មន្រ្តី​ក្រសួង​កិច្ចការ​នារី​ លើក​ទឹក​ចិត្ត​ឱ្យ​អតីត​ភរិយា​ឧកញ៉ា​ ឌួង​ ឆាយ​ ប្តឹង​ទៅ​សមត្ថ​កិច្ច​ដើម្បី​ជួយ​រក​យុត្តិធម៌​

សកម្មភាពប្រើអំពើហិង្សាពីសំណាក់លោក ឌួង ឆាយ ទៅលើអតីតភរិយា អ្នកស្រី ដេត ម៉ារីណា ដែលអះអាងបានកើតឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ហើយវីដេអូនោះត្រូវបានបង្ហោះជាសាធារណៈនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ តាមរយៈគណនីហ្វេសប៊ុកអ្នកស្រី ដេត ម៉ារីណា។ (ហ្វេសប៊ុក៖ Deth Malina ដេត ម៉ាលីណា)

មន្រ្តីក្រសួងកិច្ចការនារី ចាត់ទុកការប្រើប្រាស់ហិង្សារបស់ឧកញ៉ា ឌួង ឆាយ លើអតីតភរិយា ជារឿងសាហាវដែលមិនអាចទទួលយកបាននោះទេ ហើយជំរុញឱ្យស្រ្តីរូបនោះ​ដាក់ពាក្យបណ្តឹង​ដើម្បីទទួលនូវយុត្តិធម៌។

កាលពីម្សិលមិញ លោកស្រី ដេត ម៉ារីណា ដែលជាអតីតភរិយាឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូនៃការប្រើប្រាស់ហិង្សាពីសំណាក់​អតីតស្វាមីលើរូបនាងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក

អគ្គនាយករងទទួលបន្ទុកវិស័យកិច្ចការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី លោកស្រី ស ស៊ីណែត មានប្រសាសន៍ថា បើសិនជាលោកស្រី ដេត ម៉ាលីណា ត្រូវ​បានអតីត​ស្វាមីដែលជាឧកញ៉ា ឌួង ឆាយ បង្កហិង្សាវាយធ្វើបាបរហូត​ដល់​​ជាំស្មា ជាំមុខ រង្វង់ភ្នែក និងជាំជើង ដូចក្នុងវីដេអូដែលបង្ហោះលើបណ្តាញសង្គមប្រាកដមែន លោកស្រីថា ជនរងគ្រោះមានសិទ្ធិប្តឹងទៅអាជ្ញាធរពាក់ព័ន្ធដែលនៅជិតបំផុត ដើម្បីជួយរកយុត្តិធម៌ឱ្យគាត់។

លោកស្រីមានប្រសាសន៍ថា៖ «នៅក្នុងខ្លីបវីដេអូហ្នឹង​សាហាវណាស់ មិនទាន់ផុតអាជ្ញាយុកាលនៃបទល្មើសនោះទេ។ ខាងស្រីគាត់មានសិទ្ធិដាក់ពាក្យប្តឹង ប៉ុន្តែសម្រាប់ក្រសួងកិច្ចការនារី នៅតែទទួលយកអត់បានគ្រប់ទម្រង់នៃអំពើហិង្សា មិនអាចទទួលយកបាន គឺជាទង្វើខុសច្បាប់ ហើយស្ត្រីត្រូវស្វែងរកជំនួយផ្នែកច្បាប់ និងត្រូវទទួលបានយុត្តិធម៌»។

ចំណែកទាក់ទងនឹងកូន បើសិនជាអតីតពីរនាក់ប្តីប្រពន្ធលែងលះគ្នាដោយមានសាលក្រមរបស់តុលាការ​ ហើយ​ភាគីម្តាយជាអ្នកមានសិទ្ធិថែរក្សាកូននោះ លោកស្រីថា ភាគីជាស្វាមីក៏មានសិទ្ធិសួរសុខទុក្ខកូននិងទៅលេងកូនបានដែរ។

វីអូឌី មិនអាចសុំការបំភ្លឺពីលោកស្រី ដេត ម៉ារីណា ដែលជាអតីតភរិយារបស់​ឧកញ៉ា ឌួង ឆាយ  បានទេនៅថ្ងៃនេះ។

ឧកញ៉ា ឌួង ឆាយ បានបកស្រាយតាមរយៈការឡាយ (Live) នៅលើទំព័រ​ហ្វេសប៊ុករបស់លោក នាព្រឹកថ្ងៃនេះថា រូបលោក​​ទទួលស្គាល់កំហុស​ថា ​ពិត​ជា​បានប្រើអំពើហិង្សាលើអតីត​ភរិយារបស់គាត់​ពិតមែន ប៉ុន្តែរឿងនោះជារឿងចាស់កាលពីចុងឆ្នាំ២០២០ ពីព្រោះក្រោយពីបង្កហិង្សាពួកគេបានសម្រេចចិត្តលែងលះគ្នាមួយរយៈ។

ក្រោយមក លោក ឌួង ឆាយ អះអាងថា រូបលោក​ក៏ត្រូវរ៉ូវគ្នាវិញក្រៅផ្លូវច្បាប់ និងបានរស់នៅជាមួយគ្នាបានប្រហែល​ជា២ទៅ៣​ខែ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​ជាថ្មី ជុំវិញ​រឿងអតីតភរិយា​មិនព្រមមើលថែកូន​ឱ្យបានដិតដល់ ប៉ុន្តែជម្លោះនោះមិនបានបង្កហិង្សាលើអតីតភរិយានោះទេ។

លោក ឌួង ឆាយ ថ្លែងទៀតថា ដើមចមដែលនាំឱ្យរូបលោក​ប្រើអំពើហិង្សាលើអតីតភរិយាកន្លងមកនោះ ដោយសារតែរឿងជម្លោះផ្ទៃក្នុងគ្រួសារ ហើយអតីតភរិយា​បានរឹតត្បិតសេរីភាពរបស់លោក​ជាដើម។

លោកបកស្រាយដូច្នេះថា៖ «បើសិនជាមិនមានជនទី៣ បងប្អូនពូមីង​ពិចារណាទៅ មនុស្សស្រីដាច់ចិត្តលែងប្តីខ្លួនឯង ដោយប្តីខ្លួនឯងមិនទាន់ប្រើហិង្សាមកលើយើង​ជាលើកចុងក្រោយផងហ្នឹង មិនមែនលែងខ្ញុំមុនខ្ញុំប្រើហិង្សាលើគាត់ផង ដោយសាររឿងឱ្យខ្ញុំទៅក្រៀវ ដោយសារវិបត្តិសេដ្ឋកិច្ច ដោយសារគាត់ទទួលបន្ទុកក្នុងគ្រួសារមួយរយៈខ្លី ចូលប៉ុន្មានខែហ្នឹង មនុស្សស្រី បើមិនមានអ្នកណានៅពីក្រោយ មិនមានបង្អែករឹងមាំគ្រប់គ្រាន់ មិនអាចធ្វើរឿងនេះបានទេ បងប្អូន»។

វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានទេនៅថ្ងៃនេះ។

ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង មានប្រសាសន៍ថា លោកសុំមិនបកស្រាយជុំវិញករណីនេះ ដោយសារមិនទាន់ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយនៅឡើយ ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលតាមដានករណីនេះ ពន្យល់ថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការស្រាវជ្រាវលើសំណុំរឿងឧកញ៉ា ឌួង ឆាយ ដែលបង្កហិង្សាលើអតីតភរិយា ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។

លោកស្រីមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេត ហើយធ្វើការធានាផ្តល់យុត្តិធម៌ ហើយការគាំពារដល់ជនរងគ្រោះ ដើម្បីធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យមានវប្បធម៌និទណ្ឌភាពចំពោះជនទាំងឡាយណាដែលប្រើប្រាស់អំពើ​ហិង្សាហ្នឹង»។

សូមរំឭកថា ឧកញ៉ា ឌួង ឆាយ និងប្អូនប្រុសឈ្មោះ ឌួង គឹមឡុង រួមជាមួយអង្គរក្ស ២ទៅ៣នាក់ទៀត ធ្លាប់បានប្រើអំពើហិង្សាវាយទៅលើ​​យុវជនមួយក្រុមឱ្យ​រងរបួស​នៅក្នុងហាង​មួយកន្លែងឈ្មោះ ហ្គេឡាងឡារ៉ង់ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣។ ពាក់ព័ន្ធនឹងហេតុការណ៍នោះ សាលាដំបូងរាជធានីភ្នំពេញ បាន​សម្រេចដាក់ពន្ធនាគាររូបលោកចំនួន ៣ឆ្នាំ៦ខែ ពីបទ «ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ»។ ប៉ុន្តែលោក ឌួង ឆាយ បានប្តឹងទាស់ទៅសាលាឧទ្ធរណ៍។ ក្រោយ​មក នៅ​ដើម​ខែតុលា ឆ្នាំ២០១៣ សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍ បាន​បើក​ជំនុំ​ជម្រះ​លើ​សំណុំ​រឿងរបស់លោក​ ឌួង ឆាយ ជាថ្មី និង​​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​ភ្នំពេញ ក៏​ប៉ុន្តែបាន​កែ​កម្រិត​ផ្តន្ទាទោសរូបលោក មក​អនុវត្ត​ទោស​ដាក់​ពន្ធនាគារ​ត្រឹម​តែ៦ខែប៉ុណ្ណោះ ឯ​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ទាំងអស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ