និស្សិត​មួយ​ចំនួន​ស្នើ​រដ្ឋា​ភិបាល​អន្តរា​គមន៍​ឱ្យ​សាលា​បញ្ចុះ​ថ្លៃ​អំឡុង​វិបត្តិ​កូវីដ-១៩

បុរសពីរនាក់ជិះម៉ូតូពីមុខក្រសួងអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួនស្នើឱ្យរដ្ឋាភិបាល​ជួយអន្តរាគមន៍ឱ្យសាលាបញ្ចុះថ្លៃសិក្សាអំឡុងវិបត្តិកូវីដ-១៩ ព្រោះការ​បង់ថ្លៃពេញដដែល ខណៈការសិក្សារបស់ពួកគេត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញទាំងស្រុង។

និសិត្សរៀនជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា ម៉ៅ ច័ន្ទសីលា ស្នើសុំឱ្យរដ្ឋាភិបាល ជួយសម្រួលទៅសាកលវិទ្យាល័យឱ្យបញ្ចុះតម្លៃសិក្សា ដោយ​សារ​តែឪពុកម្ដាយលោកដែលជាអាជីវករលក់អីវ៉ាន់ចាប់ហួយមិនអាចចេញទៅលក់នៅក្រៅបាន ខណៈអ្នកទិញក៏មិនសូវមាន ជាហេតុធ្វើឱ្យប៉ះពាល់​ចំណូលខ្លួន។

លោកមានប្រសាសន៍ថា៖ «ក្រៅពីបង់លុយថ្លៃសាលា គឺចំណាយលុយបញ្ចូលកាតទូរសព្ទដើម្បីប្រើអ៊ីនធឺណិត សម្រាប់រៀនតាមអនឡាញ គឺមួយសប្ដាហ៍ពីរដុល្លារ។ សម្រាប់តម្លៃសិក្សា ៥០០ដុល្លារក្នុងមួយឆ្នាំ»។

និស្សិតជំនាញគីមីជីវៈ​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កញ្ញា សុគុន្ធ កញ្ញា ក៏ស្នើស្រដៀងគ្នានេះដែរ។​ កញ្ញាថា ប្រាក់ដែលខ្លួនបង់ថ្លៃសាលាគឺបានមកពីបងស្រី​ដែលធ្វើការរោងចក្រ ខណៈបច្ចុប្បន្ន​នេះ បងស្រីរបស់កញ្ញា​បានឈប់ធ្វើការដោយសារត្រូវមើលថែយាយឈឺបណ្ដោះអាសន្ន។

និស្សិតឆ្នាំទី៤រូបនេះ និយាយបន្តថា៖ «ខ្ញុំមិនសូវសប្បាយចិត្តទេ ព្រោះបង់សាលាពេញមួយឆ្នាំ ហើយមិនបានចូលទីពិសោធន៍ទៀត ព្រោះជំនាញខ្ញុំត្រូវការទីពិសោធន៍សំខាន់»។

និស្សិតឈ្មោះ សឿន លីដា រៀននៅសាកលវិទ្យាល័យកម្ពុជា បាននិយាយថា អំឡុងពេលកូវីដ-១៩នេះ កញ្ញាត្រូវបានក្រុមហ៊ុនកាត់បន្ថយប្រាក់ខែ៤០ភាគរយ ខណៈឪពុកម្ដាយដែលជាអាជីវករលក់ដូងក្រអូបនៅប៉ោយប៉ែត ត្រូវបានបាត់បង់ចំណូលទាំងស្រុង។​

កញ្ញាបន្តថា ក្នុងវគ្គចុងក្រោយនៃឆ្នាំទី៤នេះ កញ្ញាសិក្សាចំនួន៥មុខ ក្នុងរយៈពេល៤ខែ បង់ប្រាក់ចំនួន២២៥ដុល្លារ ដោយសារទទួលបានអាហារូបករណ៍៥០ភាគរយ ខណៈចំណាយលើការបញ្ចូលកាតទូរសព្ទមួយដុល្លារក្នុងមួយអាទិត្យ។

កញ្ញានិយាយថា៖ «ប៉ះពាល់ច្រើនដែរបង! ព្រោះអីអ្នកផ្ទះអត់មានចំណូលអញ្ចឹង បើពិបាកគឺពិបាករកលុយបង់មួយ Term [វគ្គ] ហ្នឹងហ្មង។ កន្លែងធ្វើដូចជាកាត់បន្ថយម៉ោងធ្វើការរបស់បុគ្គលិក ៥០ [ភាគរយ] បើយើងធ្លាប់ធ្វើ៦ថ្ងៃពេញ អញ្ចឹងគាត់ឱ្យធ្វើតែបីថ្ងៃទេ ហើយគាត់កាត់ប្រាក់ខែយើង៤០ភាគរយ»។

សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក តាក់ កៀន មានប្រសាសន៍ថា ជុំវិញករណីបញ្ចុះតម្លៃសិក្សាចំពោះនិស្សិតដែលប៉ះពាល់ជីវភាពក្នុងវិបត្តិកូវីដ-១៩នេះ ថ្នាក់ដឹកនាំសាលានៅមិនទាន់លើកយកមកពិភាក្សានោះទេ ព្រោះមិនទាន់មាននិស្សិត​ណាម្នាក់បានស្នើសុំពន្យារពេលឬបញ្ចុះថ្លៃសិក្សានៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «អត់ទាន់មានការស្នើណាមួយ [សូមអត់បង់ថ្លៃ ឬអត់លុយ] យើងអត់ទាន់មានទទួលករណីហ្នឹងទេ។ ប៉ុន្តែជាទូទៅ យើងអនុញ្ញាតឱ្យសិស្សខ្លះជំពាក់រហូតដល់ទៅ ២ [ឬ] ៣​ ឆមាសហ្នឹង​ វាមិនមែនរឿងកូវីដអីទេ​ ជាប្រពៃណីហើយ [ករណីសិស្សស្នើសុំ]។ សាលាយើងអនុគ្រោះជាហូរហែហ្នឹង ករណីដែលអត់ជាក់ស្ដែងមែនទែន»។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដ-១៩នេះ មិនត្រឹមតែនិស្សិតនោះទេដែលប៉ះពាល់ ខណៈសាលាក៏ប៉ះពាល់ដូចគ្នា។ 

លោកបន្ថែមថា ប្រសិនបើមាននិស្សិតរងផលប៉ះពាល់លើប្រាក់ចំណូលខ្លាំង ដោយមិនមានលទ្ធភាពបង់ថ្លៃសាលា ពួកគេម្នាក់ៗគួរតែស្នើសូមទៅសាលាដោយផ្ទាល់ ដើម្បីដោះស្រាយជុំវិញករណីនេះ។

លោកមានប្រសាសន៍ថា៖ «សិស្សខ្លះកូនអ្នកដែលគេមានធូរធារ តម្លៃបង់មួយឆ្នាំត្រឹមតែ ៤០០ [ឬ] ៥០០ [ឬ] ៣០០ រយ [ដុល្លារ] ខ្ញុំជឿជាក់ថា មិនប៉ះខ្លាំងពេកទេ! ហើយដូច្នេះ ប្រសិនបើមាននិស្សិតណាប៉ះខ្លាំង សាលាមួយៗក៏គេមានអនុគ្រោះដែរ ព្រោះជានិសិត្សរបស់គេ។ យើងធ្វើលិខិតឬសំណូមពរគេទៅ គេនឹងដោះស្រាយហើយ វាមិនមែនជាសាកលវិទ្យាល័យហ្នឹង [បង់]មួយឆ្នាំរាប់ម៉ឺនណា»។

លោកមានប្រសាសន៍ថា៖ «បន្ទុកគ្រូបង្រៀន បន្ទុកបុគ្គលិកនៅដដែល ព្រោះថា ព្រឹត្តិការណ៍មួយសារៗ យើងទៅកាត់ប្រាក់ខែបុគ្គលិកគ្រូម៉េចនឹងបាន។ ទឹកភ្លើង វាមិនសូវប៉ុន្មានទេ សំខាន់បំផុតធនាគារ ការប្រាក់ជួលទីតាំង ​បុគ្គលិកឈ្នួល បុគ្គលិកប្រាក់ខែ អាហ្នឹងធ្ងន់ហ្មង ឱ្យទៅកាត់របៀបម៉េច»។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា ក្រសួងអប់រំជំរុញលើកទឹកចិត្តឱ្យភាគីសាលានិងនិស្សិតពិភាក្សាគ្នាជុំវិញករណីនេះ និងត្រូវមានការយោគយល់ក្នុងកម្រិតខ្ពស់មួយ ព្រោះភាគីទាំងអស់សុទ្ធតែជាអ្នករងនូវផលប៉ះពាល់ដូចគ្នា។

 លោកមានប្រសាសន៍ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តអ្នកផ្តល់សេវាអប់រំ អ្នកទទួលសេវាអប់រំ និងភាគីពាក់ព័ន្ធ បន្តពិភាក្សាគ្នា ចរចាគ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់គ្នាកម្រិតខ្ពស់ និងសម្បទានគ្នាទៅវិញទៅមក ព្រោះទាំងអស់គ្នាសុទ្ធតែទទួលផលជះពីកូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា គោរពអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល»។

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ សមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវឱ្យរដ្ឋាភិបាលជួយបញ្ចុះថ្លៃទឹក ថ្លៃភ្លើង ប្រេងឥន្ធនៈ តម្លៃទំនិញនៅលើទីផ្សារ ពន្យារពេលការបង់ប្រាក់បំណុលធនាគារ និងឧបត្ថម្ភជាស្បៀងអាហារ ជាដើម។

កាលពីឆ្នាំមុន សមាគមគ្រឹះស្ថានឧត្តមសិក្សា បានអំពាវនាវដល់ម្ចាស់អចលនវត្ថុ ដែលបានជួលទីតាំងឱ្យគ្រឹះស្ថានសិក្សាអប់រំឯកជន ជួយសម្របសម្រួលបញ្ចុះតម្លៃឈ្នួលឬពន្យារពេលបង់ថ្លៃឈ្នួល ខណៈដែល​សាលាត្រូវបានបិទដោយសារវិបត្តិកូវីដ-១៩​ និងធ្វើឱ្យបណ្តាគ្រឹះស្ថានសិក្សាដែលជាសមាជិករបស់សមាគមមានការលំបាកក្នុងការចំណាយលើប្រាក់បៀវត្សរបស់បុគ្គលិក ថ្លៃឈ្នួលអាគារ និងការបង់ការប្រាក់និងប្រាក់ដើមដល់ធនាគារ ព្រមទាំងការចំណាយផ្សេងៗទៀតផងដែរ។

ក្រៅពីនេះ សមាគមគ្រឹះស្ថានឧត្តមសិក្សា ក៏បាន​ស្នើឱ្យធនាគារឯកជនទាំងអស់ បន្ធូរបន្ថយអត្រាការប្រាក់និងពន្យារការបង់ប្រាក់ដើម ដើម្បីឱ្យសាលាជាសមាជិក​របស់​ខ្លួនបាន​ធូរស្រាលការលំបាកបានមួយកម្រិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ