សកម្ម​ជន​ព្រៃ​ឡង់​​ថា​ USAID​ មិន​បាន​គាំទ្រ​ពួក​គេ​លើ​សកម្ម​ភាព​ការពារ​ធនធាន​ធម្មជាតិ​ឡើយ​

សកម្មភាពចុះល្បាតរបស់ក្រុមការពារព្រៃឡង់ខេត្តកំពង់ធំនៅថ្ងៃ ទី ១៣ -១៥ ខែតុលា ឆ្នាំ២០១៨។ (រូបភាព៖ ផ្ដល់ដោយ ប្រភពបណ្តាញការពារព្រៃឡង់ខេត្តកំពង់ធំ)

ក្រុមសកម្មជនការពារព្រៃឈើ បង្ហាញការខកចិត្តចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកស​ម្រាប់ការអ​ភិវឌ្ឍអ​ន្តរជាតិ (USAID) ដែល​ថាខ្លួនបានធ្វើការងារផ្ទា​ល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់ ខណៈក្រុមសកម្មជនទាំងនោះ​អះ​អាង​ថា ទីភ្នាក់ងារមួយនេះមិនដែលគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគេម្តងណាឡើយ។

ចាប់ពីឆ្នាំមុនមក សមាជិកបណ្តាញសហគមន៍ព្រៃឡង់ ត្រូវបានហាមឃាត់ដោយរដ្ឋាភិបាល មិនឱ្យចុះល្បាតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នោះទេ ដែលបម្រាមនេះត្រូវបានពួកគេអះអាងថា ​ធ្វើឱ្យ​មានការ​​កើនឡើងនូវ​វិនាស​កម្ម​ព្រៃឈើ​​​ក្នុងតំបន់ការពារធម្មជាតិមួយនេះ។

ក្នុងលិខិតចំហចុះថ្ងៃទី២២ ខែមីនា ក្រុមបណ្តាញសហគមន៍ព្រៃឡង់ និយាយថា បណ្តាញរបស់ពួកគេកកើតចេញពីអ្នកស្ម័​គ្រចិត្តមកពីភូមិជាង១០០ ដើម្បីធ្វើការដោយមិនខ្លាចនឿយហត់ និងដោយការប្រថុយប្រថាននឹងគ្រោះថ្នាក់ ដើម្បីការពារធន​ធានព្រៃឡង់ពីការកាប់បំផ្លាញ ការបរបាញ់ សម្បទានដី និងការជីកយករ៉ែដោយខុសច្បាប់។

ពួកគេសរសេរបន្ថែមក្នុងលិខិតថា៖ «យើងបានឆ្លងកាត់គ្រោះថ្នាក់ ការវាយប្រហារ និងការ​បាត់បង់ជីវិត បញ្ហាប្រឈមទាំងនេះហើយដែលយើង​ខ្ញុំសង្កេតឃើញថា USAID មិនដែលគាំទ្រនិងការពារសិទ្ធិរបស់យើងខ្ញុំឡើយ»

សកម្មជនទាំងនោះបន្តថា ពួកគេមានការខកចិត្តជាខ្លាំងនៅពេលដែលបានឃើញសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់​ USAID ដែលអះអាងថា ខ្លួនបានធ្វើការផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់។

ពួកគេបន្ថែមថា៖ «យើងខ្ញុំមិនដែលឃើញ USAID ធ្វើការផ្ទាល់ជាមួយយើងម្តងណាឡើយ។ USAID មិនដែលផ្តល់ដំណឹងអំពីគម្រោងព្រៃឡង់បៃតងរបស់ខ្លួនដល់យើងខ្ញុំនោះទេ។ USAID មិនដែលបានសួរយើងខ្ញុំថា តើយើងខ្ញុំយល់ព្រមនឹងអ្វីដែល USAID កំពុងធ្វើនៅលើព្រៃដូនតារបស់យើងឡើយ។ ហើយយើងខ្ញុំមិនដែលទទួលបានជំនួយ​ផ្នែកហិរញ្ញវត្ថុ ឬបច្ចេកទេសពី USAID ផងដែរ។ ផ្ទុយទៅវិញ យើងខ្ញុំបានស្នើសុំជួបប្រជុំជាមួយ USAID ជាច្រើនដង ប៉ុន្តែការប្រជុំភាគច្រើនតែងតែពន្យារពេលឬលុបចោល»

ក្រុមអ្នកតស៊ូមតិផ្នែកព្រៃឈើដដែល លើកឡើងទៀត​ថា USAID បានបដិសេធសំណើចូលរួមក្នុងគម្រោងព្រៃឡង់បៃតងជាច្រើនដង និ​ងបានប្រាប់ក្រុមសកម្មជនថា ការិយាល័យរបស់ពួកគេ​​មានទំហំតូច មិនអាចរៀបចំទទួលតំណាងសហគមន៍៤នាក់មកពីខេត្តទាំង៤ ដែលរួមមាន​ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានឡើយ។

ក្រុមសកម្មជននិយាយថា៖ «នេះមិនមែនជារបៀបដែលយើងខ្ញុំធ្វើការនោះទេ យើងខ្ញុំធ្វើការងារជាបណ្តាញ ហើយមិនមែនជាបុគ្គលដែលអ្នកអាចទិញដូរឬបំភិតបំភ័យបានឡើយ»

ពួកគេថ្លែងបន្ថែមថា៖ «ប្រសិនបើ USAID មិនចង់ធ្វើការជាមួយប្រជាជនមូលដ្ឋាននិងជនជាតិដើមភាគតិចទេ នោះ​គឺជាការសម្រេចចិត្តរបស់ USAID ប៉ុន្តែសូមគោរពយើងខ្ញុំជាបណ្តាញ ហើយមិនត្រូវប្រើឈ្មោះរបស់យើងខ្ញុំដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ សេចក្តីថ្លែងការណ៍របស់ USAID មិនអាចទទួលយកបានឡើយសម្រាប់បណ្តាញសហគមន៍ព្រៃឡង់ ហើយយើងខ្ញុំស្នើឱ្យមានការប្តូរពាក្យនេះចេញ»

ក្នុងលិខិតដដែលក៏បានលើកឡើងទៀតថា ការដែល USAID និយាយថា ខ្លួនគាំទ្រក្រុមសហគមន៍ក្នុងការចុះល្បាតរួមគ្នាជាមួយក្រសួងបរិស្ថាន គឺជាការលើកឡើងដែលផ្ទុយពីការពិត ហើយក្រសួងបរិស្ថានបានព្យាយាមបំបែកបណ្តាញសហគមន៍ចេញពីគ្នា និងបង្ខំឱ្យសន្យាឈប់ដើរល្បាតក្នុងតំបន់ព្រៃឡង់តទៅទៀត។

ពួកគេបន្តថា៖ «នេះគឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានក្នុងការបញ្ឈប់ការចងក្រងឯកសារនៃការកាប់ឈើខុសច្បាប់នៅតំបន់ព្រៃឡង់ ដែលការបង្ខំឱ្យយើងទទួលយករបៀបធ្វើការបែបនេះ គឺវាមិនអាចទៅរួចសម្រាប់បណ្តាញសហគមន៍ព្រៃឡង់នោះទេ»

ស្ថានទូតអាមេរិក បានឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមសកម្មជនព្រៃឡង់តាមសារអេឡិចត្រូនិកនៅថ្ងៃពុធម្សិលមិញ ថា USAID បានប្រាស្រ័យទាក់ទងជាមួយក្រុមសហគមន៍ ដើម្បីពិភាក្សាអំពីចំណុចអាទិភាពរួមរបស់ពួកគេក្នុងការការពារដែនជម្រកសត្វព្រៃព្រៃឡង់។

ស្ថានទូតអាមេរិកសរសេរថា៖ «ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នាយកទីភ្នាក់ងារ USAID និងក្រុមគម្រោងព្រៃឡង់បៃតងដែលគាំទ្រដោយ USAID បានជួបគ្នាជាច្រើនលើកជាមួយសមាជិកសហគមន៍ ហើយនិងបន្តស្វាគមន៍និងលើកទឹកចិត្តឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា»

ប្រភពដដែលបន្ថែមថា៖ «គម្រោងព្រៃឡង់បៃតង ត្រូវបានផ្តួចផ្តើមបង្កើតឡើងដើម្បីរួមបញ្ចូលសមាសភាគពាក់ព័ន្ធសហគមន៍រឹងមាំមួយ និងការគាំទ្រដែលល្អប្រសើរដើម្បីការរួមគ្នាចុះល្បាត»

ស្ថានទូតអាមេរិកបញ្ជាក់ថា អាមេរិកសង្ឃឹមចំពោះការចូលរួមសហការគ្នារវាងបណ្ដាញ​សហគមន៍ ក្រសួងបរិស្ថាន និងភាគីពា​ក់​ព័ន្ធផ្សេងទៀត ដើម្បីធ្វើការរួមគ្នាក្នុងគោលដៅការពារព្រៃឡង់ឱ្យបានគង់វង្ស ដោយមានទីភ្នាក់ងារ USAID រង់ចាំជួយសម្របសម្រួលដល់កិច្ចពិភាក្សាអំពីកិច្ចការទាំងនេះ។

ស្ថានទូតនិយាយថា៖ «សហរដ្ឋអាមេរិក មានក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះវិនាសកម្មព្រៃឈើ បានបន្តកើតមាននៅក្នុងតំបន់កា​រ​ពាររបស់កម្ពុជា»

កាលពីថ្ងៃទី៥ ខែកុម្ភៈ ម្ចាស់ពានរង្វាន់អ្នកបរិស្ថានពិភពលោកឆ្នាំ២០១៦ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤រូបផ្សេងទៀត ត្រូវបានមន្រ្តីមន្ទីបរិស្ថានខេត្តក្រចេះចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ខណៈពួកគេចូលព្រៃឡង់ដើម្បីឃ្លាំមើលបទល្មើសធនធានធម្មជាតិ មុននឹងត្រូវបានដោះលែងមកវិញ។

បុគ្គលិកផ្នែកតស៊ូមតិ នៃគម្រោងការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា លើកឡើងថា ការបន្តទាមទារឱ្យមានការបើកសេរីភាពក្នុងការចុះល្បាតព្រៃតំបន់ការពារ គឺដោយសារពួកគេបារម្ភពីការបាត់បង់ព្រៃឈើនៅពេលគ្មានអ្នកឃ្លាំមើល។ លោកថា អ្នកភូមិក្នុងតំបន់បានរាយការណ៍មកលោកថា ការកាប់ព្រៃកំពុងបន្តកើតមានជារៀងរាល់ថ្ងៃនៅក្នុងតំបន់ព្រៃឡង់។

លោក ម៉ាឡា ប្រាប់ថា៖ «ត្រឡប់មកការងារព្រៃឈើវិញ ជំនួសឱ្យការមិនទទួលស្គាល់ការពិត ក្រសួងគួរតែយកពេលវេលាដ៏មានតម្លៃទាំងអស់ហ្នឹងធ្វើការស៊ើបអង្កេតរកឧក្រិដ្ឋ​ជនដែលនៅពីក្រោយវិញ»

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និយាយនៅសប្តាហ៍នេះថា បទល្មើសព្រៃឈើគឺកំពុងកើតមានក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ហើយក្រសួងស្វាគមន៍ចំពោះការចូលរួមការពារព្រៃឈើ ប៉ុន្តែក្រុមដែលចូលរួមត្រូវតែមានចុះបញ្ជីការស្របតាមផ្លូវច្បាប់។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ «អង្គការសង្គម​ស៊ីវិល​មួយ​ចំនួនមាន​ជំងឺ​​តួឯក​ខាង​ធនធានធម្មជាតិ ​កុំ​ព្យាយាម​បំពានច្បាប់​ ​និង​លើកទឹកចិត្ត​ក្រុម​អ្នក​រំលោភច្បាប់​។​ ​ទង្វើ​របស់​​​ក្រសួង​បរិស្ថាន​ ​ពុំមែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជន​ណា​ម្នាក់​ឡើយ​»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ