ក្រសួង​លុប​អាជ្ញា​បណ្ណ​គេហ​ទំព័រ​ព័ត៌មាន​របស់​លោក​ ផែង​ វណ្ណៈ​ ក្រោយ​ពី​ជេរ​ប្រមាថ​ព្រះសង្ឃ​

លោក ផែង វណ្ណៈ រាយការណ៍ព័ត៌មានកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Pheng Vannak)

ក្រសួងព័ត៌មាន នៅថ្ងៃនេះ បាន​សម្រេចលុបអាជ្ញាបណ្ណអាជីវកម្ម​គេហទំព័រព័ត៌មានរបស់លោក ផែង វណ្ណៈ ដោយថា ម្ចាស់អាជ្ញាបណ្ណរូបនេះបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈ ព្រោះបានជេរប្រមាថព្រះសង្ឃ។

ប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បាន​សម្រេច​លុបប្រកាសលេខ ៣៣៦ ព.ម ក្រប ចុះថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ខ្លួនដែលអនុញ្ញាតឱ្យ លោក ផែង វណ្ណៈ បើកដំណើរការអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com»។ ក្រសួងបានបញ្ជាក់ក្នុងប្រកាសដដែលថា ម្ចាស់អាជ្ញាបណ្ណ បានជេរប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជាការបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង។

អគ្គនាយក​នៃអគ្គនាយកដ្ឋានព័ត៌មានវិទ្យា និងសោតទស្សន៍ នៃក្រសួងព័ត៌មាន​ លោក ផុស សុវណ្ណ មានប្រសាសន៍ថា ដើមចមដែលនាំឱ្យក្រសួងសម្រេចលុបអាជ្ញាបណ្ណលោក ផែង វណ្ណៈ ដោយសារកន្លងមក ក្រសួងបានហៅគាត់ទៅណែនាំច្រើនដងអំពីកំហុសដែលប្រើប្រាស់វិជ្ជាជីវៈរបស់ខ្លួនខុសក្នុងកិច្ចសន្យាដែលតម្កល់នៅក្រសួង ប៉ុន្តែម្ចាស់អាជ្ញាបណ្ណរូបនេះមិនគោរពតាមការណែនាំនោះទេ។

លោកមានប្រសាសន៍ថា៖ «កាលដែលគាត់សន្យាជាមួយយើងពីមុនអញ្ចេះ យូរៗទៅគាត់ភ្លេចខ្លួនធ្វើខុសទៀតទៅ គ្រាន់តែយើងធ្លាប់ធ្វើការណែនាំគាត់ យើងឃើញមានបញ្ហាប្រឈមបែបហ្នឹង យើងមិនអាចទទួលយកបានទេ ដោយគាត់អនុវត្តកំហុសដដែលៗអញ្ចឹង ហើយប៉ះពាល់ជាមួយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានរបស់យើង»។

លោក ផុស សុវណ្ណ បញ្ជាក់ថា ចំណែករឿងចាត់វិធានការនៃសំណុំរឿងព្រហ្មទណ្ឌ ក្រសួងមិនទាន់មានវិធានការលើលោក ផែង វណ្ណៈ នោះទេ។

វីអូឌី មិនអាចសុំការបំភ្លឺពីលោក ផែង វណ្ណៈ បានទេនៅថ្ងៃនេះ។

ការសម្រេចលុបចោលអាជ្ញាបណ្ណរបស់លោក ផែង វណ្ណៈ នេះ ធ្វើឡើងបន្ទាប់ពីរូបលោកបាននិយាយផ្សាយផ្ទាល់វីដេអូក្នុងបណ្តាញសង្គម កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ដោយ​បាន​ប្រើសម្តីបែបប្រមាថលើព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជ​បូណ៌ ក្នុងខេត្តសៀមរាប ដែល​បាន​ប្រើផ្តៅវាយលើសិស្សគណ ចំនួន៥០ផ្តៅ ដោយសារព្រះអង្គធ្វើខុសវិន័យសាសនានិងបទ​បញ្ជាផ្ទៃក្នុងរបស់វត្ត។

កាលពីថ្ងៃម្សិលមិញ ព្រះមេគណខេត្តសៀមរាប ក៏​បានថ្វាយលិខិតទៅសម្តេចព្រះសង្ឃនាយក​ នន្ទ ង៉ែត ឱ្យជួយស្នើ​ទៅ​រដ្ឋាភិបាល​ថ្កោល​ទោសនិង​ចាត់វិធានការលើលោក ផែង វណ្ណៈ ពាក់ព័ន្ធរឿងបង្ហោះសារលើបណ្តាញសង្គមជេរប្រមាថព្រះចៅអធិការវត្តរាជ​បូណ៌ ព្រះអង្គ ពិន សែម ដែលប្រើផ្តៅវាយលើសិស្សគណធ្វើខុសវិន័យសាសនា។

ក្នុងលិខិតរបស់សាលាគណខេត្តសៀមរាប បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៤ ខែមីនា នៅវត្តរាជបូណ៌ មានករណីថតជាវីដេអូនូវសកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយរំពាត់ផ្តៅ បានធ្វើឱ្យព័ត៌មាននេះដឹង​ដល់សាធារណជន ធ្វើឱ្យបញ្ហានេះត្រូវបានមន្ត្រីអាជ្ញាធរខេត្ត និងសាលាគណខេត្តសៀមរាប ស្រាវជ្រាវ ពិនិត្យទៅលើផ្លូវច្បាប់ និងទៅតាមធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់។

តែយ៉ាងណា ​​អាជ្ញាធរខេត្តដែលបានធ្វើការស្រាវជ្រាវសាកសួរ​នូវហេតុការណ៍ផ្សេងៗ បានកំណត់នូវទង្វើរបស់ព្រះមហាវិមលធម្ម គឺមានគោលបំណងសុចរិត ធ្វើឡើងដោយគ្រាន់​តែជាការប្រៀនប្រដៅទៅតាមបទបញ្ញត្តិនៃបទបញ្ជាផ្ទៃក្នុងវត្តតែប៉ុណ្ណោះ។

ក្រោយមក សាលាគណខេត្ត បាននិមន្តបើកកិច្ចប្រជុំថេរសភាសង្ឃខេត្ត ហើយសម្រេចលើកទោស តាមវិន័យត្រូវអាបត្តិ (បាចិត្តិយ) ចំពោះព្រះមហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ គឺព្រះអង្គ ពិន សែម  និងបានសម្រេចឱ្យធ្វើកិច្ចសន្យាបញ្ចប់រឿង។

បន្ថែមពីនេះ លិខិតដដែលបញ្ជាក់ថា លោក ផែង វណ្ណៈ បានប្រើពាក្យជេរប្រមាថនិងគំរាមសម្លាប់មន្ត្រីសង្ឃ និងមន្ត្រីរាជការដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនាថែមទៀតផង។

សាលាគណខេត្តសៀមរាប បានបញ្ជាក់ដូច្នេះថា៖ «អ្វីដែលគួរឱ្យសោកស្តាយបំផុត គឺបុគ្គលឈ្មោះ ផែង វណ្ណៈ បាន Live តាមផេករបស់ខ្លួន បានលើកឡើងថា ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង»។

ប្រភពដដែលបន្ដថា៖ «មិនត្រឹមតែប៉ុណ្ណោះ បុគ្គលរូបនេះមានការជេរប្រមាថមើលងាយដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាប យ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយពោលពាក្យថា ចង់យកផ្តៅវាយក្បាលម្នាក់បីផ្ដៅទៀតផង»។

វីអូឌី មិនអាចសុំសង្ឃដីកា​ពីសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានទេនៅថ្ងៃនេះ។

នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី ចាត់ទុកការដកអាជ្ញាបណ្ណអាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com» របស់លោក ផែង វណ្ណៈ ជាការគំរាមកំហែងប្រព័ន្ធផ្សព្វផ្សាយ។ លោកថា ករណីនេះ ក្រសួងគួរតែធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយសិន។ លោក​បន្តថា បើក្នុងករណី​រកឃើញកំហុសធ្ងន់ធ្ងរ គួរតែធ្វើការពិន័យផ្នែករដ្ឋបាលជាជាងដកអាជ្ញាបណ្ណបែបនេះ។

លោកថា៖ «ការដកអាជ្ញាបណ្ណ ជាសារព្រមានមួយធ្ងន់ធ្ងរណាស់ដល់ម្ចាស់អាជ្ញាបណ្ណ ដើម្បីកុំឱ្យគាត់ហ៊ានបញ្ចេញមតិយោបល់ផ្សេងៗនៅក្នុងស្ថាប័នរបស់គាត់ អញ្ចឹងជាសារព្រមានធ្ងន់ធ្ងរណាស់ចំពោះអ្នកកាន់កាប់ប្រព័ន្ធផ្សព្វ​ផ្សាយទាំងអស់។ យើងតែងតែទទូចកុំឱ្យមានការដកអាជ្ញាបណ្ណដែលមានលក្ខណៈផុយស្រួយខ្លាំងពេក។ អញ្ចឹងខ្ញុំគិតថា គួរតែហៅអ្នកដែលប្រព្រឹត្តមកជួបសួរនាំ ហើយបើធ្ងន់ធ្ងរ គួរតែមានការព្រមាន បើមិនរាងចាលទៀត ចាំចាត់វិធានការរដ្ឋបាលផ្សេងៗបន្តទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ