ក្រសួង​បរិស្ថាន​កំពុង​សិក្សា​ប្រវត្តិ​​​​ផូស៊ីល​ឆ្អឹង​សត្វ​ដែល​​អាច​ជា​សត្វ​នៅ​សម័យ​ដែល​មាន​ដាយណូស័រ

ផូស៊ីលឆ្អឹងរកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ (ហ្វេសប៊ុក៖ Ministry of Environment)

ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុ​ងសិក្សា​ទៅ​លើ​ផូស៊ីល​ឆ្អឹង​សត្វ នៅ​កោះ​ប៉ា ​ជា​​ប់ព្រំដែន​ជម្រក​សត្វព្រៃ​តាតៃ ឃុំ​បាក់ខ្លង ស្រុក​មណ្ឌល​សីមា ខេត្ត​កោះ​កុង ដែលឆ្អឹងនេះអាចមានទំនាក់ទំនងនឹងសត្វក្នុងសម័យដែលមានដាយណូស័រស់នៅ។​

មន្ត្រី​នាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន លោក លឹម វណ្ណច័ន្ទ ត្រូវបានស្រង់ប្រសាសន៍មកផ្សព្វផ្សាយក្នុងទំព័រហ្វេ​សប៊ុកក្រសួងបរិស្ថានថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ មានការ​រកឃើញ​​ផូស៊ីល​ឆ្អឹងសត្វកប់ក្នុងថ្ម មាន​ប្រវែង៧០ស.ម និងទទឹង២០ស.ម នៅក្បែរ​ដែន​ជម្រក​សត្វ​ព្រៃ​តាតៃ។ 

លោកបន្តថា នេះអាចជាផូស៊ីលឆ្អឹង​សត្វដំបូងដែលរកឃើញ​នៅកម្ពុជា និងលេចចេញមកក្នុងស្រទាប់ថ្មភក់ផ្នែក​ខាង​​ក្រោមនៃកោះដែល​ទឹកសមុទ្រច្រោះរាល់ថ្ងៃ។

លោក​បន្ថែមថា៖ «តាមរយៈផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ [៦៥លាន-១៩០លានឆ្នាំ] មានន័យថា អាចមានទំនាក់ទំនងនឹងសត្វដែលរស់នៅក្នុងពេលដែលដាយណូស័រនៅមានជីវិត»។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​​ ថាការ​សិក្សា​ទៅលើ​ផូស៊ីល​ឆ្អឹង​សត្វ​នេះ គឺ​ជា​ការ​ស្រាវ​ជា្រវ​ថ្មីមួយ​ទៀត ​ដើម្បី​ធ្វើការ​ពិនិត្យ​ឱ្យដឹង​ថា​ តើ​នៅ​ក្នុង​តំបន់​ការ​ពារ​ធម្ម​ជាតិមានប្រវត្តិបែបណា និង​មានការវិវត្តយ៉ាងណា ពាក់ព័ន្ធនឹង​ធនធាន​ធម្មជាតិ​តាំងតែ​ពី​ដើម​​មក។

លោកថ្លែងថា៖ «យើង​សិក្សា​សក្តានុពលនៃប្រភេទធនធានធម្មជាតិនៅតំបន់មួយចំនួនដែលបាន​បន្សល់​ទុក​នូវផូស៊ីល ដើម្បីសិក្សាពីការ​​​ផ្សារ​ភ្ជាប់បច្ចុប្បន្ននិងអតីតកាល ពីការវិវត្តនៃប្រភេទធនធានធម្មជាតិរបស់យើង ក៏ដូចជាបេតិកភណ្ឌផ្សេងៗទៀតដែរ»។

លោកបន្ថែមថា៖ «អញ្ចឹង​គាត់ [មន្ត្រីជំនាញ​ក្រសួង] ធ្វើការសិក្សា គោលបំណងគឺ​​​ដើម្បីចងក្រងទិន្នន័យ​ឱ្យ​បាន​ច្បាស់​លាស់។ ហើយទី២ ដើម្បីធ្វើយ៉ាងម៉េចផ្សារភ្ជាប់ទៅនឹងគោលបំណងទេសចរណ៍ផងដែរ ពីព្រោះ​ការចូល​ទៅ​ទស្សនាក្នុងតំប​ន់​ការ​ពារ​ធម្មជាតិ នៅក្នុង​នាមជាទេសចរណ៍ធម្មជាតិ​នេះ គឺ​យើងមិនមែនមើលត្រឹមតែព្រៃ មើល​សត្វព្រៃ​នៅ​ពេល​បច្ចុប្បន្ន​ទេ ក៏ប៉ុន្តែត្រូវស្វែងយល់ពីអតីតកាលនៃតំបន់​នោះ ថាតើវាមានការវិវត្តយ៉ាងម៉េច»។ 

គួរបញ្ជាក់ថា កន្លងមក មន្ត្រីជំនាញក្រសួងបរិស្ថាន ក៏​ធ្លាប់បានធ្វើកំណាយ​ស្រាវ​ជ្រាវអំពីប្រភេទ ​ផូស៊ីល​មួយ​ចំនួនទៀត​ផងដែរ ដូចជា ផូស៊ីលដើម​ឈើដែលបានក្លាយជាថ្ម ប្រវែងប្រមាណ១៣ម៉ែត្រ និង​ទីតាំងផូស៊ីលឈើ​ចំនួន១៨កន្លែងផ្សេងទៀតដែលបាន​រកឃើញនៅក្នុង​​ដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី និង​​ ផូស៊ីលខ្យងថ្ម អាម៉ូនីត (Ammonite) ដែលបានរកឃើញកាលពីឆ្នាំ២០១៩ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ