កម្ពុជា​ទទួល​បាន​ហិរញ្ញប្ប​ទាន​ចំនួន​៧​លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េ​ ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

កម្ពុជាទទួលបានហិរញ្ញប្បទានចំនួន៧លានដុល្លារអាមេរិកពីប្រទេសកូរ៉េ​ (KOICA) ដើម្បីជួយលើកកម្ពស់​សមត្ថភាពវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។

ពិធីចុះហត្ថលេខាប្រគល់និងទទួលថវិកាជំនួយនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រវាងប្រធានតំណាងទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំការិយាល័យប្រទេសកម្ពុជា លោក នោ ហ្យន់ជូន (Rho Hyun-Jun) និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ KOICA បានឱ្យដឹងថា ខ្លួនបាន​​ផ្តល់ហិរញ្ញប្បទានចំនួន៧លានដុល្លារសហរដ្ឋអាមេរិក ជួយលើកកម្ពស់សមត្ថភាពការអប់រំបច្ចេកវិទ្យាពត៌មានវិទ្យានៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិ នៅប្រទេសកម្ពុជា។

តំណាងរបស់ KOICA លោក Rho Hyunjun បានឱ្យដឹងនៅថ្ងៃនេះថា គម្រោង​នេះផ្តោតសំខាន់លើការចូលរួមចំណែករបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់គុណវុឌ្ឍិគ្រូឧទ្ទេស និងគ្រូបង្រៀន ក្នុងការអប់រំបច្ចេកវិទ្យាព័ត៌មានវិទ្យានៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិ នៅខេត្តកំពង់ចាម ព្រៃវែង តាកែវ និងកណ្តាល។

បន្ថែមពីនេះ KOICA នឹងផ្តល់អាហារូបករណ៍ថ្នាក់​អនុបណ្ឌិតដល់គ្រូឧទ្ទេស ធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា សៀវ​ភៅ​សិក្សា​កុំព្យូទ័រ បំពាក់​កុំព្យូទ័រ និង​កែលម្អ​បន្ទប់​សម្រាប់​បង្រៀន​កុំព្យូទ័​រ​ នៅតាមមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ​ខេត្ត និងសាលាមធ្យមសិក្សាបឋមភូមិ​ទាំងនោះ​ផងដែរ។

លោក Rho Hyunjun បញ្ជាក់ថា៖ «KOICA សង្ឃឹមថា គម្រោងនេះនឹងធ្វើឱ្យ​ប្រសើរឡើងលើការអប់រំបច្ចេកវិទ្យា​ព័ត៌មានវិទ្យានៅប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែកគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»

KOICA មានគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមកជាមួយ​បណ្តាប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បណ្តាប្រទេសទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ