លោក ផែង​ វណ្ណៈ​ សុំទោស​ជា​សាធារណៈ​ ក្រោយ​​ប្រមាថ​ព្រះ​សង្ឃ​

លោក ផែង វណ្ណៈ។ (ហ្វេសប៊ុក៖ Pheng Vannak)

អតីតម្ចាស់អាជ្ញាបណ្ណគេហទំព័រព័ត៌មាន លោក ផែង វណ្ណៈ បាន​សុំទោសជាសាធារណៈចំពោះ​​ព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេសនិងប្រជាពលរដ្ឋ ក្រោយពីលោក​បាននិយាយពាក្យ​ប្រមាថដល់ព្រះសង្ឃនិងមន្ត្រីរាជការ។

ការសុំទោសជាសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីព្រះមេគណខេត្តសៀមរាប បានថ្វាយ​លិខិតទៅសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ជួយ​ស្នើ​ទៅរដ្ឋាភិបាលថ្កោលទោស​និងចាត់វិធានការ​លើ​លោក ផែង វណ្ណៈ ពាក់ព័ន្ធនឹងករណីដែលរូបលោកបាននិយាយក្នុងវីដេអូនៅលើ​​បណ្តាញ​សង្គម ជេរប្រមាថព្រះចៅអធិការវត្តរាជ​បូណ៌ ព្រះអង្គ ពិន សែម ដែលប្រើផ្តៅវាយលើសិស្សគណធ្វើខុសវិន័យសាសនា។

នៅក្នុងលិខិតសុំទោសជាសាធារណៈរបស់លោក ផែង វណ្ណៈ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានសរសេរថា មូលហេតុដែលនាំឱ្យរូបលោក​សុំទោសជាសាធារណៈនេះ ដោយសារតែគាត់មិនបានដឹងពីវិន័យផ្ទៃក្នុងវត្តរបស់ព្រះសង្ឃ ដែលតម្រូវឱ្យអប់រំដោយប្រើអំពើហិង្សាមិនខុសច្បាប់។

លិខិតដដែលបន្តថា ការរិះគន់និងការប្រមាថដល់ព្រះ​ចៅអធិការវត្តរាជបូណ៌ នៅក្នុងខេត្តសៀមរាប គឺលោកមិនមានចេតនាប្រមាថដល់ព្រះសង្ឃគ្រប់អង្គនៅទូទាំងប្រទេស ឬធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនានោះទេ ដោយគ្រាន់តែចង់ឱ្យជនរងគ្រោះទទួលបានយុត្តិធម៌តែប៉ុណ្ណោះ។

ករណីនេះ លោក ផែង វណ្ណៈ អះអាងថា បើសិនជាការរិះគន់នោះខុស រូបលោកសុខចិត្តសុំទោសព្រះសង្ឃនិងប្រជាពលរដ្ឋជាសាធារណៈ ដើម្បីលុបលាងកំហុសនោះវិញ។

លោកបានសរសេរក្នុងលិខិតនោះថា៖ «បើសិនជាស្ថាប័នសង្ឃនិងប្រជាពលរដ្ឋមួយចំនួនយល់ថា ការរិះគន់និងការប្រមាថបុគ្គលសង្ឃដែលប្រើហិង្សា ជាការប្រមាថចំពោះព្រះសង្ឃនិងព្រះពុទ្ធសាសនា ខ្ញុំសុំទោសជាសាធារណៈចំពោះកំហុសឆ្គង ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះតទៅ»។

ពាក់ព័ន្ធនឹងករណីនេះដែរ កាលពីថ្ងៃម្សិលមិញ ក្រសួងព័ត៌មាន បាន​សម្រេចលុបអាជ្ញាបណ្ណអាជីវកម្ម​គេហទំព័រ​ឈ្មោះ «www.phengvannaknews.com» របស់លោក ផែង វណ្ណៈ ដោយសារម្ចាស់អាជ្ញាបណ្ណរូបនេះបំពានលើវិជ្ជាជីវៈ តាមរយៈការ​ជេរប្រមាថព្រះសង្ឃ ធ្វើ​ឱ្យប៉ះ​ពាល់យ៉ាង​ធ្ងន់​ធ្ងរ​លើវិស័យ​ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ហើយជាការបំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ