ខេត្ត​មួយ​ចំនួន​​ណែនាំ​ពលរដ្ឋ​ឱ្យ​​​ផ្អាក​​រៀប​ចំ​ពិធី​​រៀបការ​​និង​ពិធី​ផ្សេងៗ​​បណ្តោះ​អាសន្ន​

រោងការដែលសង់នៅលើបណ្ដោយផ្លូវមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។ រូបភាព៖ Urban Voice Cambodia

រដ្ឋបាលខេត្តមួយចំនួនដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ បាន​ណែនាំឱ្យ​ពលរដ្ឋរបស់​ខ្លួនផ្អាករៀបចំ​​ពិធី​អាពាហ៍ពិពាហ៍និង​ពិធីជួបជុំផ្សេងៗដែលមិនចាំបាច់ជាបណ្ដោះអាសន្នសិន ដើម្បីចូលរួម​​ទប់​ស្កាត់​នៃ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

ខេត្តដែលបានចេញសេចក្តីណែនាំជាបន្តបន្ទាប់​ កាលពីថ្ងៃម្សិលមិញ និងថ្ងៃនេះ រួមមាន ខេត្តព្រះវិហារ​ កោះកុង ប៉ៃលិន កំពង់ចាម ស្វាយរៀង កំពង់ស្ពឺ និងឧត្តរមានជ័យ។

យោងតាមសេចក្តីណែនាំដែលមានអត្ថន័យ​ប្រហាក់ប្រហែលគ្នារបស់​រដ្ឋបាលខេត្តទាំងនោះ បាន​លើកឡើងថា ស្របពេលដែល​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ កំពុងបង្កជាក្តីបារម្ភកាន់តែខ្លាំង និងដើម្បីចូល​រួម​ទប់​ស្កាត់ការឆ្លងរាលដាលជំងឺនេះបន្ថែមក្នុងសហគមន៍នោះ ​អាជ្ញាធរ​ខេត្ត​ស្នើដល់​ប្រជាពលរដ្ឋផ្អាករៀបចំកម្មវិធីផ្សេងៗ រួមទាំងកម្មវិធីអាពាហ៍ពិពាហ៍ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន។

អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានថ្លែងសារ​ជាសំឡេងទៅកាន់អាជ្ញាធរក្នុងមូលដ្ឋាន​​ថា រាល់ការ​ជួប​ជុំ​នានាក្នុង​ពិធី​បុណ្យផ្សេង​ៗ​ដែលមិនចាំបាច់ ដូចជា បុណ្យផ្កា បុណ្យបច្ច័យបួន ជាដើម គឺមិនគួរ​​ត្រូវអនុញ្ញាតឱ្យ​ធ្វើ​នោះទេ និង​គួរតែផ្អាកជាបណ្តោះអាសន្ន​សិន។  

ដោយ​ឡែក សម្រាប់ពិធីបុណ្យដែលចាំបាច់ ដូចជា បុណ្យសព បុណ្យ​៧ថ្ងៃ និង១០០ថ្ងៃ ដែលមានការអនុញ្ញាតនោះ លោកថា ត្រូវតែរៀបចំយ៉ាងណា​ឱ្យមានគម្លាតសុវត្ថិភាព និងមិនត្រូវមានអ្នកចូលរួមច្រើននោះទេ។ ចំណែក ពិធីរៀបអាពាហ៍ពិពាហ៍វិញ បើចាំបាច់គួរតែរៀបចំដោយកាត់បន្ថយមនុស្សក្នុងមួយតុ ១០នាក់ មកនៅត្រឹម ៥នាក់។

លោកបញ្ជាក់ថា៖ «ចំពោះបុណ្យចាំបាច់ដាច់ខាត ត្រូវតែណែនាំគាត់ ដែលបុណ្យចាំបាច់ ដូចជា បុណ្យសព ១០០ថ្ងៃ ៧ថ្ងៃ អីហ្នឹង គឺធ្វើម៉េច​ឱ្យមានគម្លាតមនុស្ស ហើយកុំឱ្យមានការចូលរួមច្រើន ហើយតុដាក់ឱ្យ​អង្គុយ​គឺ៥នាក់​ដាច់​ខាត។ មង្គល​ការ​ផ្សេងៗ​ សូមឱ្យគោរពមួយតុ គឺ៥នាក់ ហើយដាក់តុ​ឃ្លាតៗ​គ្នា​។ ​បើគាត់​ធ្វើបាន​ តែបើ​ធ្វើមិន​បាន គឺមិន​ឱ្យការតែ​ម្ដង និយាយឱ្យដាច់ម៉ាត់អញ្ចឹង ប្រាប់ទៅគ្រប់កន្លែងទាំងអស់»។

គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសសរុប១ ២២៥នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៦១៩នាក់ ហើយកំពុងសម្រាកព្យាបាល៦០៤នាក់ និងស្លាប់ម្នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ