ក្រសួង​ការងារ​ឱ្យ​សមាគម​រោងចក្រ​ជួយ​សម្រប​សម្រួល​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដល់​កម្មករ​

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ស្នើដល់សមាគមរោងចក្រកាត់ដេរកម្ពុជា ជួយសម្របសម្រួលជាមួយភាគីរោងចក្រ រៀបចំបញ្ជីឈ្មោះពេទ្យ ក្រុមការងារ និងបន្ទប់ឬទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដល់​កម្មកររោងចក្រ ដើម្បី​ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង សរសេរក្នុងសេចក្តីប្រកាសចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០​២​១ ដោយស្នើដល់ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា សហការជាមួយភាគីថៅកែរោងចក្រ រៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រ​ចាំតាមរោងចក្រម្នាក់ បុគ្គលិករដ្ឋបាល និងកន្លែងសម្រាប់បងប្អូនកម្មករសម្រាកនិងតាមដានសុ​ខភា​ពរយៈពេល៣០នាទី ក្រោយចាក់វ៉ាក់សាំងរួច ជាដើម។

លោក អ៊ិត សំហេង សរសេរថា៖ «ខ្ញុំសូមជម្រាបជូនលោក ឧកញ៉ា [ខេន លូ ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា] ជ្រាបថា ដើម្បីការពារសុខភាពជូនបងប្អូនកម្មករនិ​យោ​ជិត ក៏ដូចជាផលប្រយោជន៍របស់រោងចក្រ ពីការឆ្លងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករនិយោជិតតាមរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ»

ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់​ GMAC លោក ខេន លូ ស្វាគមន៍​ចំពោះសេចក្តីជូនដំណឹងរបស់ក្រសួងការ​ងារ ហើយលោកថា លោកបានផ្ញើលិខិតនោះទៅសមាជិកដែលមានចំនួនជាង៦០០នៅទូទាំងប្រទេសរួចហើយ​ ដើម្បីឆ្លើយត​បតាមសំណើ។

លោកបន្ថែមថា ការចាក់វ៉ាក់សាំងនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺឆ្លងចំពោះកម្មករ ហើយខាងសមាគមនឹងជួយសម្រ​បសម្រួលជា​មួ​យ​ភាគីថៅកែរោងចក្រ ឱ្យត្រៀមកម្លាំងបុគ្គលិកគ្រប់គ្រាន់ ដើម្បីជួយដល់ដំណើរការចាក់វ៉ាក់សាំងបញ្ចប់បានឆាប់តា​មដែលអាចធ្វើទៅបាន។

លោក ខេន លូ មានប្រសាសន៍ថា៖ «ឥលូវយើងគ្រាន់តែបញ្ជូនឈ្មោះ ដើម្បីឱ្យរាជរដ្ឋាភិបាល ឱ្យក្រសួងការងារ ទៅអប់រំទៅពេ​ទ្យសិន។ អប់រំទៅពេទ្យ គួរតែត្រូវធ្វើម៉េចៗ ហើយចាំមើលទៅមុខ ខ្ញុំជឿថា ក្រសួងការងារអាចមាននីតិវិធីថ្មី ដើម្បីប្រកាសថា ពេ​លដែលចាក់វ៉ាក់សាំងឱ្យកម្មករ គួរតែធ្វើយ៉ាងម៉េចៗ។ ខ្ញុំជឿថា ក្រសួងការងារកំពុងតែរៀបចំហើយ»

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សោភ័ណ្ឌ គាំទ្រចំពោះការដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់កម្មកររោងចក្រនិងសហគ្រាស ដោយសារពួកគេភាគច្រើនធ្វើការងារ ហូបអាហារ ជាពិសេសធ្វើដំណើរជាក្រុម គ្នា​​ច្រើន ងាយប្រឈមការចម្លងជំងឺ។

យ៉ាងណា អ្នកស្រីស្នើដល់ក្រសួងនិងភាគីពាក់ព័ន្ធត្រូវអនុញ្ញាតឱ្យ​កម្មករមានពេលលើកពីបញ្ហាសុខភា​ព ទទួលបានព័ត៌មានអំពីវ៉ាក់សាំង និងមានពេលវេលាសម្រាកគ្រប់គ្រាន់បន្ទាប់ពីចាក់រួច ដើម្បីបញ្ចៀសហានិភ័យបង្កឡើងដោយវ៉ាក់សាំង។  

អ្នកស្រី យ៉ាង សោភ័ណ្ឌ ចោទជាសំណួរថា៖ «តើយើងត្រូវធ្វើការងារតាមធម្មតា ឬអាចថាសម្រាលការងារជូនពួកគាត់? ហើ​យមួយទៀត វ៉ាក់សាំងដែលយកមកចាក់សម្រាប់ពួកគាត់ហ្នឹង តើអាចធានាជាវ៉ាក់សាំងមួយដែលឆ្លងកាត់ការពិនិត្យត្រឹមត្រូវ ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកឬអត់? អានេះជាក្តីបារម្ភមួយដែលបងប្អូនកម្មករដែលគាត់តែងតែសួរខ្ញុំ»

វីអូឌី​ មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដើម្បីសុំការបញ្ជាក់បន្ថែមពីលើសេចក្តីជូនដំណឹងបានទេ គិ​តត្រឹមរសៀលថ្ងៃអង្គារ ទី២៣ ខែមីនានេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតគណៈកម្មការចំពោះកិច្ចមួយនៅថ្ងៃទី១៦ ខែមីនា ដើម្បីអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់កម្មករនៅតាមបណ្តារោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំ​ងប្រទេស បន្ទាប់ពីស្ថានការណ៍រីករាល​ដា​លនៃជំងឺកូវីដ-១៩បន្តកើនឡើង។

គិតត្រឹមថ្ងៃទី២៣ ខែមីនានេះ យ៉ាងហោចណាស់មានកម្មករបម្រើការនៅតាមរោងចក្រកាត់ដេរ២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងនោះ កម្មករផ្នែកបោកគក់ម្នាក់នៅរោងចក្រមួយក្នុងខណ្ឌដង្កោ បានរកឃើញវិជ្ជមានកូវីដ-១៩ នៅដើមខែមីនា ដែលនាំឱ្យអ្នកប៉ះផ្ទាល់និងប្រយោលជាង៧០០នាក់ត្រូវបានធ្វើតេស្តនិងដាក់ខ្លួននៅដោ​យឡែក។

ដោយឡែក នៅថ្ងៃទី១៦ ខែមីនា ស្រ្តីសន្តិសុខរោងចក្រដេរស្បែកជើងមួយក្នុងខណ្ឌសែនសុខ ត្រូវបានរាយការណ៍ថា មានវិជ្ជ​មា​នកូវីដ-១៩ និងបានចម្លងទៅអ្នករួមបន្ទប់ម្នាក់ ហើយមនុស្សជាង៤០នាក់ត្រូវបានរកឃើញថាបាន​ប្រាស្រ័យ​ជាមួយអ្នកជំងឺ និងដាក់ឱ្យធ្វើចត្តា​ឡីស័ក​១៤ថ្ងៃ។

គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ​ការណ៍សហគមន៍២០កុម្ភៈ សរុប១ ២៦៦នាក់ ក្នុងនោះ អ្នកស្លាប់​ចំនួន៤នាក់ ខណៈអ្នកឆ្លងទូទាំងប្រទេសសរុបបានកើនដល់​១ ៧៨៨នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ៩៩៩នាក់ និងកំពុងសម្រាកព្យាបាល៧៨៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ