អាជ្ញាធរ​ថា HTPs​​ និង​បារី​អេឡិច​ត្រូនិក​ មិន​ជួយ​ផ្តាច់​បារី​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើ​ឱ្យ​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​

ផលិតផលបារីអេឡិចត្រូនិកមួយប្រភេទដែលបានហាមឃាត់ប្រើប្រាស់និងនាំចូល។ (ហ្វេសប៊ុក៖ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD)

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងចាត់វិធានការ​ទប់ស្កាត់​រាល់​ការ​ធ្វើ​អាជីវកម្ម និងប្រើប្រាស់ផលិតផល អេចឈ៍​ធីភី (HTPs) និង​បារីអេឡិចត្រូនិក ដែលត្រូវបានផ្សព្វផ្សាយថាអាចប្រើសម្រាប់ផ្តាច់បារី ប៉ុន្តែផ្ទុយទៅវិញ ផលិតផលទាំង២នេះនឹងធ្វើឱ្យអ្នកជក់ញៀន ហើយកើតជំងឺសួតធ្ងន់ធ្ងរ។

សេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញកាលពីថ្ងៃទី១៨ ខែមីនាម្សិលមិញនេះ ឱ្យដឹងថា ក្នុងប៉ុន្មានខែចុងក្រោយនេះ ផលិតផល អេចឈ៍ធីភី (HTPs) បារីអេឡិចត្រូនិក និង អេចឈ៍ធីភី (HTPs​-Heated Tobacco Products) ជាផលិតផលថ្នាំជក់ថ្មី ត្រូវបានគេផលិតឡើងដើម្បីជំនួសផលិតផលថ្នាំជក់ធម្មតា ជាពិសេសទាក់ទាញឱ្យមានការប្រើប្រាស់ក្នុងចំណោមយុវវ័យ។

បារីអេឡិចត្រូនិក និងផលិត​ផល ​អេចឈ៍ធីភី (HTPs) នេះ មានសារធាតុនីកូទីន មានក្លិនក្រអូប ដូចផ្លែឈើ ក្លិនផ្កា ត្រូវបានគេប្រើតាមរយៈឧបករណ៍ម្យ៉ាងប្រើថ្មពិល ដើម្បីបង្កើតជាថាមពលកម្ដៅបំប្លែងអង្គធាតុដែលដាក់ចូលឧបករណ៍ឱ្យទៅជាចំហាយ​និងផ្សែង ដែលអ្នកប្រើប្រាស់អាចហិត បឺត ឬជក់ តាមចិត្តចង់។

សេចក្តីណែនាំដដែលឱ្យដឹងទៀតថា បារីអេឡិចត្រូនិក និងផលិត​ផល​ អេចឈ៍ធី​ភី ត្រូវបានជនខិលខូចផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ដោយពន្យល់ថា ឧបករណ៍នេះអាចផ្តាច់ការជក់បារីបាន មានសុវត្ថិភាពជាងបារីធម្មតា មិនប៉ះពាល់បរិស្ថាននិងសុខភាពជាដើម។ ​ការផ្សព្វផ្សាយនេះ ផ្ទុយពីការអះអាងរបស់អង្គការសុខភាពពិភពលោក និងស្ថាប័នសុខភាពធំៗលើសកលលោក ដែល​រកឃើញថា បារីអេឡិចត្រូនិក និងផលិត​ផល HTPs នេះ នឹងធ្វើ​​ឱ្យអ្នកប្រើប្រាស់​ញៀន បង្ក​ឱ្យ​កើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត និងជាកត្តាលើកទឹកចិត្តឈានដល់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀងផង។

ករណីនេះ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ខ្លួន​បានរកវិធីសាស្ត្រ ដើម្បីបង្ការនិង​​ទប់ស្កាត់រាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល HTPs នេះ ផងដែរ ទើបការពារសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមជាតិបាន​។

អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏លើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងបន្ថែមលើ​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទប់ស្កាត់​​ បង្ក្រាប និងបញ្ឈប់ការ​​ប្រើប្រាស់ ​ការធ្វើអាជីវកម្មនាំចូលផលិតផលស៊ីហ្សា បារីអេឡិចត្រូនិក និង អេចឈ៍ធីភី តាមគ្រប់រូបភាពនេះផងដែរ​។

ទោះជាបែបនេះក្តី ក្នុងសេចក្តីជូនដំណឹងមិនបានបញ្ជាក់ពីទណ្ឌកម្ម ការ​​ដាក់ទោសព្រហ្មទណ្ឌ ឬពិន័យផ្នែករដ្ឋបាល លើក្រុមហ៊ុនឬអ្នកដែលធ្វើអាជីវកម្មនាំចូលផលិតផលស៊ីហ្សា បារីអេឡិចត្រូនិក និងផលិត​ផលអេចឈ៍ធីភី និងអ្នកប្រើប្រាស់នោះទេ។

អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វីរិទ្ធ មានប្រសាសន៍បន្ថែមថា ការនាំចូលនិងការធ្វើអាជីវកម្មផលិតផលបារីអេឡិចត្រូនិក និងផលិត​ផល​អេចឈ៍ធីភី គឺមិនទាន់មានច្បាប់ដាក់ទោសលើអ្នកប្រព្រឹត្តខុសនៅឡើយ។ ប៉ុន្តែលោកថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងពង្រឹងការអនុវត្តការងាររបស់ខ្លួនក្នុងការទប់ស្កាត់ការនាំចូលឱ្យមានប្រសិទ្ធភាព។

លោកមានប្រសាសន៍ដូច្នេះថា៖ «នាំចូលមក រុញទៅវិញ អត់ឱ្យចូល មិនបង់ពន្ធ កុំឱ្យសមត្ថកិច្ចខ្លះថាបង់ពន្ធហើយ​នាំចូលមកបាន យើងរុញចោលរាល់ដង ប៉ុន្តែយើងសង្កេតឃើញថា មានលួចលាក់នាំរត់ពន្ធ អញ្ចឹងហើយបានយើងប​ន្ថែមឯកសារធ្វើ​បច្ចុប្បន្នភាពឡើងវិញ ដើម្បីឱ្យវាមានសុគតភាព»។

នាយក​ប្រតិបត្តិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា លោក មុំ គង់ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហានេះ​បាន លុះត្រាតែអាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងទប់ស្កាត់ការនាំចូល ការចែកចាយឱ្យបានងតឹងរ៉ឹងនិងមានតម្លាភាព ទើបទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «ផ្នែកពាក់ព័ន្ធនានាដែលពាក់ព័​ន្ធជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺគាត់គួរតែសកម្ម មិនត្រឹមតែរាជធានី គឺនៅគ្រប់ខេត្តទាំងអស់ ពួកគាត់គួរតែមានយុទ្ធនាការ​[លើ]អ្នកដែលផ្សព្វផ្សាយលក់ អ្នកលក់គឺត្រូវរឹបអូសសម្ភារគាត់ ឱ្យដូចមានចែងក្នុងសេចក្តីណែនាំ។ ទន្ទឹម​នឹងនោះ ក៏ត្រូវផ្សព្វផ្សាយដល់ម្ចាស់កន្លែងមួយចំនួនដែលជាកន្លែងយុវជនប្រមូលផ្តុំជក់ ដូចជា នៅតាមហាងកាហ្វេ តាមក្លឹបនានា ទីសាធារណៈនានា គឺផ្សព្វផ្សាយឱ្យសមត្ថកិច្ចមូលដ្ឋានគាត់យល់ ហើយគាត់ទប់ស្កាត់បញ្ហាហ្នឹងបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ