កម្មករ​ជិត​៦០​នាក់​រង​​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ស្វាយរៀង​

មន្ត្រីខេត្តនិងមន្ត្រីកាកបាទក្រហម ចុះទៅសួរសុខទុក្ខនិងនាំយកអំណោយជូនកម្មករ-កម្មការិនីដែលរងគ្រោះក្នុងគ្រោះថ្នាក់ចរារាណ៍កើតឡើងនៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តស្វាយរៀង)

មន្ត្រីមន្ទីរការងារខេត្តស្វាយរៀង ឱ្យដឹងថា កម្មករជិត៦០នាក់បានរងរបួសធ្ងន់និង​ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត នៅព្រឹកថ្ងៃសុក្រនេះ។

អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុខឃឿន ប្រាប់ វីអូឌី ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ​រថយន្តកូរ៉េមួយគ្រឿងដែលដឹកកម្មករប្រមាណ៦០នាក់ បានបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យក្រឡាប់ចេញពីផ្លូវ។

តាម​ព័ត៌មានបឋមដែលមន្ត្រីរូបនេះ​ទទួលបាន គឺហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានបណ្តាលឱ្យកម្មករ៧នាក់របួសធ្ងន់ ៣នាក់របួសមធ្យម និង៤៨នាក់របួសស្រាល។

លោក អ៊ូ សុខឃឿន បន្ត​ថា ក្រោយកើតហេតុ អាជ្ញាធរពាក់ព័ន្ធបានចុះអន្តរាគមន៍ដោយដឹកអ្នករបួសទៅសង្គ្រោះតាមមន្ទីរពេទ្យនានាភ្លាមៗ។ លោកថា កម្មករ៦នាក់បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៥នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ៣៦នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូ និង ១១នាក់សម្រាកព្យាបាលនៅគ្លីនិក​បូពារ៍ ក្រុងបាវិត។

តែយ៉ាងណា លោក​​មិនទាន់អាចបញ្ជាក់ពីមូលហេតុជាក់លាក់នៃហេតុការណ៍ក្រឡាប់រថយន្តដឹកកម្មករនេះបាននៅឡើយទេ ដោយលោកថា រង់ចាំរបាយការណ៍ពីសមត្ថកិច្ចសិន។

យោងតាមរបាយការណ៍របស់​ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡា​​ជាតិសន្តិសុខសង្គម ដែលបានផ្សព្វផ្សាយ​កាល​ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១​ ឱ្យដឹងថា ក្នុងឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង​ទៅលើកម្មករនិយោជិត មានចំនួន១ ៩០០ករណី ដែលចំនួននេះមានការថយចុះជាងឆ្នាំ២០១៩ ចំនួន ៣១% ក្នុងនោះបានបណ្តាល​ឱ្យ​កម្មករស្លាប់៨៨នាក់ និងរបួស២ ១៨០នាក់៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ