អ្នក​ជំងឺ​២​​នាក់​​ទៀត​​​ស្លាប់​​ដោយ​​សារ​​កូវីដ-១៩​ ខណៈ​​ករណី​ឆ្លង​ថ្មី​មាន​៥៥​នាក់​​

អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធរៀបចំបញ្ជូនអ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅកាន់សណ្ឋាគារ The Great Duke ដើម្បីបន្តការធ្វើចត្តាឡីស័កវិញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ២នាក់ទៀត​នៅថ្ងៃនេះបានស្លាប់​ដោយ​សារ​​កូវីដ-១៩ ខណៈ​មនុស្ស​ចំនួន៥៥​នាក់បន្ថែម​ទៀតត្រូវ​បាន​រក​ឃើញ​ថាបានឆ្លងជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺ២នាក់ជាបុរសជនជាតិខ្មែរនិង​ចិនដែល​បានស្លាប់នោះ គឺដោយសារ​តែ​​​រលាកសួត​​ទាំង​សងខាងធ្ងន់​ធ្ងរ​​និង​ខ្សោយ​សួតខ្លាំងដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ-១៩។

ក្រសួងបន្ត​​ថា បុរសជនជាតិខ្មែរម្នាក់ដែលបានស្លាប់ មានអាយុ៣៨ឆ្នាំ ស្នាក់នៅ​ភូមិ​សាម​គ្គី សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌពោ​ធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ត្រូវបានក្រសួងរកឃើញថា បានឆ្លងជំងឺ​កូវីដ-១៩ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដោយ​​សម្រាកព្យាបាលនៅសណ្ឋាគារ Great Duke។ ប៉ុន្តែ​រហូតដល់ថ្ងៃទី២០ ខែមីនា ក្រុមគ្រូពេទ្យបានបញ្ជូនទៅសម្រាកព្យាបាល​​នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ ក្រោយពីបុរសរូបនេះមានអាការហត់។

ក្រសួងបន្តថា បុរសរូបនោះបានរងនូវការវាយលុកលឿនពីវីរុសកូវីដ-១៩ ធ្វើឱ្យ​​ខ្សោយ​សួតធ្ងន់​ធ្ងរ​ខ្លាំង រលាក​សួត​សងខាងធ្ងន់ធ្ងរខ្លាំង ទើបបណ្តាលឱ្យ​ស្លាប់។

ចំណែកអ្នកស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ម្នាក់ទៀតនោះ ក្រសួងថា ជាជនជាតិចិន អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល និង​ត្រូវបានរកឃើញឆ្លងកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ក្រសួងបន្ថែមទៀតថា ក្រោយពីបាន​​ដាក់​ឱ្យស​ម្រាក​ព្យាបាល​នៅមន្ទីរពេទ្យជ័យជំនះ រហូតដល់ថ្ងៃទី១៨ ខែមីនា ក្រុមគ្រូពេទ្យបានបញ្ជូនអ្នកជំងឺជនជាតិចិននោះទៅ​​សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតវិញ​ បន្ទាប់ពីមានអាការហត់ខ្លាំង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ក្រសួងនឹងពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់កុំឱ្យមានប្រជាពលរដ្ឋស្លាប់ដោយសារ​ជំងឺនេះបន្ថែមទៀត។​ ប៉ុន្តែនៅពេលសួរថា តើ​ការចាក់វ៉ាក់សាំងនោះនឹងចាប់ផ្ដើមពេលណា លោកស្រីសុំមិនធ្វើអត្ថាធិប្បាយ រង់ចាំអនុសាសន៍របស់ប្រមុខ​រដ្ឋាភិបាលជាមុនសិន។

លោកស្រីថា៖ «ធ្វើម៉េចរុញការចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារភាពធ្ងន់ធ្ងរហ្នឹង។ ខ្ញុំកំពុងរុញការចាក់វ៉ាក់សាំងហ្នឹង»។

ក្នុងរយៈពេលជាង១ខែមកនេះ អ្នកស្លាប់ដោយសារ​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើនដល់ចំនួន៧នាក់ហើយ។

ក្រៅពីអ្នកស្លាប់ចំនួន២នាក់ នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ ចំនួន៥៥នាក់បន្ថែមទៀតផងដែរ។

ក្រសួងបន្តថា អ្នកជំងឺកូវីដ-១៩ ទាំង៥៥នាក់ ក្នុងនោះមានខ្មែរចំនួន៥៤នាក់ និងជនជាតិវៀត​​ណាម​ម្នាក់ ដោយអ្នកទាំង​នោះត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ខេត្តសៀមរាប កណ្ដាល  ព្រះសីហនុ ត្បូងឃ្មុំ និងកំពង់ធំ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីនេះ ក្រសួងថា ក៏មានអ្នកជាសះស្បើយចំនួន២៣នាក់ដែរកាលពីថ្ងៃម្សិលមិញ។

អ្នកសិក្សាពីបញ្ហាសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍​ថា ការស្លាប់​រប​ស់អ្នកជំងឺកូវីដ-១៩ ជា​ការ​រំឭក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើនការ​ប្រុងប្រយ័ត្ន​និងការពារសុខភាពពីជំងឺឆ្លងនេះ។ លោក​បង្ហាញក្ដីបារម្ភនៃការរីករាលដាលជំងឺនេះ អាច​កាន់តែធ្ងន់ធ្ងរ​ទៅ​ ប្រសិនបើរដ្ឋាភិបាល និងប្រជាពលរដ្ឋមិនបានចូលរួមទប់ស្កាត់ឱ្យ​មានប្រសិទ្ធភាពទេនោះ។

លោកថា៖ «​អ្នកខ្លះក៏មានទស្សនៈថា ​វាជាជំងឺនយោបាយ ឬជាជំងឺមិនច្បាស់លាស់អីអញ្ចឹង។ ទី២ សម្រាប់ខ្ញុំ វា​ទើប​ចាប់​ផ្ដើម​ទេ ហើយ​វានឹ​ង​បន្ត​រីក​រាល​ដាល​​បន្ត​ទៀត បើ​មិន​មាន​យន្ត​ការច្បាស់​លាស់​ ទាំងកម្រិត​រដ្ឋាភិ​បាល ទាំង​កម្រិត​ប្រជាព​លរដ្ឋ និងកម្រិត​សហគមន៍»។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល​ ឱ្យដឹងថា គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ សរុប១ ៣៤៨ នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសចំនួន១ ៨៧២នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ១ ០៥៦នាក់ និង​កំពុងសម្រាកព្យាបាលចំនួន៨០៩នាក់ ហើយករណីស្លាប់កើនដល់៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ