អាជ្ញាធរ​​​ស្រុក​កោះធំ​ ស្នើ​ឱ្យ​ផ្អាក​អាជីវកម្ម​គ្រប់​ប្រភេទ​សិន ព្រោះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ច្រើន​

អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ចុះផ្សព្វផ្សាយពីវិធានការបង្ការនិងប្រឆាំងជំងឺកូវីដ-១៩ នៅផ្សារមួយកន្លែង ស្រុកកោះធំ ខេត្តកណ្តាល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលស្រុកកោះធំ)

អាជ្ញាធរ​ស្រុកកោះធំ ខេត្តកណ្តាល ស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បន្ថែមទៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកកោះធំ ដែលចេញផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ដើម្បីចៀសវាងការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ រដ្ឋបាលស្រុកស្នើឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃប្រកាស​នេះរហូតមានការជូនដំណឹងសារជាថ្មី។

លិខិតដដែលក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការ​យក​ចិត្តទុកដាក់អនុវត្តនូវវិធានការរបស់រដ្ឋាភិបាល​ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ការស្នើនេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលចេញផ្សាយកាលពីម្សិលមិញថា បានរកឃើញវិជ្ជមានកូវីដ-១៩ លើមនុស្សចំនួន៦៤នាក់នៅស្រុកកោះធំ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។

ជាមួយគ្នានេះដែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) កាលពីម្សិលមិញ ក៏ចេញសេចក្តីថ្លែងការណ៍មួយគាំទ្រឱ្យមានការបិទចរាចរណ៍ក្នុងឃុំ​សំពៅពូន ស្រុកកោះធំ មួយរយៈ ដើម្បីទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពីតំបន់នេះទៅកាន់​តំបន់ផ្សេងៗទៀត។

គណបក្សនេះក៏បានអំពាវនាវដល់រដ្ឋាភិបាលនិងប្រជាពលរដ្ឋគ្រប់រូបចូលរួម​ឧបត្ថម្ភដល់​ប្រជាពលរដ្ឋនៅឃុំសំពៅពូននេះ ក្នុងអំឡុង​ពេល​ធ្វើចត្តាឡីស័កឬក្នុងអំឡុង​ពេល​បិទភូមិ​ឃុំ​នេះមួយរយៈផងដែរ។

គណបក្សនេះក៏បានស្នើ​ដល់​ស្ថាប័នមីក្រូហិរញ្ញវត្ថុនិងធនាគារ គួរ​តែពន្យារពេល​ការបង់រំលស់​ដល់​អតិថិជនដែលរស់នៅក្នុងឃុំសំពៅពូននេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ