សាលា​រាជធានី​ឱ្យ​មន្ត្រី​បន្ត​ចូលរួម​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​រក្សា​សន្តិ​សុខ​និង​ទប់ស្កាត់​ជំងឺ​កូវីដ-១៩

រថយន្តមន្ទីរពេទ្យមួយគ្រឿងមកដឹកជនដែលសង្ស័យថាបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ រាជធានីភ្នំពេញ។ (ជន ចាន់រ៉ែន)

សាលារាជធានីភ្នំពេញ បានណែនាំមន្ត្រីជាថ្មីទៀតឱ្យបន្តសហការជាមួយកងកម្លាំងប្រដាប់អាវុ​ធ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ ខណៈយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅបន្តអូសបន្លាយ។

តាមលិខិតណែនាំចុះថ្ងៃទី២៤ ខែមីនា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង លើកឡើងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមគោលដៅចត្តាឡីស័កទាំងអស់ក្នុងមូលដ្ឋាន មន្ត្រីត្រូវអនុវត្តសេចក្តីណែនាំ៥ចំណុច។

សេចក្តីណែនាំទាំង៥ចំណុចនោះតម្រូវឱ្យគ្រប់គោលដៅចត្តាឡីស័ក រួមទាំងលំនៅដ្ឋានឯកជន អគារស្នាក់នៅរួម-ខុនដូ ក្លឹបកម្សាន្ត និងទីតាំងអាជីវកម្ម ដែលជាប់ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ស្ថិតក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលគណៈកម្មការនេះត្រូវប្រគល់ភារកិច្ចឱ្យទៅខណ្ឌទាំង១៤។

សាលារាជធានី គូសបញ្ជាក់ថា៖ «ខណ្ឌទាំង១៤នោះត្រូវបង្កើតការងារគ្រប់គ្រងទីតាំងចត្តាឡីស័កជាក់លាក់ទៅតាមគោលដៅ […] ក្នុង​នោះ ក្រុមការងារនីមួយៗត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យប្រចាំការ ម្ចាស់ទីតាំង និងភាគីពាក់ព័ន្ធមួយចំនួនទៀត អាស្រ័យលើតម្រូវការចាំបាច់»។

ប​ន្ថែ​មពីនេះ ក្រុមការងារត្រូវដាក់កម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង សំដៅដល់ការទទួលខុសត្រូវទាំ​ងស្រុ​​​ងលើការងារសន្តិសុខ សុវត្ថិភាព ជុំវិញកន្លែងធ្វើចត្តាឡីស័ក និងត្រូវរៀបចំផែនការបង្ការទប់ទល់ហេតុការណ៍ចលាចលនានាដែ​​​ល​អាចកើតឡើងជា​យថាហេតុ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មានប្រសាសន៍បន្ថែមលើសេចក្តីណែនាំនោះថា ការចូលរួមពីកងកម្លាំងប្រ​ដាប់អាវុធ ដូចជា ​​ប៉ូលិស និងកងរាជអាវុធហត្ថ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដនេះ បានធ្វើយូរមកហើយ ដែលកងកម្លាំងខ្លះបំពាក់ទាំងគ្រឿងបរិក្ខារពេទ្យ ក្នុងករណីចាំបាច់ណាមួយត្រូវចាប់បង្ខំ ទៅលើបុគ្គលមិនសហការជាមួយគ្រូពេ​ទ្យ ។

លោកថា៖ «ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ឃើញមានអ្នកដែលសង្ស័យកូវីដ តែគាត់មិនសហការក្នុងការទៅពិនិត្យសំណាក។ អ៊ីចឹង យើងមិនអាចប្រើកងកម្លាំងយើងទៅទទេបានទេ ព្រោះយើងត្រូវរក្សាគម្លាត យើងមានដល់កងកម្លាំង យើងបំពាក់នូវការងារឃុំគ្រងបទដ្ឋានសុខាភិបាលហ្នឹងគ្រាន់តែមានឧបករណ៍ជាកងកម្លាំងរបស់គាត់ ក្នុងន័យមួយ បើមិនស្ម័គ្រចិត្ត គេចាប់បង្ខំ»។

អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ប្រហាក់ប្រហែលដែរ តែលោកថា គ្រូពេទ្យម្នាក់ឯងមិនអាចធ្វើកិច្ចការនេះបានជោគជ័យទេ បើគ្មានកងកម្លាំងប្រដាប់អាវុធជួយនោះ តែយ៉ាងណាលោកថា កម្លាំងប្រដាប់អាវុធដែលដាក់ពង្រាយតាមគោលដៅនោះ មិនបានបំពាក់អាវុធស្វ័យប្រវត្តិទេ។

លោកថា៖ «គោលដៅហ្នឹង វាគ្រាន់តែជាការដាក់កម្លាំង ជាដំបងឆក់ មានឧបករណ៍មួយចំនួនដើម្បីការពារទេ វាមិនមែនជាកន្លែងប្រយុទ្ធអីទេ មិនមានអាវុធទេ»។

អភិបាលខណ្ឌទួលគោក លោក ឯក ឃុនជឿន និយាយខ្លីបែបនេះថា៖ «យើងខំអនុវត្តតាមការដឹកនាំរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ។ និយាយខ្លីប៉ុណ្ណឹង ខ្ញុំជាប់ប្រជុំ»។

អ្នកឃ្លាំមើលសង្គម លោកបណ្ឌិត សេង សារី និយាយថា ចំណាត់ការនេះអាចមើលឃើញពីរជ្រុងផ្សេងគ្នា ដែលថា ជ្រុងទី១ អាចជាចេតនាគ្រប់គ្រងការឆ្លងជំងឺកូវីដ តែជ្រុងទី២ អាចប្រាប់ពីឥទ្ធិពលទៅលើវិស័យកងទ័ព។

ប៉ុន្តែលោកថា ការប្រើប្រាស់កងកម្លាំងក្នុងផ្លូវត្រូវ រដ្ឋាភិបាលនឹងទទួលបានការគាំទ្រ តែថា បើការប្រើប្រាស់កងកម្លាំងសម្រាប់បិទបាំ​​ងកំហុសគេចចេញពីការទទួលខុសត្រូវដោះស្រាយបញ្ហាសង្គម វានឹងបន្សល់ទុកគំរូមិនល្អសម្រាប់ក្មេងជំនាន់ក្រោយ។

លោកថា៖ «យើងឃើញសូម្បីតែរឿងតវ៉ារបស់យុវជនពីរបីនាក់ជំរុញឱ្យរដ្ឋាភិបាលមើលថែព្រៃឈើ មើលថែសម្បត្តិធនធានធម្មជាតិហ្នឹង ក៏រដ្ឋាភិបាលហាក់ដូចប្រើកម្លាំងច្រើន [ទប់ស្កាត់] ណាស់ដែរ ហើយបើយើងមើលរូបភាពរួមបែបនេះ គឺបង្ហាញឱ្យឃើញពីភាពហិង្សាច្រើនណាស់ បាទ»។

បើតាមមន្ត្រី ការអនុវត្តវិធានសុខាភិបាលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ មិនទាន់មានអំពើហិង្សាណាមួយកើតឡើងដែលត្រូវសុំជំនួយពីក្រសួងមហាផ្ទៃនៅឡើយទេ។​ កងកម្លាំងចម្រុះជិត១ពាន់នាក់ ត្រូវបានដាក់ពង្រាយតាមគោលដៅ ៨មណ្ឌល ជាកន្លែងព្យាបាល អ្នកជំងឺកូវីដ-១៩ និងសម្រាប់ធ្វើចត្តាឡីស័ក ដែលរៀបចំដោយសាលារាជធានីភ្នំពេញ និងជាង១០០កន្លែងទៀតជារបស់ឯកជន សម្រាប់ធ្វើចត្តាឡីស័ក ​ដូ​​ចជានៅផ្ទះជួលជាដើម ដែលអ្នកធ្វើចត្តាឡីស័កដែលរដ្ឋធានារ៉ាប់រងអាហារជូនពួកគេ ៣ពេលក្នុង១ថ្ងៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ