ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការសហគមន៍២០កុម្ភៈ បានរាលដាលដល់រាជធានី-ខេត្ត​ចំនួន៩ហើយ ប៉ុន្តែខេត្តដែលក្រសួងសុខាភិបាលរកឃើញមានបញ្ហាប្រឈមជាងគេ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល និងខេត្តព្រៃវែង។

អ្នកនាំពាក្យសាលាខេត្តព្រៃវែង លោក ឈៀន សុវណ្ណរ៉ា ឱ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តសរុបមានចំនួន២៣នាក់ បូកទាំងអ្នកឆ្លងថ្មី៦នាក់ ដែលក្រសួងសុខាភិបាលប្រកាសនៅថ្ងៃម្សិលមិញ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វិធានការបន្ទាប់ ត្រូវពង្រឹងការធ្វើចត្តាឡីស័ក និងស្វែងរកអ្នកប៉ះពាល់ ដើម្បីយកសំណាកមកពិនិត្យ ទប់ស្កាត់កុំឱ្យមានការឆ្លងបន្ត។

ប្រធានមន្ទីរអប់រំខេត្តព្រៃវែង លោក​ ប៉ាវ សុធី និយាយថា សាលារៀនទាំងអស់នៅក្នុងខេត្តបូករួមទាំងមតេ្តយ្យសហគមន៍សរុបចំនួន ១ ០៥៧ កន្លែង បាន​បិទ ហើយថា ជម្រើសអាទិភាពដែលមន្ទីរផ្តល់ឱ្យសិស្ស គឺរៀនពីចម្ងាយ។

លោកថា៖ «ជាអាទិភាព​ យើងមិនអាចរៀនតាមបណ្តុំបានទេ គឺយើងរៀនតាមអនឡាញ តាមទូរទស្សន៍ Messenger និងតាម ZOOM ជាដើម»។

តែយ៉ាងណា ប្រធានមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់ផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់កុំឱ្យមានភាពចលាចលសង្គម  រដ្ឋាភិបាលត្រូវមានវិធានការពីរទន្ទឹមគ្នា គឺទាំងវិធានការទប់ស្កាត់ការឆ្លង និងវិធានការដោះស្រាយសេដ្ឋកិច្ចដល់​អ្នកដែលរងផលប៉ះពាល់ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ