អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ រំឭកកុំឱ្យយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងកញ្ជើល្អី

ទិដ្ឋភាពនៅកៀនផ្សារមួយកន្លែងក្នុងក្រុងព្រះសីហនុ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០។ (ហង់ សុខហុង)

រដ្ឋបាលខេត្តព្រះសីហនុ ណែនាំដល់​អាជ្ញាធរ​ស្រុកទាំងអស់ត្រូវពង្រឹងការអនុវត្ត​សារាចរ​របស់រាជរដ្ឋាភិបាល និងណែនាំទៅប្រធានផ្សារ អ្នកគ្រប់គ្រងផ្សារក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន ឱ្យ​បញ្ឈប់​​ការយក​ភាស៊ី និងសេវាផ្សេងៗពីប្រជាពលរដ្ឋ​ដែលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អី។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ផ្ញើទៅកាន់​អភិបាល​ក្រុង-ស្រុក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បាន​ណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងនោះ ត្រូវ​អនុវត្ត​ខ្លឹមសារសារាចររបស់រដ្ឋាភិបាល និងត្រូវណែនាំបន្តទៅប្រធានផ្សារនិងអ្នកគ្រប់គ្រងផ្សារ ពាក់ព័ន្ធនឹងការប្រមូល​ភាស៊ី បង់ថ្លៃជួលតូប រាន ស្តង់ ព្រមទាំងកន្លែងលក់ដូរដទៃទៀតពីអាជីវករ​​ទៅ​តាម​ការកំណត់​ក្នុង​សៀវភៅបន្ទុក។

លិខិតដដែលក៏បានណែនាំដល់អាជ្ញាធរទាំងនោះ ត្រូវណែនាំបន្តទៅ​ប្រធានផ្សារ អ្នកគ្រប់​គ្រង​ផ្សារ​នៅក្នុងដែនសមត្ថកិច្ចរបស់​ខ្លួនឱ្យបញ្ឈប់ការយកភាស៊ីនិង​សេវា​ផ្សេងៗចំពោះ​ប្រជាពលរដ្ឋ​លក់​ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី និងត្រូវ​បង្ក​លក្ខណៈងាយ​ស្រួល ដោយរៀបចំទីតាំងសមស្រប ដល់​ប្រជាពលរដ្ឋដែលលក់ដូរអីវ៉ាន់តិចតួចតាមកញ្ច្រែង កញ្ជើ ល្អី នោះ។

រដ្ឋបាលខេត្តក៏បានណែនាំឱ្យ​លើកស្លាក​តារាងតម្លៃភាស៊ីនៅតាមទីផ្សារក្នុងដែនសមត្ថកិច្ចរបស់​ខ្លួនផងដែរ។​

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃនេះថា ការណែនាំនេះបានធ្វើឡើងក្រោយ​ពីរដ្ឋបាលខេត្តបានរកឃើញភាពមិនប្រក្រតី លើការទារភាស៊ីនៅតាមទីផ្សារក្នុងខេត្តព្រះសីហនុនេះ។

លោកថា៖ «ជាក់ស្តែង ដូចករណីសន្តិសុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខាងលើស្រាប់ ដើម្បីបង្ការបញ្ហាបែបនេះ ត្រូវក្រើនរំឭក​នូវការអនុវត្ត​ខ្លឹមសារសារាចររបស់រាជរដ្ឋាភិបាល»។

ការណែនាំនេះបាន​ធ្វើឡើងបន្ទាប់ពីមានករណីសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុម្នាក់ បាន​ទាត់បំផ្លាញពងទារបស់​អាជីវករ ដោយសារតែទារថ្លៃភាស៊ីចំនួន៣ម៉ឺន​រៀលលើសសៀវភៅបន្ទុកពីអាជីវករនោះមិនបាន​ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ កាលពីថ្ងៃ២០ ខែមីនា អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានកោះប្រជុំបន្ទាន់មួយជុំវិញករណីសន្តិសុខ​មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បាន​​ទារ​ថ្លៃភាស៊ីលើស​សៀវភៅបន្ទុក និងបំផ្លាញទំនិញពងទា​របស់អាជីវករនោះ។

ក្រោយ​ពិនិត្យ​ដើមហេតុនៃបញ្ហាដែលបានកើតឡើងនេះ រដ្ឋបាលខេត្តរកឃើញថា សន្តិសុខរូបនោះពិតជាមានចេតនា​បំផ្លាញទំនិញរបស់អាជីវករ មិនមែនជាការថយប៉ះធ្វើឱ្យ​ខូចខាតនោះទេ ដែលករណីនេះ អភិបាលខេត្តបានបញ្ជាឱ្យនាំខ្លួន​សន្តិសុខរូបនោះទៅសួរនាំបន្ថែម​ បើទោះ​ជាករណីនេះមានការស្រុះស្រួលគ្នានិង​ផ្តល់សំណងទៅដល់អាជីវករ​លក់ពងទានោះហើយ​ក៏ដោយ ព្រោះករណីនេះបានបង្កឱ្យ​ប៉ះពាល់​ដល់​ការងារគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈ។

លោក អ៊ី សុខ​ឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា លោកនឹងកោះប្រជុំ ជាមួយ​ប្រធានផ្សារទាំងអស់​ និង មន្ទីរសេដ្ឋកិច្ចនិង​ហរិញ្ញវត្ថុ​ខេត្ត នៅថ្ងៃពុធ​សប្ដាហ៍នេះ ដើម្បីផ្សព្វផ្សាយនិងណែនាំអំពីចំណាត់ការរបស់រដ្ឋបាលខេត្ត​ ជុំវិញការទារភាស៊ីនេះ។

លោកមានប្រសាសន៍ថា៖ «ការអនុវត្តសារាចររបស់រាជរដ្ឋាភិបាល គឺត្រូវតែធ្វើ ហើយអាហ្នឹង​មិនអាចប្រធានផ្សារមួយៗគាត់ទៅយកភាស៊ីខុសពីសារាចរណែនាំអញ្ចឹងទេ ហើយករណីថា​ផ្សារ​ណាមួយគាត់យកខុសពីសារាចរណែនាំ អាហ្នឹងគាត់ទទួលខុសត្រូវចំពោះមុខច្បាប់ខ្លួនគាត់ទៅ»។

លោក ជិន ជឿន អាយុ៤១ឆ្នាំ ជាអ្នកលក់​បាយឆានិង​​មីឆាតាមរទេះ​​ បង្ហាញក្តីរីករាយ​ដែល​អាជ្ញាធរ​ខេត្តណែនាំឱ្យ​ពិនិត្យ​បន្ថែមលើការទារ​ភាស៊ីនេះ។

លោក​ថា៖ «ព្រោះអីប្រជាពលរដ្ឋឥលូវក៏ពិបាករកស៊ីដែរ ហើយគាបសង្កត់ពីអាជ្ញាធរ ខាងយកភាស៊ីយកអី បង់លិចបង់កើត យកភាស៊ីពីគ្នាលក់កំប៉ិកកំប៉ុក ដេញគ្នាមុខក្រោយ ខ្លះរើមិនទាន់ ខ្ចាយខូចខាតរបស់គ្នា»។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់​ ពៅ បានគាំទ្រ​ចំពោះចំណាត់​ការរបស់អាជ្ញាធរ​​ខេត្តព្រះសីហនុ ដែល​ឱ្យរឹតបន្តឹងលើការងារទារ​ភាស៊ីរបស់ប្រធានផ្សារ និងអ្នកគ្រប់គ្រងផ្សារ ឱ្យបានត្រឹមត្រូវ។

លោកមានប្រសាសន៍ថា៖ «យើងគាំទ្រទៅនឹងចំណាត់ការរបស់អភិបាលខេត្តព្រះសីហនុ ទាក់ទងទៅនឹងការបញ្ឈប់ការយកភាស៊ីនេះ អ្នកលក់ដូរកំប៉ិកកំប៉ុកតាមកញ្ច្រែង កញ្ជើ ល្អី ទាំងអស់ហ្នឹង វាជាចំណុចមួយជួយសម្រាលបន្ទុកអ្នករកស៊ីតូចតាចផងដែរ។

លោកក៏បានស្នើ​ឱ្យពិនិត្យ​និង​បញ្ឈប់ការទារភាស៊ីពីអ្នកលក់ដូរ​តិចតួចនៅតាមឆ្នេរផងដែរ។

លោក វន់ ពៅ បន្តថា៖ «ជាទូទៅ អ្នកលក់ដូរតាមឆ្នេរទាំងអស់ហ្នឹង គឺគាត់ត្រូវបង់ភាស៊ីទៅឱ្យអាជ្ញាធរតាមតូចតាមធំអញ្ចឹង កន្លែងតាមតូចតាមធំ ហើយកន្លងទៅ យើងធ្លាប់ទទួលបានព័ត៌មានថា កន្លែងខ្លះវារាប់ពាន់រាប់ម៉ឺន តម្រៀបជួល[បន្ត]គ្នា ប៉ុន្តែវាមានកន្លែងខ្លះ មួយពាន់ពីរពាន់អញ្ចឹងដែរ»។

យោងតាម​សារាចររបស់រដ្ឋាភិបាល ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ បានសម្រេចលុបចោល​ការបង់ថ្លៃភាស៊ី និងការបង់ថ្លៃសេវាផ្សេងទៀត ចំពោះការលក់ដូររបស់​ប្រជាពលរដ្ឋ​តាមកញ្ច្រែង កញ្ជើ ល្អី ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អ​សេវាសាធារណៈជូនប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ