រដ្ឋា​ភិបាល​ជំរុញ​ឱ្យ​ពន្លឿន​​​​​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់​ជាង​៥​ម៉ឺន​នាក់​ទៀត​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

ពលរដ្ឋជាច្រើននាក់នាំគ្នាមកទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ទៅមន្ត្រីពាក់ព័ន្ធ​​ឱ្យធ្វើយុទ្ធនាការរយៈពេល១៥ថ្ងៃ ដើម្បី​ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ជូនមនុស្សចាស់​វ័យ​ចាប់ពី៦០ឆ្នាំឡើងបន្ថែមទៀត​ ដោយ​​ផ្តោតតែពលរដ្ឋ​ដែល​នៅរាជធានីភ្នំពេញ។

តាមសារជាសំឡេង នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកថា ក្នុងរយៈពេល១ខែនៃ​ព្រឹត្តិ​ការណ៍​​សហគមន៍​២០កុម្ភៈនេះ អ្នក​ឆ្លងជំងឺកូវីដ-១៩ បានកើនដល់​​ជាង១ ០០០នាក់ ដែលចំនួននេះកើន​ឡើងជាង​២ដង បើធៀបទៅនឹងរយៈពេលជាង១ឆ្នាំ​ដែលកម្ពុជាចាប់ផ្ទុះជំងឺនេះមក។

លោកបញ្ជាក់ថា ជំងឺរាតត្បាតនេះកំពុងវាយលុកខ្លាំង​នៅរាជធានី​ភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្តាល ដែលទាម​ទារ​ឱ្យ​មន្ត្រីពាក់ព័ន្ធ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ត​ទៀតទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺនេះតាមវិធានការដែលបានដាក់​ចេញ។

ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញដល់​ប្រធានគណៈកម្មការចំពោះកិច្ច និង​រដ្ឋបាល​រាជធានីភ្នំពេញ ត្រូវធ្វើ​យុទ្ធនាការរយៈពេល១៥ថ្ងៃ ដើម្បីចាក់វ៉ាក់សាំង​ប្រភេទ អាស្ត្រាហ្សេណិកា ដែលសល់ជាង១១០ ០០០ដូស ដល់​មនុស្ស​ចាស់វ័យចាប់ពី៦០ឆ្នាំឡើង ដែលយុទ្ធនាការនេះនឹងត្រូវធ្វើឡើងក្រោយពីស្ថាប័ន​ទាំងពីរនេះរៀបចំផែនការ​រួចរាល់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា៖ «ចំនួនវ៉ាក់សាំង Astra Zen​ec​a ដែលនៅសល់សម្រាប់មនុស្ស៥៥ ៧០០នាក់។ សូមស្នើសុំលោកជំទាវ ឱ វណ្ណ​ឌីន ឯកឧត្ត​ម ឃួង ស្រេង ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងរយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ ហើយដែលមណ្ឌលចាក់វ៉ាក់សាំងទាំងនោះត្រូវតែធ្វើនៅតាមខណ្ឌនីមួយៗ ដែលងាយស្រួលឱ្យបងប្អូនយើងមកទទួលវ៉ាក់សាំង»។

មួយវិ​ញទៀត លោកថា ក្រុមការងារនេះត្រូវធ្វើយ៉ាងណារៀបចំចាក់វ៉ាក់សាំងទៅតាមលំដាប់អាទិភាព ដើម្បី​ឱ្យ​អ្នកទៅទទួល​វ៉ាក់សាំង អាច​រក្សាគម្លាតសុ​វ​ត្ថិភាព ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លង​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏សុំការយោគយល់ផងដែរចំពោះប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំងនេះ ប៉ុន្តែលោក​ថា ពួកគេនឹងទទួលបានដូចគ្នានៅពេលខាងមុខ។

លោកបញ្ជាក់ថា៖ «បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់នៅថ្ងៃទី២៦ ខែមីនា នេះបើយោងតាមការជូនដំណឹងពីភាគីមិ​ត្តចិន ដែលយើងបានទិញស៊ីណូវ៉ាក់ ១លាន៥សែនដូស ក្រៅពីនេះក៏យើងនៅសល់ជំនួយ​ពីមិត្តចិននូវ​វ៉ាក់សាំងស៊ីណូហ្វាម ៤០ម៉ឺន​ដូសទៀត ដែលសង្ឃឹមថានឹងបានទទួលនៅមុនចូលឆ្នាំខ្មែរ»។

អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍យ៉ាងខ្លី​ថា ក្រុមការងារត្រូវការពេលខ្លះមុននឹងកំណត់ថ្ងៃសម្រាប់ការចាក់វ៉ាក់សាំងបន្តជូនដល់មនុស្ស​ចាស់។​

លោកស្រីថា៖ «យើងត្រូវការបណ្តុះបណ្តាលសិន បណ្តុះបណ្តាលរួចហើយបានយើងកំណត់ថ្ងៃចាក់»។

បើតាមនាយករដ្ឋមន្ត្រី យុទ្ធនាការ​ចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ដែលធ្វើឡើងចាប់​ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មក​ដល់​ថ្ងៃម្សិលមិញនេះ មាន​មន្ត្រីនិងពលរដ្ឋដែលមានអាទិភាពជាង៣០០ ០០០នាក់ហើយដែលបានចាក់វ៉ាក់សាំង ខណៈយុទ្ធនាការ១៥ថ្ងៃនេះនឹងបន្តចាក់ទៅលើមនុស្សវ័យចំណាស់ជាង៥០ ០០០នាក់​ទៀត។

គិតត្រឹមថ្ងៃសុក្រនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន១ ៥៨៧នាក់ ព្យាបាលជា៩១៧នាក់ កំពុងសម្រាកព្យា​បាល៦៥៨នាក់ និងស្លាប់ម្នាក់ និងមនុស្សរាប់រយ​នាក់ទៀត កំពុងធ្វើចត្តាឡីស័កឬតាមដានសុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ