ថៃ​ផ្ដល់​ជំនួយ​១០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​ ជួយ​ដល់​​ពលករ​ខ្មែរ​ដែល​ធ្វើ​ចត្តា​ឡីស័ក​​នៅ​តាម​ព្រំដែន​

តំណាងរដ្ឋាភិបាលកម្ពុជា និងតំណាងរដ្ឋាភិបាលថៃ ក្នុងពិធីប្រគល់-ទទួលមូលប្បទានបត្រជាទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លារអាមេរិក ដែលជាជំនួយសប្បុរសធម៌ពីរាជរដ្ឋាភិបាលថៃ ជូនរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation – Cambodia)

រដ្ឋាភិបាលថៃបានផ្ដល់ជំនួយសប្បុរសធម៌នូវទឹកប្រាក់ចំនួន១០០ ០០០ដុល្លារដល់​រដ្ឋាភិបាលកម្ពុជា​ ដើម្បី​ដោះ​ស្រាយ​តម្រូវការចាំបាច់នានា​របស់​​ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័កកូវីដ-១៩ នៅតាមបណ្តោយព្រំដែន​កម្ពុជា-ថៃ។

ពិធីប្រគល់-ទទួលមូលប្បទានបត្រ​ជាទឹកប្រាក់១០០ ០០០ដុល្លារដែលជាជំនួយសប្បុរស​ធម៌របស់​រដ្ឋាភិបាលថៃនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក​ប្រាក់ សុខុន និងឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក ប៉ាន់យ៉ារ៉ាក់ ភូលថាប់ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេសកម្ពុជា និងសហត្រិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃសុក្រនេះ បាន​​ឱ្យ​ដឹងថា ការផ្តល់ជំនួយជាបន្តបន្ទាប់របស់រដ្ឋាភិបាលថៃ រួមជាមួយនឹងការផ្តល់ជំនួយសប្បុរសធម៌នូវទឹកប្រាក់ចំនួន១០០ ០០០ដុល្លារនេះ ពិតជាបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា ព្រមទាំងបង្កភាពងាយស្រួលដល់ពលករកម្ពុជាដែលបានទៅធ្វើការនិងស្នាក់នៅប្រទេសថៃផងដែរ។

សេចក្តីប្រកាសព័ត៌មាន​បន្ថែមថា៖ «ការផ្ដល់ជំនួយសប្បុរសធម៌នេះ មិនមែនត្រឹមតែបាន​ឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន​បង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គី​ភាព និងភាពជាអ្នកជិតខាងដ៏ល្អរវាងប្រទេសទាំងពីរផងដែរ»។

កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ​ក្រសួងសុខភាពសាធារណៈថៃបានរកឃើញករណីឆ្លងក្នុងសហគមន៍ដែលផ្ទុះ​ឡើងនៅខេត្តសាមុតសាខន ក្នុងចំណោមពលករបរទេសដែលធ្វើការនៅផ្សារចែកចាយបង្គារមួយកន្លែង ហើយ​ក្នុង​​អំឡុងពេលនោះដែរ​ ពលករខ្មែរ​ដែលធ្វើការនៅប្រទេសថៃបាននាំគ្នា​​​ត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់រហូតមកដល់​បច្ចុប្បន្ន។

បើតាមក្រសួងសុខាភិបាល គិតមកដល់ថ្ងៃម្សិលមិញ កម្ពុជាបានរកឃើញពលករខ្មែរ​មកពីថៃចំនួន៩១នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ