​ រដ្ឋា​ភិបាល​បង្កើត​ក្រុង​ថ្មី​មួយ​​ទៀត​នៅ​ខេត្ត​កំពត​ដោយ​ដាក់​ឈ្មោះ​ថា​ ក្រុងបូកគោ

ច្រកចូលឧទ្យានជាតិ​ព្រះមុនីវង្ស​«បូកគោ» ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ (ឌិត សុខ​ធី​)

រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងថ្មីមួយទៀតឈ្មោះ «ក្រុងបូកគោ» ស្ថិតក្នុងខេត្តកំពត ដើម្បីបង្កើតទីប្រជុំជនថ្មី និងទាក់ទេញភ្ញៀវទេសចរ។

ក្នុងអនុក្រឹត្យ​ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបង្កើត«ក្រុងបូកគោ»នៃខេត្តកំពត ដោយ​បានកាត់យក​ឃុំចំនួន៣ ពី​ស្រុកទឹក​ឈូ រួមមាន ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ឱ្យ​ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងបូកគោវិញ ហើយព្រំប្រទល់រដ្ឋបាលក្រុងបូកគោ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ អនុក្រឹត្យដដែលបន្តថា ទីតាំងរដ្ឋបាលក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក។

អនុក្រឹត្យបញ្ជាក់ទៀត​ថា ការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ត្រូវអនុលោមតាមច្បាប់ស្តីពីការ​គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ចំពោះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោ និងក្រុមប្រឹក្សាស្រុកទឹកឈូ ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត។

អភិបាលខេត្តកំពត លោក ជាវ តាយ ប្រាប់ វីអូឌី យ៉ាងខ្លី​ថា ការបង្កើតក្រុងបូកគោនេះ គឺដើម្បីបង្កើតទីប្រជុំជនថ្មីមួយទៀត និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យ​ទៅទស្សនាក្រុង​​បូកគោកាន់តែច្រើនឡើងថែមទៀត​។

លោកបញ្ជាក់ថា៖ «យើងបង្កើតជាក្រុង ដើម្បីបំបែកខ្លួនទៅជាទីប្រជុំជនមួយទៀត ដើម្បីទាក់ទេញភ្ញៀវទេសចរ ពីព្រោះតំបន់ហ្នឹងជាតំបន់ទេសចរណ៍»

អ្នកវិភាគបញ្ហាសង្គម លោក មាស នី មានប្រសាសន៍ថា ការដែលរដ្ឋាភិបាលបង្កើតឱ្យមានក្រុងបូកគោនេះ វាជារឿងល្អមួយសម្រាប់គ្រប់គ្រងតំបន់នោះមានប្រសិទ្ធភាព ខណៈរមណីយដ្ឋានបូកគោ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជននោះ។

លោកបន្ថែមថា៖ «សព្វថ្ងៃយើងមើលឃើញថា ការគ្រប់គ្រងនៅក្នុងតំបន់បូកគោ អត់មានតម្លាភាពទេ។ ក្រុងបូកគោទាំងមូល វាហាក់ដូចជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតែមួយ។អ៊ីចឹងបើយើងរៀបចំវាទៅជាទីក្រុង មានន័យថា រដ្ឋាភិបាលមានប្រព័ន្ធរដ្ឋបាលមួយដើម្បីគ្រប់គ្រងតំបន់នោះច្បាស់លាស់ មានរបៀបរៀបរយ និងគ្រប់​គ្រងមានប្រសិទ្ធភាពខ្ពស់»។

ការបង្កើតក្រុងថ្មីនេះ នឹងធ្វើឱ្យក្រុងនៅខេត្តកំពតកើនដល់២ ដែលក្នុងនោះរួមមាន «ក្រុងកំពត» និង «ក្រុ​ងបូកគោ» ដែលទើប​បង្កើត​ថ្មីនេះ ខណៈស្រុកក្នុងខេត្តនេះមានចំនួន៧ គឺស្រុកទឹកឈូ ស្រុកកំពង់ត្រាច ស្រុកឈូក ស្រុកបន្ទាយមាស ស្រុកអង្គរជ័យ ស្រុកដងទង់ និងស្រុកជុំគិរី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ