ក្រសួង​ធម្មការ​ប្តឹង​ទៅ​តុលាការ​ឱ្យ​ចាត់​វិធានការ​ច្បាប់​លើ​លោក​ ផែង​​ វណ្ណៈ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​សាសនា​

លោក ផែង វណ្ណៈ រាយការណ៍ព័ត៌មានកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Pheng Vannak)

ក្រសួងធម្មការ និងសាសនា ប្តឹងទៅតុលាការ ដើម្បីចាត់វិធានការច្បាប់លើលោក ផែង វណ្ណៈ ដោយថា បុគ្គលរូបនេះបានជេរប្រមាថ ញុះញង់ឱ្យមានការរើសអើងទៅ​លើព្រះសង្ឃ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនារបស់រដ្ឋ។​

លិខិតរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី១៩ ខែមីនា ឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ផែង វណ្ណៈ បានធ្វើការបង្ហោះវីដេអូផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយជេរប្រមាថមកលើព្រះអង្គ ពិន សែម ចៅអធិការវត្តរាជបូណ៌ និងពោលពាក្យគំរាមកំហែងញុះញង់ឱ្យមានការរើសអើងចំពោះព្រះសង្ឃ ព្រះពុទ្ធសាសនារបស់រដ្ឋ និងបំភ្លៃខុសពីការពិត ជាដើម។

ខ្លឹមសារក្នុងលិខិតនោះសរសេរថា៖ «មិនតែប៉ុណ្ណោះ [លោក ផែង វណ្ណៈ] បាន​ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតអ្នកបួស ដោយបាននិយាយថា បើសិនជាវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្តឹងទេ ខ្ញុំទៅបាញ់ចោលតែម្តង ចំពោះ​អ្នកប្រព្រឹត្ត ហើយជនរងគ្រោះដែលត្រូវព្រះចៅអធិការ ពិន សែម វាយនឹងរំពាត់ផ្តៅ បានរត់គេចខ្លួន ព្រោះខ្លាចគេធ្វើបាប និងមិនហ៊ានចូលផ្ទះ​ និងវាយប្រហារ​មន្ត្រីថេរសភាសង្ឃខេត្តទៀតផង ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃសាសនារបស់រដ្ឋ»។

ករណីនេះ ក្រសួងធម្មការ និងសាសនា បាន​ថ្កោលទោស​ចំពោះទង្វើរបស់លោក ផែង វណ្ណៈ និងបានស្នើ​ដល់​ព្រះរាជអាជ្ញាខេត្តកណ្តាល ចាត់វិធានការចំពោះបុគ្គលរូបនេះតាមច្បាប់ជាធរមាន។

ព្រះរាជអាជ្ញារងខេត្តកណ្តាល លោក ទិន សុចិត្រា មានប្រសាសន៍ថា សំណុំរឿងដែលក្រសួងធម្មការប្តឹងលោក ផែង វណ្ណៈ នោះ តុលាការបានទទួលរួច​ហើយកាលពីម៉ោងប្រហែល១០ព្រឹកនេះ។ ប៉ុន្តែលោកថា តុលាការនឹងបញ្ជូនសំណុំរឿងទៅថ្នាក់លើ ដើម្បី​ពិនិត្យនិងសម្រេចកោះហៅលោក ផែង វណ្ណៈ ឱ្យចូលបំភ្លឺតាមនីតិវិធីនាពេលឆាប់ៗខាងមុខនេះ។

លោកមានប្រសាសន៍ថា៖ «យើងបានទទួលហើយ យើងនឹងចាត់វិធានការតាមនីតិវិធី។ បើសិនជាទទួលបានដំណឹងអញ្ចឹង [តាម]នីតិវិធី យើងនឹងកោះអញ្ជើញលោក ផែង វណ្ណៈ ឬក៏មានចំណាត់ការតាមនីតិវិធីមកសិន ទើបយើងអាចយល់ថាម៉េចៗបាន ប៉ុន្តែឥលូវ យើងអត់មានចំណាត់ការយល់ឃើញទេ។ ហើយការយល់ឃើញនេះទៀត ការសម្រេចទាល់​តែមានការយល់ឃើញពីតំណាងអយ្យការនីមួយៗដែលគាត់កាន់រឿងហ្នឹងទៀត​​»។

វីអូឌី មិនអាចសុំការបំភ្លឺពីលោក ផែង វណ្ណៈ បានទេនៅថ្ងៃនេះ។

កាលពីថ្ងៃទី២០ ខែមីនា លោក ផែង វណ្ណៈ បានទៅសុំខមាទោសព្រះអង្គ ពិន សែម ចៅអធិការវត្តរាជបូណ៌ ក្រោយពីរូបលោកទទួលកំហុស ពាក់ព័ន្ធរឿងប្រមាថដល់ព្រះអង្គ ក្រោយពីខ្លួនបានធ្វើលិខិតសុំទោសជាសាធារណៈចំពោះព្រះសង្ឃនៅទូទាំងប្រទេស។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តុលាការគួរតែធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចោទប្រកាន់លើលោក ផែង វណ្ណៈ តាមបណ្តឹងរបស់ក្រសួងធម្មការ និងសាសនា។

លោក​បន្តថា សំណុំរឿងលោក ផែង វណ្ណៈ ដែលប្រមាថព្រះសង្ឃតាមបណ្តាញសង្គមបែបនេះ តុលាការគួរតែយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្ត ជាជាងយកច្បាប់ព្រហ្មទណ្ឌមកអនុវត្ត។

លោកមានប្រសាសន៍ថា៖ «ចំណាត់ការផ្លូវច្បាប់ បើយើងពិនិត្យមើលទៅ ខ្ញុំថា គួរតែអនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មានជាមុនសិន ដើម្បីរក្សាគុណតម្លៃនៃអ្នកសារព័ត៌មាន។ ហើយមួយទៀត​ ក៏ដើម្បីពង្រឹងនៃវិជ្ជាជីវៈអ្នកសារព័ត៌​មាន​ថា ធ្វើអ្វីក៏ត្រូវតែគោរពតាមវិជ្ជាជីវៈរបស់ខ្លួនដែរ»។

កាលពីថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន ក៏​បាន​សម្រេច​លុបអាជ្ញាបណ្ណ​​អាជីវកម្មគេហទំព័រឈ្មោះ «www.phengvannaknews.com» របស់លោក ផែង វណ្ណៈ ផងដែរ ក្រោយពីម្ចាស់អាជ្ញាបណ្ណរូបនេះ​បានជេរប្រមាថព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនា និងបាន​បំពានធ្ងន់ធ្ងរលើវិជ្ជាជីវៈនិងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ