អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ កំពុង​រក​មុខ​អ្នក​ចាក់​​ដី​ចូល​សមុទ្រ​ដើម្បី​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​​

ទីតាំងចំណុចមួយដែលជនខិលខូចបានលួចចាក់ដីបំពេញក្នុងសមុទ្រ នៅចំណុចទីតាំងមុខ​ក្រុមហ៊ុនកម្ពុជាតេលា​ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អំឡុងដើមខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរខេត្តព្រះសីហនុ កំពុង​រកអត្តសញ្ញាណអ្នកដែលលួច​ចាក់ដីចូលសមុទ្រ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា លើកឡើងថា ក្នុងពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួនបានធ្វើសកម្មភាពលួចចាក់ដីលុបសមុទ្រ ស្ថិតនៅមុខក្រុមហ៊ុនតេលា ក្នុងភូមិ៤ ដោយគ្មានច្បាប់អនុញ្ញាត។

ករណីនេះ អាជ្ញាធរស្រុក បានតម្រូវឱ្យអ្នកចាក់ដីលុបចូលសមុទ្រនោះ ត្រូវកាយដីចេញវិញឱ្យអស់ជាបន្ទាន់​ បើពុំនោះទេនឹងប្រឈមវិធានការច្បាប់។

លោក ឆាយ សុគន្ធដា ប្រាប់ វីអូឌី នៅថ្ងៃនេះថា ដីដែលចាក់ចូល​សមុទ្រនោះមាន​ទទឹង៦០ ម៉ែត្រ និង​ជម្រៅប្រហែល៤០​ម៉ែត្រ​ ដោយការចាក់នោះធ្វើឡើងតាំងពីដើមខែមីនាមកម៉្លេះ។  

លោក​បន្តថា ក្រោយពីមិនមានបុគ្គលណាចេញមកដោះស្រាយនិងទទួលខុសត្រូវ អាជ្ញាធរក៏បានយកគ្រឿងចក្រនិងរថយន្តចំនួន៤គ្រឿង​ទៅកាយដីនោះចេញវិញ។

លោកថា៖ «លួចចាក់តាំងពីមុនថ្ងៃទី៤ ខែមីនា ថ្ងៃនោះយើងចុះទៅម្ដងហើយ យើងធ្វើកំណត់ហេតុសួរនាំទៅអត់មានអ្នកណាចេញមុខទេ ហើយអ្នកនៅជិតនោះថា លួចចាក់ពេលយប់ គេក៏មិនដឹងម្ចាស់ដែរ។ ​ថ្ងៃទី១៥ ខែមីនា ពេលយើងទៅឃើញមានគរថ្មនៅលើកន្លែងចាក់ដីហើយ អ៊ីចឹងយើងចុះទៅរកមិនឃើញ យើងជូនដំណឹងជូនអី ​ឥលូវយើងយកគ្រឿងចក្រទៅកាយ​ថ្មកាយអីហ្នឹងចេញ បើយើងប្រហែស យប់ហ្នឹងយកថ្មកាយទម្លាក់ទៅទៀត»។

អភិបាលស្រុកស្ទឹងហាវរូបនេះបន្តថា ប្រសិនបុគ្គលអ្នកចាក់ដីចូលសមុទ្រនៅតែមិនព្រមចេញមុខមកទទួលខុសត្រូវទេ អាជ្ញាធរនឹងធ្វើរបាយការណ៍ទៅថ្នាក់លើ រួចដាក់ទៅតុលាការដើម្បីឱ្យចាត់ការតាមនីតិវិធីច្បាប់។

អ្នកសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់​លី យល់ថា អ្នកដែលហ៊ានចាក់ដីលុបសមុទ្របែបនេះ មិនមែនជាប្រជាពលរដ្ឋធម្មតានោះទេ។ លោកបន្តថា ការដែល​អាជ្ញាធរ​ឱ្យ​​កាយដី​ចេញ​វិញ ដោយ​ពុំ​មាន​ចាត់វិធានការ​ច្បាប់​ទៅលើជនដែលប្រព្រឹត្តនោះ នឹងធ្វើឱ្យមានករណីនេះកើតឡើងនៅពេលក្រោយទៀត។

លោក ស្រេង វ៉ាន់លី ជំរុញឱ្យ​អាជ្ញាធរ​ចាត់វិធានការច្បាប់ទៅលើបុគ្គលនោះ ជាជាងកាយដីចេញ បើមិនដូច្នេះទេ ​នឹងមិនអាច​ទប់ស្កាត់​ការរំលោភ​បំពាន​យក​ដីស​មុទ្រ​ពីសំណាក់​ជនខិលខូច ឬអ្នកមាន​លុយ​មានអំណាច​បាន​ឡើយ។

​លោកថា៖ «មួយទៀតថា ចាក់នៅពេលយប់ រកអ្នកចាក់មិនឃើញ យើងមើលទៅដូចជាមិនពិបាកក្នុងការរកទេ ​ពីព្រោះការចាក់លុប វាប្រើមនុស្សនិងប្រើគ្រឿងចក្រអីផ្សេងទៀត។ អ៊ីចឹងយើង​អាច​រកឃើញ ប៉ុន្តែចេតនាហ្នឹងដូចជាមិនចង់ធ្វើទៅលើករណីហ្នឹង ហើយ​បែរជាកាយចេញ​ទៅវិញ។ នេះជាការចំណាយទៅលើថវិការដ្ឋមួយផ្នែកដែរ ដែលយើងមិនរកអ្នកដែលប្រព្រឹត្តខុសមកអនុវត្តច្បាប់​ បែរជាចំណាយ​ថវិកានិងពេលវេលាសម្រាប់​ទៅកាយរំដោះសមុទ្រទៅវិញ។ គួរណាតែសិក្សាស្រាវជ្រាវអង្កេតរឿងហ្នឹងឱ្យបានច្បាស់លាស់ ដើម្បីស្វែងរកអ្នកដែលបានប្រព្រឹត្តហ្នឹង​មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ដើម្បីជាគំរូទៅដល់អ្នកក្រោយ»។

បើតាមច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា២៥៩ ចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ៥ ០០០ ០០០ រៀល (ប្រាំលានរៀល) ដល់ ៥០ ០០០ ០០០ រៀល (ហាសិបលានរៀល) ឬ/និង ផ្ដន្ទាទោសជាប់ពន្ធនាគារ​ពី១ឆ្នាំដល់៥ឆ្នាំ។

កាលពី​ខែធ្នូ ឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ទៅលោក ជា សុ​ផា​រ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​អភិបាលខេត្ត​ជាប់មាត់​សមុទ្រ​ទាំង៤ ត្រូវការ​ពារ​តំបន់ឆ្នេរ​ឱ្យ​បាន​ពី​ការរំលោភ​បំពាន​យក​ដី​ជា​កម្មសិទ្ធិ ខណៈ​លោក​បារម្ភ​ថា បើ​តំបន់ឆ្នេរ​នៅតែ​រង​ការបំផ្លាញ នោះ​កម្ពុជា​អាច​នឹង​ត្រូវ​ប្រឈមនឹង​ការ​ដកចេញ​ពី​សមាជិក​តំបន់ឆ្នេរ​ស្អាត​លើ​ពិភពលោក។

បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ឆ្នេរសមុទ្រ​កម្ពុជាមាន​ប្រវែង៤៤០គីឡូម៉ែត្រ ស្ថិតនៅ​ក្នុង​ខេត្ត​ចំនួន៤ រួមមាន ខេត្តកំពត កែប កោះកុង និង​ខេត្ត​ព្រះសីហនុ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ