អ្នក​សារ​ព័ត៌មាន​ម្នាក់​នៅ​សៀមរាប​ ត្រូវ​គេ​វាយ​នឹង​ដំបង​បណ្ដាល​ឱ្យ​របួស​ធ្ងន់​

ចាងហ្វាងកាសែតអាណាចក្រខ្មែរ និងជាជនរងគ្រោះ លោក ប្រន ស៊ាន បង្ហាញរបួសនៅលើផ្ទៃមុខក្រោយរងហិង្សាពីសំណាក់ជនមិនស្គាល់មុខកាលពីយប់ថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅស្រុកស្វាយលើ​ ខេត្តសៀមរាប។ (ហ្វេសប៊ុក៖ សារព័ត៌មាន អាណាចក្រខ្មែរ)

ចាងហ្វាង​កាសែត​មួយរូប​ដែលជាជនរងគ្រោះ​ ស្នើ​សមត្ថកិច្ច​​ខេត្តសៀម​រាបតាមចាប់ខ្លួនជនល្មើសដែល​បាន​ប្រើដំបងវាយ​ទៅលើ​ខ្លួនបណ្តាលឱ្យ​រង​របួសធ្ងន់ នៅចំណុចមុខប្រាសាទបេងមាលា ក្នុងស្រុកស្វាយលើ។

ចាងហ្វាងកាសែតអាណាចក្រខ្មែរ និងជាជនរងគ្រោះ លោក ប្រន ស៊ាន រៀបរាប់ថា ហេតុ​ការ​ណ៍​ហិង្សាទៅលើ​រូបលោក​នេះ កើតឡើងកាល​ពីយប់រំលងអធ្រាត្រ​ថ្ងៃទី​១៣​ ឈានចូល​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយ​ជនមិនស្គាល់មុខបានវាយ​រូបលោកជាច្រើនដំបង នៅពេលដែលលោកកំពុងសម្រាន្តលង់លក់។

លោកនិយាយពីហេតុការណ៍នៅថ្ងៃនោះថា៖ «ខ្ញុំជិះឡានមកពីយកព័ត៌មាននៅស្រុកគូលេន​ ខេ​ត្តព្រះវិហារ ដល់កន្លែង​កើតហេតុហ្នឹង ខ្ញុំអស់កម្លាំងពេក ក៏នាំគ្នាចងអង្រឹងសម្រាក។ ស្រាប់​តែដល់​ម៉ោង​១២[យប់]ជាង មាន​​ប្រុស២នាក់ចេញពីព្រៃមកចូលវាយខ្ញុំតែម្ដង។ ខ្ញុំរបួសបែកក្បាលដេរអស់ជាង២០ថ្នេរ បាក់ធ្មេ​ញ​​អស់២ និង​ត្រូវមួយដំបងចំច្រមុះ​ទៀត​»។

លោក ប្រន ស៊ាន បន្តថា ករណីនេះជាករណីរៀបទុកជាមុន ដោយក្រុមអ្នកមាន​គំនុំជាមួយ​នឹងរូបលោក ដែលលោកសង្ស័យថា ក្រុមឈ្មួញរកស៊ីឈើខុសច្បាប់តែម្ដង។

លោកបន្ថែមថា៖ «អាជីពជាអ្នកកាសែត​ ខ្ញុំសរសេរព័ត៌មានច្រើនទាក់ទងនឹង​បទល្មើសនានា​។ ខ្ញុំគិតថា ករណីខ្ញុំនេះជាករណីពាក់ព័ន្ធនឹងពួកអ្នករកស៊ីឈើខុសច្បាប់តែម្ដង»។

ជនរងគ្រោះ និងសមា​គមការពារអ្នកកាសែត ចាត់ទុកថា អំពើហិង្សានេះជាករណីគំរាមកំហែងថ្មីមួយទៀតដល់សុវត្ថិភាពអ្នកសារព័ត៌មាននៅកម្ពុជា និង​ស្នើឱ្យ​សមត្ថ​កិច្ចតាមចាប់ខ្លួនជនបង្កហិង្សាមកផ្ដន្ទាទោសតាមច្បាប់។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅ ខេមបូចា លោក ណុប វី មានប្រសាសន៍ថា អ្នកសារព័ត៌មានដែលរាយការណ៍ពីអំពើអសកម្មនានាក្នុងសង្គមកម្ពុជា តែងរកការគំរាម​កំហែង​ជារឿយៗ រួមមាន ការ​យាយីតាមផ្លូវតុលាការ និងការ​ប្រើហិង្សា រហូតមានករណី​សម្លាប់​ផង។លោកបញ្ជាក់ថា អំពើហិង្សាជាថ្មីលើអ្នកកាសែតនេះជាប្រការគួរឱ្យព្រួយបារម្ភ។

លោកថា៖ «បើជនល្មើសបន្តរស់នៅ​ក្រៅសំណាញ់ច្បាប់ ដូច្នេះការធ្វើទុក្ខបុកម្នេញ​លើ​អ្នកសារព័ត៌មាននឹង​នៅតែបន្តកើត​មានឡើង។ ខ្ញុំស្នើឱ្យមានវិធានការចាំបាច់ឈានទៅ​វែក​មុខ​ជនបង្កនិងអ្នកនៅពីក្រោយខ្នងមកផ្ដន្ទាទោសតាមច្បាប់»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា ក្រសួង​នឹង​ស្រាវ​ជ្រាវករណីហិង្សាលើអ្នកសារព័ត៌មាននៅខេត្ត​សៀមរាបនេះ ហើយនឹងជម្រាបជូនព័ត៌មាន​នៅពេលក្រោយ។

ទាក់ទងនឹងបញ្ហានេះ អធិការនគរបាលស្រុកស្វាយលើ លោក ស៊ុន អេង ប្រាប់ វីអូឌី ថាលោក​បានទទួលពាក្យបណ្ដឹងរួចហើយ និងកំពុង​បន្តស្រាវជ្រាវរកជនល្មើសយក​មកផ្តន្ទាទោសតាមច្បាប់។

លោកមានប្រសាសន៍ថា៖ «ពិបាកដែរបង! ជនរងគ្រោះគាត់ទៅដេក​កណ្ដាលព្រៃ។ ដល់អញ្ចឹង​យើង​មិនទាន់កំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យបាននៅឡើយ។ សរុបមក រឿងនេះយើងកំពុងតាមដាននិងស្រាវជ្រាវ»។

កាលពីខែកញ្ញា ឆ្នាំ២០២០ ក៏មានករណីហិង្សាលើអ្នកកាសែតស្រដៀងគ្នានឹងករណីនៅខេត្ត​​សៀម​រាបនេះដែរ។

កាលនោះ អ្នកសារព័តមាន២នាក់ត្រូវបានគេវាយនឹងដំបងបណ្ដាលឱ្យរបួសធ្ងន់ ពេលពួកគាត់​សម្រាន្ត​ក្នុងរថយន្ដចាំឃ្លាំមើលឡានដឹកឈើ តាមបណ្តោយផ្លូវជាតិលេខ៧ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

អ្នកសារព័ត៌មានដែលរងរបួសទាំងពីរនាក់នោះមានឈ្មោះ រេន សំណាង អាយុ២៩ឆ្នាំ ធ្វើការនៅសារព័ត៌មានអនឡាញឈ្មោះ PNM ឬ «ភ្នែកម្នាស់» និងលោក មួក សារ៉ែន អាយុ៤០ឆ្នាំ ដែលរាយការណ៍ឱ្យ​សារព័ត៌មានឈ្មោះ «ចក្រភព»។ អ្នកទាំងពីរបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីវែកមុខជនបង្ក ប៉ុន្តែគិតមកដល់ថ្ងៃទី១៥ ខែមីនានេះ សមត្ថកិច្ចមិនទាន់ចាប់ជនសង្ស័យបាននៅឡើយ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ស្នើឱ្យពន្លឿន​ការស៊ើបអង្កេតករណីហិង្សាលើអ្នកសារព័ត៌មាន ដើម្បីបង្ហាញពីនីតិរដ្ឋនៅកម្ពុជា។

លោកថា៖ «វាជាការព្រួយបារម្ភសម្រាប់អ្នកសារព័ត៌មាន អាជ្ញាធរ​ចាត់​វិធានការ​ឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យជនដៃដល់ឬជនឧក្រិដ្ឋទាំងហ្នឹងហ៊ានប្រព្រឹត្ត​អំពើល្មើស​​ច្បាប់​តទៅទៀត»។

ចាងហ្វាងកាសែតអាណាចក្រខ្មែរ និងជាជនរងគ្រោះ លោក ប្រន ស៊ាន បានប្រកបអាជីពជា​អ្នកសារព័ត៌មានអស់រយៈពេល១៥ឆ្នាំមកហើយ។ កាសែត អាណាចក្រខ្មែរ ចេញផ្សាយរាល់​បីខែ​ម្ដង និងចេញអត្ថបទប្រចាំថ្ងៃតាមអនឡាញ។ លោក ប្រន ស៊ាន បញ្ជាក់ថា លោកកំពុង​តែបារម្ភពី​សុវត្ថិភាពកាន់តែខ្លាំងថែមទៀត ​នៅពេល​ដែល​អាជ្ញាធរមិនទាន់អាចចាប់​ជនបង្ក​បាន។

កាលពីខែវិច្ឆិកា ឆ្នាំមុ​ន​ ស្ថាប័នចំនួន៤ រួមមាន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (Cam​boja) មជ្ឈ​មណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ក្លិបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ បានកត់សម្គាល់ឃើញថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន១៥នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនត្រូវសម្លាប់ដោយ​សារតែការងារ។

ស្ថាប័នទាំងនេះរកឃើញថា ចាប់ពីខែមករា ដល់ខែតុលា អ្នកសារព័ត៌មាន ៥៩នាក់ បានទទួល​​រងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន និងការរងបណ្តឹងពីតុលាការ។ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ត្រូវបានចាប់ខ្លួន ៧នាក់ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់​។

នៅខែវិច្ឆិកា ឆ្នាំ២០២០ សង្គមស៊ីវិលក្នុងស្រុកចំនួន៥៧ស្ថាប័ន បានអំពាវឱ្យបញ្ឈប់ការយាយីអ្នកសារព័ត៌មានពីគ្រប់រូបភាព រួមមាន ការគំរាមកំហែងដោយពាក្យសម្ដី ការប្រើប្រាស់ហិង្សា ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ ពិសេសគឺការសម្លាប់អ្នកសារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ