អាជ្ញាធរ​​ណែនាំ​ឱ្យ​​ផ្អាក​ពិធី​ជួប​ជុំ​ទ្រង់​ទ្រាយ​ធំ​​​មួយ​ចំនួន​ ដើម្បី​ទប់​ស្កាត់​​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​​ពិធី​ទាំង​នោះ​

មន្ត្រីនិងអាជ្ញាធរខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងណែនាំដល់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍មួយកន្លែង ឱ្យអនុវត្តតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងបាត់ដំបង)

អាជ្ញាធររាជធានី-ខេត្តមួយចំនួនបានចេញបម្រាមផ្អាកជាបណ្តោះអាសន្ននូវ​ការរៀបចំពិធីមង្គលការ ពិធីបុណ្យបែប​សាសនា និងកម្មវិធីជួបជុំ​ផ្សេង​ៗ ​ដើ​ម្បី​ទប់ស្កាត់រ​ល​ក​ចម្លងជំងឺកូវីដ-១៩ ក្រោយពីមានអ្នកឆ្លងជំងឺនេះខ្លះបានទៅចូលរួមពិធីមង្គលការដែលបង្កជាហានិភ័យដល់អ្នកផ្សេងទៀត។​

ការចេញបម្រាមនេះធ្វើឡើងក្រោយពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញ បានបង្ហាញពីការព្រួយបារម្ភពីករណីចម្លងចេញពីរោងការ និង​បាន​បញ្ជាទៅ​អាជ្ញាធរពាក់ព័ន្ធឱ្យបង្កើនវិធានការទប់ស្កាត់ ក្រោយ​ពី​មានមនុស្ស២នាក់ត្រូវបានរកឃើញមានផ្ទុកជំងឺនេះ ក្រោយពីវិលត្រឡប់ពីចូលរួមពិធីមង្គលការនៅខេត្តតាកែវ និងកំពត។

លោកថា៖ «សុំស្នើយកចិត្តទុកដាក់ ព្រោះថាឥលូវនេះមានករណីអ្នកនៅភ្នំពេញទៅស៊ីការនៅខេត្ត ហើយអ្នកនោះ ខ្លួនឯងវិជ្ជមានកូវីដ-១៩ គឺជារឿងមួយដែលផ្អើលសឹងកន្លះប្រទេស។ អ៊ីចឹងទេអាពាហ៍ពិពាហ៍ត្រូវបានផ្អាក​ ហើយបើធ្វើក្នុងរង្វង់សែនព្រេនជាបណ្តោះអាសន្នសិន ក៏អាចធ្វើទៅរួចដែរ ព្រោះមានទម្លាប់បែបនេះ»។

ភ្លាមៗ ក្រោយពីមានការលើកឡើងរបស់លោក​នាយករដ្ឋមន្ត្រី អាជ្ញាធររាជធានី-ខេត្តយ៉ាងតិច១៥ បានចេញប្រកាស​ឱ្យបិទជាបណ្តោះអាសន្ននូវការរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបែបសាសនា ជប់លៀង និងកម្មវិធីជួបជុំមួយចំនួនទៀត លើកលែងពិធីសែនព្រេន និងបុណ្យសព។

ខេត្តទាំងនោះរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង ក្រចេះ ស្ទឹងត្រែង តាកែវ ពោធិ៍​សា​ត់ ​កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រៃវែង កំពត កណ្តាល រតនគិរី និង​មណ្ឌលគិរី ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍ថា វិធានការថ្មីនេះគឺដើម្បីបញ្ចៀសការ​ឆ្លងទ្រង់ទ្រាយធំ ខណៈពលរដ្ឋមួយចំនួនតូចនៅមិនទាន់យល់ដឹងនៅឡើយ។

លោកបញ្ជាក់ថា៖ «អ្នកដែលល្មើសមិនតាមការណែនាំរបស់វិធានការសុខាភិបាលឬវិធានចត្តាឡីស័ក យើងនឹងអនុវត្តតាមអនុក្រឹត្យ​ ហើយ​ពិសេស​យើង​ក៏មានច្បាប់ទាក់ទងនឹងកូវីដ និងការទប់ស្កាត់កូវីដ និងអាចបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យតាមច្បាប់»។

អ្ន​កសម្របសម្រួលសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រឿង តុលា គាំទ្រវិធានការនេះ ។

លោកថា៖ «ខ្ញុំគិតថា វាជារឿងល្អ ដើម្បីការពា​រ​អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

ពលរដ្ឋម្នាក់​រស់​នៅខេត្តត្បូងឃ្មុំ លោក យ៉ែម គង់ គាំទ្រទៅនឹងវិធានការនេះដែរ តែលោកបារម្ភពីបញ្ហាជីវភាព បើវិធានការនេះអូសបន្លាយយូរ។

លោកថា៖ «សម្រាប់វិធានការទប់ស្កាត់កូវីដ វាល្អហើយ ប៉ុន្តែអ្វីដែលយើងលំបាកគឺគេហាមយើងចេញពីតំបន់មួ​​យទៅតំបន់មួយ តែធនាគារវាអត់ឈប់យកការប្រាក់ទេ ព្រោះការងារដែលយើងធ្វើ វាមិនសំដៅតែនៅផ្ទះទេ វាត្រូវដើររកការ​ងារធ្វើ ទើបបាន»។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង ផ្តល់ជាយោបល់ថា ដើម្បីឱ្យពលរដ្ឋគោរពវិធានកា​រ​សុខាភិបាលបានត្រឹមត្រូវ ទាល់តែរដ្ឋ​ដោះស្រាយបញ្ហាជីវភាពអ្នកដែលរងផលប៉ះពាល់ពីវិបត្តិកូវីដនេះ។

លោកថា៖ «ខ្ញុំគិតថា ទន្ទឹមហ្នឹង ដើម្បីឱ្យមានប្រសិទ្ធភាពនៃវិធានការហ្នឹង វាទាល់តែរដ្ឋាភិបាលហ្នឹងមានកញ្ចប់ថវិកា ដើម្បីបន្តជួ​យ​គាត់ទៀត ដល់អ្នកដែលប៉ះពាល់ដោយកូវីដ-១៩ បើមិនអ៊ីចឹងទេ មិនអាចឱ្យគាត់នៅក្នុងមណ្ឌលចត្តាឡីស័កបានទេ នេះជារឿងមួ​​​យសំខាន់ ហើយការគិតគូរទៅដល់ជីវភាពរបស់គាត់ ក៏ជារឿងសំខាន់មួយទៀត»។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផ្តើមចេញពីក្លឹបកម្សាន្តមួយកន្លែងនៅរាជធានី​ភ្នំពេញ ក្រោយ​ពី​សន្តិសុខ​សណ្ឋាគារ​មួយបា​ន​ជួយឱ្យស្ត្រីជនជាតិចិន៤​នា​ក់ដែលកំពុងធ្វើចត្តាឡីស័ក​បានចេញទៅ​ក្លឹបនោះ បន្ទាប់មក ក្រសួងក៏បានរក​ឃើញ​ស្ត្រី២នាក់ក្នុងចំណោម​៤នាក់​នោះមានផ្ទុកជំងឺកូវីដ-១៩។

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះបានសម្លាប់មនុស្សម្នាក់ មាន​​អ្នកឆ្លងសរុប៩១៥នាក់ ត្រឹមតែជិត២០ថ្ងៃមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ