រដ្ឋា​ភិបាល​ដាក់​​ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម​ខ្នាត​តូច​និង​មធ្យម​ក្នុង​បរិបទ​កូវីដ-១៩

ទីតាំងខាងមុខផ្សារអូរឫស្សី ថតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ (បញ្ញា ឆពណ្ណ)

រដ្ឋាភិបាល នៅថ្ងៃនេះ បាន​ដាក់ឱ្យដំណើរការគម្រោងធានារ៉ាប់រងការខ្ចីប្រាក់ ឬហៅថា «ធានាឥណទាន» ដែលមានទំហំទឹកប្រាក់២០០លា​នដុល្លារ​ ដើម្បីឱ្យ​​​អាជីវកម្ម​មីក្រូ ខ្នាតតូចនិងមធ្យម និងអាជីវកម្ម​ខ្នាត​ធំ មានលទ្ធភាពពង្រឹងអាជីវកម្មរបស់ខ្លួនក្នុង​អំឡុងវិបត្តិជំងឺកូវីដ-១៩ ។

សេចក្តីប្រកាសព័ត៌មា​ន​ ស្តីពី «ការដាក់ឱ្យដំណើរការគម្រោងធានាឥណទាន ដើម្បីស្តារអា​ជីវក​ម្មរបស់សាជីវកម្មធានាឥ​ណ​ទានកម្ពុជា ទំហំ២០០លានដុល្លារ» របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​ថ្ងៃទី២៩ ខែមីនា​នេះថា គម្រោង​​នេះមានគោលដៅគាំទ្រអាជីវ​ក​ម្ម ទាំងអាជីវកម្មខ្នាត​មីក្រូ ខ្នាតតូច មធ្យម និងអាជីវកម្មខ្នាតធំ មានលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរ​ញ្ញ​​​​វត្ថុចូលរួម (PFIs) សម្រាប់កៀរគរទុនបង្វិល វិនិយោគ​ និងការពង្រីកអាជីវកម្ម។

ក្រសួង​គូសបញ្ជាក់ថា សាជីវកម្មធានាឥណទាន​កម្ពុជានេះជាក្រុមហ៊ុនមុនដំបូងបង្អស់នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាល និង​​ជាសហគ្រាសសាធារណៈក្រោមអាណាព្យាបាលបច្ចេកទេសនិងហិរញ្ញវត្ថុរបស់ក្រសួង និងមានបេសកកម្មចម្បងគឺផ្តល់ការធានាឥណទានដល់ (PFIs) ដើម្បីគាំទ្រដល់អាជីវកម្មដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ នៅពេលស្នើសុំឥណទាន។

មួយវិញទៀត ក្រសួងថា កញ្ចប់ដំបូងនៃគម្រោងនេះនឹងចូលរួមបង្កើនទំហំឥណទានថ្មីនៅក្នុងវិស័យធនាគារចំនួន២០០លានដុល្លារ សម្រាប់អាជីវកម្ម ដែលស្នើសុំឥណទានពី PFIs របស់សាជីវកម្មធានាឥណទាននៅកម្ពុជា រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួននៅកម្ពុជា ដែលកំពុងរៀបចំខ្លួនដើម្បីក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម របស់សាជីវកម្មធានាឥណទានកម្ពុជា។

ក្រសួងក៏បានដកស្រង់សម្តីរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធា​នា​​ឥណទានកម្ពុជា លោ​​​​ក រស់ សីលវ៉ា មកចុះផ្សាយថា គម្រោងនេះនឹងចូលរួមគាំទ្រ​ដល់គោលនយោបាយ​​រក្សាកំណើន​សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន​របស់រាជរដ្ឋាភិបាល និងស្របតាមគោលនយោបាយ​អភិវឌ្ឍន៍វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥-២០២៥។ លោក​បាន​ស្នើ​ឱ្យ​ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គាំទ្រដល់​សាជីវកម្ម​ធានាឥណទានកម្ពុជានេះ តាមរយៈការចូលរួមជា PFIs និងពង្រីកអភិបាលកិច្ចឥណទាន។

អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ដែលស្ថិតនៅក្នុងក្រុមការងារបង្កើតគម្រោង​ធានាឥណទាននេះដែរ មានប្រសាសន៍ថា ការបង្កើតគម្រោងនេះឡើង ដោយសារតែកន្លងមក រដ្ឋាភិបាលនិងភាគីពាក់ព័ន្ធរកឃើញនូវបញ្ហាប្រឈមចម្បងមួយ​​របស់សហគ្រាសខ្នាតតូចនិងធម្យម (SME) នោះគឺពួកគេ​​ពិបាកក្នុងការទទួលបានឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងអត្រាការប្រាក់ទាប ក៏ដូចជាការទទួលបានឥណទា​នចំនួនតិច។

លោកបន្តថា គម្រោងនេះនឹងធ្វើឱ្យគ្រឹះស្ថានធនាគារ ក៏ដូចជាមីក្រូហិរញ្ញវត្ថុ ហ៊ានផ្តល់ប្រាក់កម្ចីទៅ (SME) ច្រើនជាងមុន ដោ​យ​សា​​រតែរាល់ហានិភ័យដែលបានកើតឡើង ធានាឥណទាននេះចេញសងទៅម្ចាស់បំណុលពី៧០ទៅ៨០ភាគរយ។

លោកថា៖ «នៅពេលដែលរដ្ឋាភិបាលចេញក្រេឌីតការ៉េនធីស្គ្រីនហ្នឹងមក វាធ្វើឱ្យហានិភ័យរបស់ធនាគារនិងមីក្រូហិរញ្ញវត្ថុធ្លាក់ចុះ អ៊ីចឹង Bank [ធនាគារ] និង អឹមអេហ្វអាយ (MFI) គាត់ហ៊ានផ្តល់កម្ចីទៅឱ្យ អឹមអេហ្វអាយ បានច្រើនជាងមុន បើកាលណា អឹមអេហ្វអាយ បានកម្ចីច្រើនជាងមុន មានន័យថា សន្ទុះពាណិជ្ជកម្មគាត់ គាត់នឹងមានការកើនឡើង ហើយវាជួយ​ដល់​កំណើនសេដ្ឋកិច្ច ក៏ដូ​ច​ជាកំណើនក្នុងស្រុកដែរ»។

ប្រធានសមាគមសហគ្រាសខ្នាតតូច និងមធ្យម លោក តែ តាំងប៉ មិនអាចសុំការអត្ថាធិប្បាយ​បានទេ។

ចំណែកប្រធានណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ និងជាអ្នកជំនាញផ្នែកកសិកម្ម លោក​បណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ការផ្តល់​ឱកាសក្នុងការផ្តល់ទុនបង្វិលដល់សហគ្រាសខ្នាតតូចនិងធម្យម ឱ្យបានឈរជើងឡើងវិញក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩នេះ ជាការប្រសើរ។

ប៉ុន្តែលោកថា រដ្ឋាភិបាលក៏ត្រូវសិក្សា​មើល​ផងដែរថា តើមុខជំនួញអ្វីខ្លះដែលត្រូវទទួលបានមុនគេ ជាពិសេសមុខជំនួញ​ដែលមានសក្តានុពល និងកំពុងរង​ផលប៉ះពាល់ និង​ត្រូវការទុនបន្ថែម ដើម្បីផលិតនិងពង្រីកការងារ។

លោកថា៖ «ការផ្តល់ទុនគ្រាន់តែ​ជាជ្រុងមួយ ប៉ុន្តែត្រូវមានវិធានការ​ផ្សេងៗ ឧទាហរណ៍ ការងារក្នុងកសិកម្មអញ្ចឹង ត្រូវ​មានការសហការគ្នាជាមួយសហគមន៍ សម្របសម្រួលធ្វើម៉េចកុំឱ្យម្នាក់ៗផលិតអ្វីមួយច្រើនពេក ធ្វើឱ្យ​ប៉ះពាល់ទីផ្សារ ទាក់ទងនឹងការធ្វើពាណិជ្ជកម្ម ទាក់ទងការដឹកជញ្ជូន ការស្តុក ការកែច្នៃពីតំបន់មួយទៅតំបន់មួយ»។

 បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច អាជីវកម្ម​ដែលមានម្ចាស់ភាគហ៊ុនសញ្ជាតិកម្ពុជា ដែលកាន់កាប់ភាគហ៊ុន​លើសពី ៥០% អាចទទួលបានការធានាឥណទាន​ពីសាជីវកម្ម​ធានាឥណទានកម្ពុជា តាមរយៈ PFIs នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ