មេ​ខ្យល់​ជាង​១៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​​ ក្រោយ​រដ្ឋា​ភិបាល​រឹត​បន្តឹង​តាម​ព្រំដែន

ពលរដ្ឋខ្មែរដែលមានបំណងឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចនិងអាជ្ញាធរខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាន នៅចំណុចច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police)

សមត្ថកិច្ចនៅតាមបណ្តាខេត្តជាប់ព្រំដែន​ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរ និងវៀតណាម​ជាង១៣៤នាក់ ពាក់​ព័ន្ធ​នឹង​ការ​នាំ​ពលករ​ឆ្លង​ដែនខុសច្បាប់ ក្នុងអំឡុង​ពេលនៃការរឹតបន្តឹងច្រករបៀងតាមព្រំដែនរយៈពេលជាងមួយខែមកនេះ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍នៅចន្ទនេះ​ថា យោងតាមរបាយការណ៍របស់សមត្ថកិច្ចពីតាមបណ្តាខេត្តជាប់ព្រំដែន គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យម្សិលមិញ សមត្ថកិច្ចបានស្រាវជ្រាវតាម​ចាប់​មេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់​បានចំនួន៩៥ករណី ក្នុងនោះជនសង្ស័យ​ចំនួន​១៣៤នាក់។

លោកបន្តថា បច្ចុប្បន្ន​ ជនសង្ស័យជាមេខ្យល់ទាំងនោះត្រូវបានបញ្ជូនទៅតុលាការ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់។

លោកថា៖ «បញ្ជូន[មេខ្យល់ទាំងនោះ]ទៅតុលាការទាំងអស់»។

អធិការរងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក ទុយ ឆៃយ៉ា បានឱ្យដឹងថា តាមការអង្កេត ករណីលួចឆ្លងដែនខុសច្បាប់នៅតាមច្រកព្រំដែនក្នុងស្រុកនេះ គឺធ្វើឡើងដោយពលករ​ផ្ទាល់ ដោយពួកគេច្រើនលួចឆ្លងដែននៅពេលយប់។  

លោកមានប្រសាសន៍ថា៖ «យើងអត់មាន[ចាប់បានមេខ្យល់​]ទេ យើងជាប់ព្រំដែន ព្រោះយប់ ប្រជាជនគាត់ចូលដោយខ្លួនឯង»។

ប្រធានមជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានសាទរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ​កូវីដ-១៩នេះ។ ទោះយ៉ាងណា លោកចង់ឱ្យអាជ្ញាធរមានចំណាត់ការលើមេខ្យល់ទាំងនោះតាមផ្លូវច្បាប់ស្មើៗភាពគ្នា ខណៈលោកសង្កេតឃើញថា កន្លងមក អាជ្ញាធរចាប់បានតែមេខ្យល់តូចតាចប៉ុណ្ណោះ។

លោក​មានប្រសាសន៍ថា៖ «ទាល់តែការអនុវត្តច្បាប់ហ្នឹង គឺអនុវត្តទៅលើមេខ្យល់ណាដែលមានបណ្ដាញធំៗ ឬក៏ពាក់ព័ន្ធមន្រ្តីធំៗ ត្រូវចាត់វិធានការផ្លូវច្បាប់ឱ្យស្មើៗគ្នាអញ្ចឹង កុំឱ្យយើងចាប់តែតូចៗ ធ្វើបែបហ្នឹងបានអាចផ្ដាច់ឫសគល់មេខ្យល់ហ្នឹងបាន»។

លោកបន្ថែមថា៖ «អ្នកណា[មេខ្យល់​]ដែលគាត់ អ្នកដែលតូចតាច យើងគួរតែអប់រំ ហើយបង្កើនការអប់រំដល់ប្រជាពលរដ្ឋទៅអំពីការជួញដូរមនុស្ស ឬមួយក៏កម្លាំងពលកម្មអីអញ្ចឹងទៅ។ ជួន​កាល​​ទៅ ដូចខ្ញុំជម្រាប​ខាងដើមអញ្ចឹង អ្នកខ្លះមិនដឹងថាខ្លួនឯងបានជាធ្វើអញ្ចឹងផង ទៅជាខុសច្បាប់ដែរ»។

កាលពី​ខែមុន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ពង្រាយ​កងកម្លាំង​មានសមត្ថកិច្ច​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ជាប់​ប្រទេស​ថៃនិង​វៀតណាម ដើម្បី​ទប់ស្កាត់​កុំ​ឱ្យពលរដ្ឋ​ចំណាក​ស្រុក​​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេសឬវិល​ចូល​កម្ពុជា​វិញ ទាំង​មិនបាន​តាមដាន​សុខភាពឬធ្វើ​ចត្តាឡីស័​ករយៈពេល១៤ថ្ងៃ តាម​សេចក្តី​ណែនាំ​របស់ក្រ​សួង​សុខាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ