រដ្ឋា​ភិបាល​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​បង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បី​រៀប​ចំផែ​នការមេ​ក្នុងការ​បង្កើនប្រសិទ្ធភាពដំណើរ​ការ​​ចាក់វ៉ាក់​​សាំង​ប្រឆាំងកូវីដ-១៩ ដែលកំពុង​ឆ្លងរាលដាលខ្លាំង​នៅកម្ពុជា ខណៈ​វ៉ាក់សាំងចំនួន១លាន៥សែនដូស​ទៀត នឹងមកដល់កម្ពុជានៅពេលឆាប់​ៗខាងមុខ។

អនុក្រឹត្យរបស់រដ្ឋាភិបាល​ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅថ្ងៃនេះ បានបញ្ជាក់ថា គណៈ​កម្មការនេះមានសមាជិកសរុបចំនួន២១នាក់ ដោយ​មាន​លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន។

អនុក្រឹត្យ​ដដែលបាន​បន្តថា ប្រធានគណៈកម្មការនេះមានតួនាទីដឹកនាំ ចាត់ចែង ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំង​ប្រទេស និង​ត្រូវ​ពិនិត្យរៀបចំផែនការ វគ្គបណ្តុះបណ្តាល​គ្រូពេទ្យ ផ្គត់ផ្គង់ថវិកា សម្ភារបរិក្ខា​រចាំបាច់​សម្រាប់បម្រើការងារ និង​​មានសិទ្ធិ​បង្កើត​អនុគណៈកម្មការ​ចំពោះកិច្ច និងលេខាធិការដ្ឋាន សម្រាប់​គាំទ្រដំណើរ​ការចាក់​វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស។

តាមអនុក្រឹត្យដដែល លោកស្រី ឱ វណ្ណឌីន ក៏អាចកោះប្រជុំដោយ​មានការ​អញ្ជើញដៃគូអភិវឌ្ឍន៍​ជាតិ-អន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋា​ភិបាល និងបណ្តា​ស្ថានទូតនានា តាមតម្រូវការចាំបាច់ផងដែរ។

មុនចេញអនុក្រឹតនេះមួយថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែ​ង​​ថា យុទ្ធនាការចាក់វ៉ាក់សាំងកន្លងទៅ ទាំងផ្នែកកងទ័ពនិងស៊ីវិលដំណើរកា​រទៅបានល្អ។ ប៉ុន្តែដើម្បីឱ្យយុទ្ធនាការលើកនេះកាន់តែមានភាព​ល្អប្រសើរ​ថែមទៀតនោះ លោកថា រដ្ឋាភិបាលចាំបាច់ត្រូវបង្កើត​គណៈកម្មការចំពោះកិច្ច​​នេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ​ចាក់វ៉ាក់សាំង និង​ការ​ទប់ស្កាត់ការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈលោកថា វ៉ាក់សាំងខ្លះមានសុពលភាពត្រឹម៦ខែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី ថ្លែងបន្ត​​ថា៖ «ក្នុងគម្រោងអាចនឹងមកដល់១លាន៥សែនដូស ហើយនឹងអាចលើសពីនេះថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឱ្យ​បា​​ន​​ច្បាស់ តម្រង់ទៅទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ ត្រូវបណ្តុះបណ្តាល​យ៉ាងណា ទីកន្លែងរបៀបណា ត្រូវរៀបចំផែ​ន​ការមេជាក់លាក់ ដើម្បីដំណើរការឱ្យបានល្អ»។

លោកបានគូសបញ្ជាក់ដូច្នេះទៀតថា៖ «យើងមានគម្រោងចាក់វ៉ាក់សាំងយ៉ាងតិចដល់ទៅ១០លាននាក់ ជាចំនួន​មួយដ៏ច្រើន ដែលចាំបាច់ត្រូវតែមានការទទួ​​លខុសត្រូវពីស្ថាប័នថ្នាក់ជាតិ»។

អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចនេះ លោកស្រី ឱ វណ្ណឌីន មិនទាន់អាចប្រាប់បាន​ពីវិធានការដែលនឹងត្រូវដាក់ចេញសម្រាប់​ការងារចាក់វ៉ាក់សាំងនេះបាននៅឡើយទេ​ ដោយថា ត្រូវរង់ចាំពិភាក្សាជាមួយមន្ត្រីពាក់ព័ន្ធជាមុនសិន។

តែ​លោកស្រីថា យុទ្ធនាការចាក់វ៉ាក់សាំងកន្លងទៅ ក្រសួងមានការព្រួយ​បារម្ភពីហានិភ័យសុខភាព ដោយសារតែការសម្រុកមកចាក់វ៉ាក់សាំង​របស់ពលរដ្ឋភាគច្រើន បានប្រជ្រៀតគ្នា មិនរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល

លោកស្រីថា៖ «យើងខិតខំពន្យល់ហើយ​ តែបងប្អូនយើងគាត់ហាក់ដូចជាមិនបានយល់ពីបញ្ហានេះ ពីព្រោះគាត់ចង់បានតែការចា​ក់​វ៉ាក់សាំង ហើយពេលខ្លះគាត់ក៏ភ្លេចគិតថា មិនទាន់ទាំងបានចាក់វ៉ាក់សាំងផង គាត់បានកូវីដទៅមុន ហើយដល់បានកូវីដទៅមុន ទៅ​​ដល់ផ្ទះមានកូវីដ ថាអាហ្នឹងបន្ទោសវ៉ាក់សាំងទៀត »។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការ​ពង្រឹង​ប្រសិទ្ធភាពការងារ ចាំបាច់ត្រូវពង្រឹង​ប្រសិទ្ធភាពស្ថាប័ន​ដែលមានស្រាប់ ដោយ​ពុំចាំបាច់ទៅបង្កើត​គណៈកម្មការ​ថ្មីនោះទេ។

តែយ៉ាងណា លោកថា ជាការល្អបើក្រុមការងារថ្មីនេះអាច​ជំរុញប្រសិទ្ធភាពការងារបាន ដូចជា ការ​ចាក់វ៉ាក់សំាងការពារជំងឺឆ្លងនេះដល់អ្នកងាយរងគ្រោះឬពលរដ្ឋសាមញ្ញបានគ្រប់គ្នានោះ។

លោកថា៖ «យើងមិនបាន​ប្រឆាំងឬជំទាស់ទៅនឹងការបង្កើតគណៈកម្មការនេះទេ។ យើងចង់ធ្វើម៉េចបង្កើតក៏បង្កើតចុះ តែធ្វើម៉េច​បង្កើ​​​ន​ប្រសិទ្ធភាពការងារហ្នឹងឱ្យខ្ពស់ ហើយធ្វើម៉េចកុំឱ្យមានការខ្ជះខ្ជាយថវិកាជាតិជាដើម»។

កម្ពុជាបានចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ប្រភេទ «ស៊ីណូហ្វាម» ដែលជា​ជំនួយរបស់ចិន ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ និងវ៉ាក់សាំងប្រភេទ «អាស្ត្រាហ្សិណិកា» កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដែល​គិត​មកដល់ថ្ងៃម្សិលមិញនេះ ​ពលរដ្ឋ​ដែលបាន​ទទួលវ៉ាក់សាំងទាំងពីរប្រភេទនេះ សរុបមានចំនួន១៧០ ៦៥៩នាក់។

ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩នេះ រដ្ឋាភិបាលផ្តោតលើក្រុមមនុស្សអាទិភាព ដូចជា កម្លាំងប្រដាប់អាវុធ គ្រូពេទ្យ អ្នកសារព័ត៌មាន កម្មករប្រមូលសំរាម និងអ្នកមានអាទិភាពមួយចំនួន​ទៀត រួមទាំង​​ពលរដ្ឋវ័យ៦០ឆ្នាំ​មួយចំនួន ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលជារាជធានី-ខេត្ត​មានហានិភ័យខ្ពស់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្ហើបកាលពីថ្ងៃម្សិលមិញ​ដែរ​ថា រដ្ឋាភិបាលក៏គ្រោងចាក់​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្មករក្នុងវិស័យកាត់ដេរ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង​​គ្រូបង្រៀន​តាមបំបន់ដែលមានហានិភ័យផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ