ពលរដ្ឋ​មាន​បញ្ហា​​ដី​ធ្លី​នៅ​ខេត្ត​សៀមរាប​ ស្នើ​នាយក​រដ្ឋ​មន្ត្រី​ជួយ​​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គេ​

ប្រជាពលរដ្ឋមួយចំនួនតំណាងឱ្យ ២៤គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប លើកបដាតវ៉ាទាមទារដំណោះស្រាយលើដីកំពុងមានវិវាទ ដោយថាអាជ្ញាធរជាតិអប្សរាឈូសឆាយលើដីរបស់ពួកគេដោយគ្មានសំណងត្រឹមត្រូវ។ (ពលរដ្ឋមានវិវាទដីធ្លី)

ប្រជាពលរដ្ឋចំនួន២៤គ្រួសារ នៅឃុំរុនតាឯក ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប ស្នើ​ប្រមុខរដ្ឋាភិបាល​ ជួយអន្តរាគមន៍រកដំណោះ​ស្រាយ​រឿងដីធ្លីរបស់ពួកគាត់ ដោយពួកគាត់ចោទ​អាជ្ញាធរជាតិអប្សរា ថាបានឈូសឆាយ​រំលោភយកដីរបស់ពួកគាត់ដោយ​មិនបានផ្តល់សំណងសមរម្យ។

លោក នឿម សាណន អះអាងជាតំណាងប្រជាពលរដ្ឋទាំង២៤គ្រួសារនោះ បានឱ្យ វីអូឌី ដឹងនៅថ្ងៃអង្គារម្សិល​មិញ​ថា ប្រជាពលរដ្ឋបានរស់នៅអាស្រ័យផលលើដីទំហំ៩៦ហិកតានេះ តាំងពីឆ្នាំ១៩៧៩មក ប៉ុន្តែនៅអំឡុងឆ្នាំ២០០៥ អាជ្ញាធរជាតិ​អប្សរា បានចុះទៅស្រាវជ្រាវនិងទិញដីនោះពីប្រជាពលរដ្ឋក្នុងតម្លៃ៥០០ទៅ៦០០ដុល្លារ។

លោកបន្តថា ការទិញដីនេះ ប្រជាពលរដ្ឋខ្លះបានលក់ តែពលរដ្ឋខ្លះមិនព្រមលក់នោះទេ ដោយស្នើឱ្យមានការដោះដូរដីនៅកន្លែងផ្សេងទៅតាមទំហំដីជាក់ស្តែង ប៉ុន្តែអាជ្ញាធរជាតិអប្សរា បដិសេធ ទើបបណ្តាល​​ឱ្យកើតមានវិវាទដល់បច្ចុប្បន្ន។

លោកបញ្ជាក់ថា៖ «[ដីហ្នឹង] វាអត់ពាក់ព័ន្ធទៅហ្នឹងប្រាសាទ ពាក់ព័ន្ធទៅក្នុងតំបន់អភិរក្ស ឬជាជម្រកព្រៃឈើអីនោះទេ បើសិនជាមានប្រាសាទ ឬតំបន់អភិរក្ស ហេតុអីបានជាឈូសឆាយតំបន់ហ្នឹងធ្វើជាតំបន់អភិវឌ្ឍន៍ អ៊ីចឹងនេះវាអត់មានប៉ះពាល់អីទេនៅក្នុងច្បាប់»។

លោក សាណន បន្ថែមថា ក្រោយមានវិវាទដីធ្លីនេះ ប្រជាពលរដ្ឋបានសុំអន្តរាគមន៍ឱ្យមានដំណោះស្រាយ​ពីអាជ្ញាធរខេត្តជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែនៅមិនទាន់មានការដោះស្រាយណាមួយសមរម្យដល់ពលរដ្ឋនៅឡើយ ទើបពួកគាត់ស្នើដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍ដោះស្រាយជូន​ប្រជាពលរដ្ឋ​ផង ព្រោះពួកគាត់មានតែដីនេះសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតប៉ុណ្ណោះ។

លោកថា៖ «អញ្ចឹងរហូតមក មានតែយើងធ្វើវិធីសាស្រ្តមួយទេ ដើម្បីឱ្យប្រមុខរដ្ឋាភិបាល ចៅហ្វាយខេត្ត អាជ្ញាធរដែលពាក់ព័ន្ធហ្នឹង សូមមេត្តាសម្រួលត្រួតពិនិត្យ [ដោះស្រាយ​]»។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានច្រានចោលការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ ហើយ​ថា បញ្ហាដីធ្លីនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានដោះស្រាយរួចហើយ។ លោកបានអះអាងថា ការទាមទាររបស់ប្រជាពលរដ្ឋធ្វើឡើងដោយ​មិនបានផ្អែកទៅលើ​​ផ្នែកច្បាប់និងភាពជាក់ស្ដែងនៃទីតាំងនោះទេ។

លោកបញ្ជាក់ថា៖ «ករណីស្ថាប័នរដ្ឋទៅរំលោភលើដីរបស់ប្រជាពលរដ្ឋ អាហ្នឹងគឺជារឿងមិនពិតទេ។ ទី២ ខ្ញុំសូមបញ្ជាក់ថែមទៀត អំពីថា ក្នុងការទាមទាររបស់បងប្អូនប្រជាពលរដ្ឋ វាមានលក្ខខណ្ឌមួយចំនួន ដែលការទាមទារ​រ​បស់គាត់មួយចំនួន វាមិនត្រឹមត្រូវ មិនសមហេតុមិនសមផល ដែលក្រុមការងារពីមុនគេបានដោះស្រាយរួចរាល់ហើយ ខាងផ្នែកជំនាញគ្រប់ផ្នែកពាក់ព័ន្ធ គេដោះស្រាយរួចរាល់ហើយ»។

តែយ៉ាងណា លោកថា អាជ្ញាធរជាតិអប្សរា នឹងបន្តពិនិត្យនិងដោះស្រាយជាមួយ​ប្រជាពលរដ្ឋ​បន្តទៀត។ លោកក៏​បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងនោះចូលរួមសហការ​ក្នុងការ​ដោះស្រាយជាមួយអាជ្ញាធរ​ដោយភាពស្មោះត្រង់ និងបញ្ឈប់​​រាល់សកម្មភាពទាំងឡាយណាដែលធ្វើឱ្យមានផលប៉ះពាល់ដល់ដំណើរការនៃការដោះស្រាយនេះ។

មន្រ្តីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​សៀម​រាប លោក សួស ណារិន ដែល​​បានតាមដានរឿង​នេះ មានប្រសាសន៍ថា ករណីជម្លោះដីធ្លីនេះ អាជ្ញាធរខេត្ត​បានដោះស្រាយពេលថ្មីៗនេះ ដោយផ្ដល់សំណងជាដីលំនៅដ្ឋាន​ក្នុងមួយគ្រួសារ​ទំហំ២០គុណ​៣០​ម៉ែត្រ ប៉ុន្តែពលរដ្ឋ២៤គ្រួសារនេះ​មិនព្រមទទួលយក។

លោកបន្តថា៖ «ការពីមុន មានគ្នា៣០គ្រួសារ ប៉ុន្ដែអាជ្ញាធរគាត់បានដោះស្រាយបញ្ហាជាសំណងលុយកាក់ខ្លះទៅ នៅសល់២៤​គ្រួសារ។ អញ្ចឹងចុងក្រោយ គេដោះស្រាយជាដី ម្នាក់មួយឡូត៍ៗ តែពួកគាត់មិនព្រម គាត់ចង់ទាមទារ​ដីទាំងអស់របស់គាត់៩០​ហិកតា ដែលកាលមុនមាន​១៥០ហិកតា​ជាង»។

ទោះយ៉ាងណា លោក​ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីនេះឱ្យ​បានសមរម្យ និង​ទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ